មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/12/2025 - 08:07

គ្រប់​យ៉ាង​ដើម្បី​អនា​គត​កូនៗ 

ពេល​រំលឹក​ដល់​គ្រួ​សារ​អ្នក​មីង​ធីបឹង​នៅ​ភូមិ​៥ ឃុំ​សា​ភៀង ទី​ក្រុង​កឹង​ធើ មា​មីង​ខ្មែរ​អ្នក​ណា ក៏​ស្គាល់​និង​កោត​សរ​សើរ ពី​ព្រោះ​ជីវ​ភាព​គ្រួ​សារ​ខ្វះ​ខាត ប៉ុន្តែ​គាត់​ខិត​ខំ​ប្រឹង​ប្រែង​ចិញ្ចឹម​កូន ៥ នាក់​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម។

  អ្នក​មីង​ធី​បឹង គំរូ​ឆ្លង​កាត់​ការ​លំ​បាក​ចិញ្ចឹម​កូន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម។

សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ អ្នក​មីង​ធីបឹង ឱ្យ​ដឹង៖ គ្រួ​សារ​ខ្ញុំ​ប្រ​កប​របរ​កសិ​កម្ម​ប៉ុន្មាន​ជំ​នាន់​មក​ហើយ បាន​ត្រឹម​គ្រប់​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ។ អា​ស្រ័យ​ហេតុ​នេះ ពេល​មក​ដល់​ជំ​នាន់​កូន ប្តី​ប្រ​ពន្ធ​ខ្ញុំ​ប្តេជ្ញា​គិត​គូរ​ឱ្យ​កូន​រៀន​សូត្រ ដើម្បី​មាន​អនា​គត​ភ្លឺ​ស្វាង”។ ហេតុ​ដូច្នោះ​ហើយ ទើប​ប្តី​ប្រ​ពន្ធ​អ្នក​មីង​ស៊ូ​នឿយ​ហត់ ខិត​ខំ​បង្ក​លក្ខណៈ​ធ្វើ​យ៉ាង​ណា​ដើម្បី​កូនៗ​បាន​ទៅ​សា​លា​រៀន។ ខណៈ​ពេល​កូនៗ​រៀន​ឡើង​ថ្នាក់​ខ្ពស់ សេដ្ឋ​កិច្ច​គ្រួ​សារ​កាន់​តែ​លំ​បាក ប៉ុន្តែ​អ្នក​មីង​នៅ​តែ​ប្តេជ្ញា​ចិត្ត​គិត​គូរ​ឱ្យ​កូនៗ​ទាំង ៥ នាក់​បាន​រៀន​សូត្រ។

