ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/01/2026 - 22:32

មហាសន្និបាតលើកទី ១៤៖ លើកកម្ពស់ផែន​មហាសាមគ្គីទូទាំងជនជាតិ បង្កជាកម្លាំងជំរុញអភិវឌ្ឍប្រទេសជាតិ 

បទអន្តរាគមន៍នៅមហាសន្និបាតលើកទី ១៤ បានបញ្ជាក់ថា ផែន​មហាសាមគ្គីទូទាំងជនជាតិគឺជាគ្រឹះស្ថាន និងជាកម្លាំងជំរុញដ៏សំខាន់ ដែលជួយពង្រឹងក្តីជំនឿទុកចិត្តក្នុងសង្គម កៀរគរកម្លាំងប្រជាជន ដើម្បីអនុវត្តជោគជ័យនូវទិសដៅអភិវឌ្ឍប្រទេសជាតិ។

សមមិត្ត ហាធីង៉ា សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជនមជ្ឈិម អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានធ្វើបទអន្តរាគមន៍អំពីបញ្ហា "ពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ - គ្រឹះស្ថាន និងជាកម្លាំងជំរុញដ៏សំខាន់ដើម្បីអនុវត្តជោគជ័យនូវទិសដៅអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី"។

ក្នុងសម័យប្រជុំពិភាក្សាលើសេចក្តីព្រាងឯកសារ នាព្រឹកថ្ងៃទី ២១ ខែមករា នៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ សមមិត្ត ហាធីង៉ា ក្នុងនាមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការមហាជនមជ្ឈិម បានធ្វើបទអន្តរាគមន៍ដែលមានប្រធាន​បទ៖ "ពង្រីកកម្លាំងនៃផែន​មហាសាមគ្គីទូទាំងជនជាតិ - គ្រឹះស្ថាន និងជាកម្លាំងជំរុញដ៏សំ​ខាន់​ដើម្បីអនុវត្តជោគជ័យនូវទិសដៅអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី"។

សមមិត្ត ហាធីង៉ា បានបញ្ជាក់ច្បាស់៖ ក្នុងដំណើរការដឹកនាំបដិវត្តន៍ បក្សយើងតែងបន្តវេន និងអនុវត្តប្រកបដោយភាពច្នៃប្រតិដ្ឋនូវឧត្តមគតិហូជីមិញ អំពីផែន​មហាសាមគ្គីទូទាំងជន​ជាតិ រក្សាខ្ជាប់នូវទស្សនៈ "ប្រជាជនជាឫសគល់" ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជន បង្កើនការឯកភាពគ្រប់ស្រទាប់វណ្ណៈ បណ្តាជនជាតិ សាសនា សហគមន៍ជនជាតិវៀតណាមនៅ​បរទេស តាមរយៈនោះ កសាងផែន​មហាសាមគ្គីទូទាំងជនជាតិឯកភាពទាំងឆន្ទៈនិងសកម្ម​ភាព។

ក្នុងអាណត្តិកាលកន្លង បក្ស និងរដ្ឋបានបន្តដាក់ចេញ និងអនុវត្តព្រមគ្នាៗនូវបណ្តាគោល​ការណ៍ គោលនយោបាយ បង្កជាគ្រឹះស្ថានដ៏រឹងមាំដើម្បីពង្រីកកម្លាំងនៃផែន​មហាសាមគ្គីទូទាំង​​ជនជាតិ។ តាមរយៈនោះ ការឯកភាពក្នុងសង្គមត្រូវបានពង្រីកជាបន្តបន្ទាប់ ក្តីជំនឿទុក​ចិត្តរបស់ប្រជាជនចំពោះបក្ស និងរដ្ឋកាន់តែបានពង្រឹង ស្មារតីសាមគ្គី ជួយជ្រោមជ្រែងគ្នា និងការទទួលខុសត្រូវចំពោះសហគមន៍បានផ្សព្វផ្សាយយ៉ាងខ្លាំងក្លា ពង្រីកកម្លាំងចម្រុះរបស់​ប្រជាជនក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាពិសេស ក្រោមការដឹកនាំរបស់បក្ស រណសិរ្សមាតុភូមិវៀតណាមបានផ្លាស់ថ្មីយ៉ាងខ្លាំងក្លានូវខ្លឹមសារ និងរបៀប​របបសកម្មភាព អនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ បណ្តាយុទ្ធនាការធំៗ សម្រេចបានលទ្ធផលវិជ្ជមាន និងមានឥទ្ធិពល​រីក​សាយភាយទូលំទូលាយ។