នេះ​ជា​កម្លាំង​ជំ​រុញ​ដើម្បី​ប្តី​ប្រ​ពន្ធ​អ្នក​មីង​ជម្នះ​ការ​លំ​បាក ពេល​ឃើញ​កូនៗ​ចេះ​ស្ដាប់​បង្គាប់​ រៀន​ពូកែ។ អ្នក​មីង​ធី​បឹង ឱ្យ​ដឹង៖ “ពេល​ប្រ​ឡង​ជាប់​មហា​វិទ្យា​ល័យ​កូនៗ​សួរ​ខ្ញុំ​ថា តើ​មាន​សមត្ថ​ភាព​ចិញ្ចឹម​បង​ប្អូន​កូន​រៀន​មហា​វិទ្យា​ល័យ​ទេ? ខ្ញុំ​បាន​ឆ្លើយ​ទៅ​វិញ៖ ជីវិត​ឪ​ពុក​ម្តាយ​នឿយ​ហត់ ប៉ុន្តែ​ទោះ​បី​ក្រ​លំ​បាក​នឿយ​ហត់​យ៉ាង​ណា​ក៏​ដោយ ទោះ​លក់​អស់​ដី​ក៏​ឪពុក​ម្តាយ​នៅ​តែ​ចង់​ឱ្យ​បង​ប្អូន​កូន​ទាំង ៥ នាក់ រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​ដែរ”។ ផ្តើម​ពី​នោះ ចន្លោះ​ពី ២ - ៣ ឆ្នាំ គឺ​មាន​កូន​ម្នាក់​ចូល​រៀន​មហា​វិទ្យា​ល័យ​ជា​បន្ត​បន្ទាប់។ ដើម្បី​មាន​ប្រាក់​គ្រប់​គ្រាន់​គិត​គូរ​ដល់​កូន គ្មាន​អ្វី​ក្រៅ​ពី​ធ្វើ​ស្រែ ចិញ្ចឹម​ជ្រូក មាន់ ទា និង​ដាំ​ដំ​ណាំ​រួម​ផ្សំ... ទោះ​ជា​ធ្វើ​ការ​ងារ​ច្រើន​ក៏​ដោយ ប៉ុន្តែ​នៅ​តែ​មិន​គ្រប់​ប្រាក់​គិត​គូរ​ការ​រៀន​សូត្រ​របស់​កូនៗ ម្ល៉ោះ​ហើយ​ត្រូវ​ទៅ​ខ្ចី​បុល​ពី​ខាង​ក្រៅ។ ដល់​ពេល​គ្មាន​សមត្ថ​ភាព​សង​បំ​ណុល ទើប​អ្នក​មីង​បង្ខំ​ចិត្ត​បញ្ចាំ​ដី​ស្រែ។ ទោះ​បី​នឿយ​ហត់ ថែម​ទាំង​បញ្ចាំ​អស់​ដី​ស្រែ​ក៏​ដោយ ប៉ុន្តែ​ប្តី​ប្រ​ពន្ធ​អ្នក​មីង​មិន​ដែល​ត្អូញ​ត្អែរ​មួយ​ម៉ាត់​សោះ​ឡើយ ផ្ទុយ​ទៅ​វិញ​តែង​លើក​ទឹក​ចិត្ត​ឱ្យ​កូនៗ​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ជា​និច្ច។ ដោយ​ឃើញ​ដូច្នេះ កូនៗ​របស់​អ្នក​មីង​គ្រប់​គ្នា​តែង​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ប្រ​ឡង​ជាប់​ចេញ​សា​លា។ កូន​ប្រុស​ទី​៤ ក្វាច់​ហ្វាង​មិញ រីក​រាយ​ឱ្យ​ដឹង៖ “ឪ​ពុក​ម្តាយ​តែង​ជា​គំរូ​សម្រាប់​យើង​ខ្ញុំ​ជា​និច្ច។ ខ្ញុំ​មាន​មោ​ទន​ភាព​ចំ​ពោះ​ឪ​ពុក​ម្តាយ​ដែល​លះ​បង់​សព្វ​បែប​យ៉ាង​គិត​គូរ​ឱ្យ​បង​ប្អូន​យើង ខ្ញុំ​រៀន​សូត្រ។ រឹត​តែ​កោត​សរ​សើរ​ជាង​ទៀត ដើម្បី​ប្តូរ​យក​អនា​គត​ភ្លឺ​ស្វាង​ឱ្យ​កូនៗ ឪពុក​ម្តាយ​ខ្ញុំ​គ្មាន​ការ​សោក​ស្តាយ​ពេល​ដែល​យក​ដី​ស្រែ​ទាំង​អស់​ទៅ​បញ្ចាំ”។

នៅ​ពេល​កូន​ទាំង​៥ នាក់​ប្រ​ឡង​បញ្ចប់​មហា​វិទ្យា​ល័យ អ្នក​មីង​ធី​បឹង​នៅ​សល់​តែ​ដី​ចម្ការ​២​កុង ដើម្បី​ដាំ​ឈើ​ហូប​ផ្លែ​ប៉ុណ្ណោះ ហើយ​ចិញ្ចឹម​ជ្រូក​និង​ចិញ្ចឹម​ត្រី​សម្រាប់​គិត​គូរ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ។ សព្វ​ថ្ងៃ ការ​លះ​បង់​ទាំង​នោះ​ក៏​បាន​តប​មក​វិញ ខណៈ​ពេល​កូនៗ​របស់​អ្នក​មីង​តែង​មាន​ការ​ងារ​ធ្វើ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ហើយ​បាន​សង់​ផ្ទះ​រឹង​មាំ​មួយ​ខ្នង​ជូន​ឪ​ពុក​ម្តាយ។ “សព្វ​ថ្ងៃ ឃើញ​កូនៗ​មាន​ការ​ងារ​ធ្វើ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព ធូរ​ធារ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ត្រេក​អរ​និង​មោទន​ភាព​ណាស់។ ក្តី​រំភើប​កាន់​តែ​ខ្លាំង​ខណៈ​ពេល​កូនៗ​មាន​គ្រួ​សារ​សុទ្ធ​តែ​ជា​បុគ្គ​លិក​រដ្ឋ និង​លុះ​ក្នុង​ដំ​បូន្មាន​ឪ​ពុក​ម្តាយ” - អ្នក​មីង​ធី​បឹង ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​ដូច្នេះ៕

                                  ថាញ​វ៉ាង - លី​សៀ

ចែករំលែកអត្ថបទ