តាមរយៈបណ្តាចលនា និងយុទ្ធនាការទាំងនេះ បានបញ្ជាក់ពីកម្លាំងនៃផែន​មហាសាមគ្គីទូទាំង​ជនជាតិ និងតួនាទីស្នូលរបស់រណសិរ្សមាតុភូមិវៀតណាម។

រណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការជាសមាជិក កាន់តែពង្រីកនូវតួនាទីតំណាង ការ​ពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ សមស្របរបស់ប្រជាជន។

តាមរយៈសកម្មភាពឃ្លាំមើល ការរិះគន់សង្គម ការជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត និងការសន្ទនាដោយផ្ទាល់ រណសិរ្សមាតុភូមិវៀតណាមបានផ្តោតលើបញ្ហាចាំបាច់នានា បូកសរុប និងឆ្លុះបញ្ចាំងពីមតិយោបល់ និងសំណូមពររបស់ប្រជាជនបានទាន់ពេល រួមចំណែកដោះស្រាយបញ្ហាក្តៅ​ក្នុងជីវភាពសង្គម។

តាមរយៈបណ្តាញឃ្លាំមើលរបស់រណសិរ្សមាតុភូមិ ប្រជាជនបានចូលរួមយ៉ាងសកម្មនិងផ្តល់មតិកសាងបក្ស កសាងរដ្ឋអំណាច ឆ្លុះបញ្ចាំងពីភាពខ្វះចន្លោះក្នុងការគ្រប់គ្រង និងការអនុវត្តការងាររដ្ឋ ផ្តល់ព័ត៌មានជួយដល់ស្ថាប័នមានសមត្ថកិច្ចដោះស្រាយករណីជាច្រើន រួមចំណែកធ្វើឱ្យផ្លាស់ប្តូរជាវិជ្ជមានក្នុងកិច្ចការកសាងបក្ស និងប្រព័ន្ធនយោ​បាយ។

ការរៀបចំប្រព័ន្ធគ្រប់គ្រងរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការនយោបាយ-សង្គម ត្រូវ​បានរៀបចំឡើងវិញមានភាពសម្រិតសម្រាំង និងដំណើរការយ៉ាងរលូន បង្កើតជាគ្រឹះស្ថានរឹងមាំសម្រាប់ការចាត់តាំងជោគជ័យនូវមហា​សន្និបាតរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គ​ការនយោបាយ-សង្គមគ្រប់លំដាប់ថ្នាក់ ឈានទៅកាន់មហា​សន្និ​បាតទូទាំងប្រទេសសម្រាប់​អាណត្តិ ២០២៦-២០៣១។

នៅពេលប្រទេសយើងឈានចូលយុគសម័យថ្មី - យុគសម័យនៃចំណេះដឹង ការផ្លាស់ថ្មីច្នៃប្រតិដ្ឋ ផ្លាស់ប្តូរឌីជីថល សមាហរណកម្មអន្តរជាតិស៊ីជម្រៅ ជាមួយនឹងឱកាស និងបញ្ហាប្រឈមដែលលាយឡំគ្នា ការពង្រី​កកម្លាំងនៃផែន​មហាសាមគ្គីទូទាំងជនជាតិ បានក្លាយជាកត្តាមានអត្ថ​ន័យយុទ្ធសាស្ត្រ ជាកម្លាំងជំរុញដ៏សំខាន់ ដើម្បីប្រទេសជាតិជម្នះរាល់បញ្ហាប្រឈម ក្តាប់យកឱកាស និងអភិវឌ្ឍប្រកបដោយចីរភាព។

ប្រធានរដ្ឋសភា លោកត្រឹងថាញម៉ឹង ប្រគេនទេយ្យទានដល់គណៈសង្ឃ​ក្នុងទិវាបុណ្យមហាសាមគ្គីទូទាំងជនជាតិនៅទីក្រុងកឹងធើ។

ដើម្បីពង្រីកកម្លាំងនេះ រណសិរ្សមាតុភូមិវៀតណាមបានស្នើដល់បក្ស និងរដ្ឋមានជំហានលោតផ្លោះអំពីទស្សនៈ គោលការណ៍ យន្តការគោលនយោបាយ និងការចាត់តាំងអនុវត្ត ធ្វើឱ្យស្មារតីសាមគ្គីក្លាយជាសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព បង្កើនយន្តការអនុវត្តប្រជាធិប​តេយ្យ តម្លាភាព ធានាឱ្យប្រជាជនចូលរួមផ្តល់មតិ ឃ្លាំមើល និងរិះគន់សង្គមដោយខ្លឹមសារពិតប្រាកដ។ ស្នើរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ធ្វើការបកស្រាយឱ្យបានច្បាស់លាស់ ចំពោះសំណូមពររបស់ប្រជាជន។

នៅពេលនោះ មហាសាមគ្គីទូទាំងជនជាតិ នឹងក្លាយជាកម្លាំងជំរុញដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ មានជំហានរឹងមាំចំពោះមុខការប្រែប្រួលនៃសកលលោក។

ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៤ នាពេលខាងមុខ គណៈ​កម្មា​ធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការមហាជនមជ្ឈិម បានកំណត់ថា រណសិរ្សមាតុភូមិវៀតណាមត្រូវពង្រីកខ្ពស់បំផុតនូវតួនាទីសម្ព័ន្ធភាពនយោបាយ សម្ព័ន្ធភាពស្ម័គ្រចិត្តនៃបណ្តាអង្គការនយោបាយ អង្គការនយោបាយ-សង្គម អង្គការសង្គម និងបុគ្គលឆ្នើមគ្រប់ស្រទាប់វណ្ណៈ ជនជាតិ សាសនា និងជនជាតិវៀតណាមដែលរស់នៅបរទេស។

រណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការជាសមាជិក បន្តផ្លាស់ថ្មីយ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយខ្លឹមសារ របៀបរបប និងយន្តការសកម្មភាព ដោយយកបញ្ហាសុខុមាលភាពប្រជា​ជន ប្រជាធិបតេយ្យ និងសិទ្ធិប្រជាជនជាចំណុចស្នូល លើកកម្ពស់គុណភាពកម្មាភិបាលរណសិរ្ស បណ្តាអង្គការនយោបាយសង្គមមូលដ្ឋាន ដំណើរការប្រព័ន្ធអង្គការតាមទម្រង់ថ្មី និងយន្តការតាមទិស "កិច្ចការមួយ-ប្រព័ន្ធគ្រប់គ្រងមួយ-កំណត់ពេលមួយ-លទ្ធផលមួយ"។ លើកកម្ពស់គុណភាពនៃការឃ្លាំមើល និងការរិះគន់សង្គម។ ជារៀងរាល់ឆ្នាំ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចាំបាច់ត្រូវកំណត់ឱ្យបានជាក់លាក់ និងធ្វើជាអធិបតីក្នុងការអនុវត្តកម្មវិធីឃ្លាំមើល និងការរិះគន់សង្គមក្នុងវិសាលភាពទូទាំងប្រទេស ចំពោះបញ្ហាជាក់ស្តែង ពង្រាងច្បាប់ និងឯកសារបទដ្ឋានគតិយុត្តសំខាន់ៗ ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពប្រាកដនិយម។

រាល់ចលនា និងយុទ្ធនាការអាស្រ័យរណសិរ្សមាតុភូមិវៀតណាម និងអង្គការជាសមាជិកជាអធិបតី ចាំបាច់ត្រូវច្បាស់ទិសដៅ ការទទួលខុសត្រូវ និងកាលកំណត់ច្បាស់លាស់ អាចវាស់វែងលទ្ធផលបាន ផ្សារភ្ជាប់ជាមួយភារកិច្ចនយោបាយ និងសមស្របស្ថានភាពជាក់ស្តែង។ ផ្ដោតការអនុវត្តទម្រង់គំរូ និងជាក់ស្តែងដើម្បីបម្រើសហគមន៍។

ទន្ទឹមនឹងនេះ រណសិរ្សមាតុភូមិវៀតណាម ចាំបាច់ត្រូវពង្រីកកិច្ចការបរទេសប្រជាជន ដើម្បីផ្សព្វផ្សាយស្មារតីសាមគ្គី រូបភាពប្រទេសជាតិ និងមនុស្សវៀតណាម រួមចំណែកពង្រឹងបរិយា​កាស​សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សមមិត្ត ហាធីង៉ា បានធ្វើបទអន្តរាគមន៍លើប្រធានបទ "ពង្រីកកម្លាំងសាមគ្គីទូទាំងជនជាតិ - គ្រឹះស្ថាន និងជាកម្លាំងជំរុញដ៏សំខាន់ ដើម្បីអនុវត្តជោគជ័យនូវទិសដៅអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី"។

ជំរុញការពង្រីកប្រជាធិបតេយ្យ និងសិទ្ធិធ្វើម្ចាស់របស់ប្រជាជន បន្តស្នើរៀបចំស្ថាប័នក្លាយជាខ្សែបែបបទចាប់បង្ខំ ជាមួយទិសស្លោក "ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជា​ជនត្រួតពិនិត្យ ប្រជាជនឃ្លាំមើល និងប្រជាជនទទួលផល"។ អនុវត្តឱ្យបានល្អនូវតួនាទី និងការទទួលខុសត្រូវរបស់រណសិរ្សមាតុភូមិវៀតណាម ក្នុងការអនុវត្តយន្តការ៖ បក្សដឹកនាំ រដ្ឋគ្រប់គ្រង ប្រជាជនជាម្ចាស់។ បង្កើនយន្តការសន្ទនាផ្ទាល់ រៀងរាល់ឆ្នាំចាត់តាំងកម្មវិធី "ខែស្តាប់​មតិប្រជាជន" អនុវត្តបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ដើម្បីស្តាប់មតិបានទាន់ពេល ពង្រីក​ការភ្ជាប់ទំនាក់ទំនង ទទួល និងឆ្លើយតបមតិយោបល់របស់ប្រជាជន ២៤/៧ នៅលើបណ្តាញរណសិរ្សឌីជីថល ដើម្បីឱ្យរណសិរ្សមាតុភូមិវៀតណាម ក្លាយជាទីកន្លែងដែលប្រជាជនផ្ញើសេចក្តីទុកចិត្តយ៉ាងពិតប្រាកដ ជាកន្លែងដែលរាល់សម្លេងរបស់ប្រជាជន​បានស្តាប់ និងគោ​រព។

រណសិរ្សមាតុភូមិវៀតណាម ត្រូវតែជាខ្សែតភ្ជាប់រវាងបក្ស រដ្ឋ និងប្រជាជនយ៉ាងពិតប្រាកដ ជាកន្លែងដែលបំប្លែងគោលការណ៍ត្រឹមត្រូវ ឱ្យទៅជាសកម្មភាពត្រឹមត្រូវ និងមានលទ្ធផលត្រឹមត្រូវ។ បន្តដើរតួនាទីជាមជ្ឈមណ្ឌលដើម្បីពង្រីក បំផុសខ្លាំងក្លានូវសេចក្តីប្រាថ្នា ស្មារតីច្នៃប្រតិដ្ឋក្នុងស្រទាប់ប្រជាជនគ្រប់ជាន់ថ្នាក់ ប្រមូលផ្តុំ និងទាក់ទាញកម្លាំងនៃកម្មករ កសិករ យុវជន ស្ត្រី បញ្ញវន្ត សាសនិកជន និងជនរួមជាតិវៀតណាមនៅក្រៅប្រទេស ដើម្បីរួមកម្លាំងកាយចិត្ត និងប្រាជ្ញាសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

កាលនៅមានជីវិត លោកប្រធានហូជីមិញ បានបញ្ជាក់ពីសច្ចធម៌៖ "ក្នុងលោកនេះ គ្មានអ្វីមានតម្លៃជាងប្រជាជនឡើយ ហើយក៏គ្មានអ្វីខ្លាំងជាងកម្លាំងសាមគ្គីរបស់ប្រជាជនដែរ" និង "សាមគ្គី សាមគ្គី មហាសាមគ្គី ជោគជ័យ ជោគជ័យ មហាជោគជ័យ"។

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនីស្តវៀតណាម និងការចូលរួមយ៉ាងសកម្មរបស់ប្រ​ជា​​ជនទាំងមូល យើងមានគ្រឹះស្ថានរឹងមាំ ដើម្បីអនុវត្តសេចក្តីប្រាថ្នាកសាងប្រទេសវៀតណាមរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌ និងសុភមង្គល ក្លាយជាការពិតក្នុងយុគសម័យ​ឈានឡើងនៃប្រជាជាតិ ឆ្លើយតបទៅនឹងសេចក្តីទុកចិត្ត និងការរំពឹងទុករបស់ប្រជាជន - នេះ​ជាការបញ្ជាក់យ៉ាងច្បាស់របស់សមមិត្តហាធីង៉ា៕

ប្រភព÷ TTXVN/Vietnam+ - មេងលី

 

ចែករំលែកអត្ថបទ