សាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ស្ថិតនៅខណ្ឌអូរម៉ូង ទើបរៀបចំពិធីជួបជុំខួបអនុស្សាវរីយ៍ ៣០ ឆ្នាំ នៃការបង្កើតសាលា។ មានសិស្សជាច្រើនរបស់សាលា បានបន្តសិក្សានៅថ្នាក់ខ្ពស់ៗ និងក្លាយជាប្រភពធនធានមនុស្សគុណភាពខ្ពស់ជាជនជាតិភាគតិចសម្រាប់បម្រើការអភិវឌ្ឍរបស់ក្រុងកឹងធើនិងខេត្តក្រុងនានាក្នុងទូទាំងប្រទេស។

ថ្នាក់ដឹកនាំសាលា ជូនបាច់ផ្កាដល់កម្មាភិបាលគ្រប់គ្រងនិង
គ្រូបង្រៀនគ្រប់ជំនាន់របស់សាលា។
លោកគ្រូ កាវតឹងឡិន នាយកសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ឱ្យដឹង៖ “ដើមខែកញ្ញា ឆ្នាំ ១៩៩៤ សាលាចំណេះទូទៅជនជាតិអន្តេវាសិក ក្រុងកឹងធើ បានដាក់ឱ្យដំណើរការជាផ្លូវការ; កាលនោះ នៅមានការខ្វះខាតទាំងមូលដ្ឋានសម្ភារៈនិងគ្រូបង្រៀនមានថ្នាក់មួយចំនួនរៀនពឹងអាស្រ័យទីតាំងសាលាវិទ្យាល័យលឺវហ៊ឺវភឿក។ ដោយបានការយកចិត្តទុកដាក់វិនិយោគរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគនិងថ្នាក់គ្រប់គ្រងគ្រប់លំដាប់ថ្នាក់ មួយអន្លើដោយការខិតខំប្រឹងប្រែងជម្នះលំបាក បង្រៀនល្អ រៀនល្អរបស់គ្រូនិងសិស្ស ជាសន្សឹមៗសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ មានការអភិវឌ្ឍនិងសម្រេចបានស្នាដៃជាច្រើនគួរជាទីមោទនៈ។ ឆ្នាំ ២០១៦ សាលាបានទទួលស្គាល់សម្រេចបទដ្ឋានជាតិ; មានកិត្តិយសទទួលបានប័ណ្ណសរសើរ “សមូហភាពពលកម្មឆ្នើម” ឆ្នាំសិក្សា២០០៧- ២០០៨”។

សិស្សសាលាសម្តែងឈុតរបាំអបអរសាទរខួបអនុស្សាវរីយ៍ ៣០ ឆ្នាំនៃការបង្កើតសាលា។
ដើមឆ្នាំ ២០២២ គណៈកម្មាធិការប្រជាជន ក្រុងកឹងធើ បានផ្តល់សច្ចាប័នលើគម្រោងជួសជុល បង្កើនកម្រិតសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ដើម្បីធានាបានល្អនូវមូលដ្ឋានសម្ភារៈបម្រើការបង្រៀននិងរៀន ធានាកន្លែងហូបចុក ស្នាក់នៅរបស់សិស្សានុសិស្ស។ តាមរយៈនោះ សាលាបានវិនិយោគកសាងថ្មី មានដូច៖ មណ្ឌលការិយាល័យនិងអាហារដ្ឋានមួយខ្នងកម្ពស់ ៣ ជាន់ លើផ្ទៃដីទំហំ ៧៣៨ ម៉ែត្រការ៉េ ជួសជុលបន្ទប់រៀន បន្ទប់មុខងារ អាគារពហុមុខងារ មណ្ឌលអន្តេវាសិកដ្ឋាន។ល។ បន្ទាប់ពីកសាងថ្មីនិងជួសជុល (ពិនិត្យទទួលសំណង់នៅខែធ្នូ ឆ្នាំ ២០២៤) សាលាមានបន្ទប់រៀន ១៨ បន្ទប់ មានបន្ទប់មុខងារនិងបន្ទប់អនុវត្តពិសោធន៍ជាច្រើន សរុបថវិកាវិនិយោគជាង ២៤,៩ ពាន់លានដុង។ ឆ្នាំសិក្សា ២០២៤-២០២៥ សាលាមានសិស្សរៀន១៨ បន្ទប់ សរុប ៥០០ នាក់ និងមានកម្មាភិបាល គ្រូបង្រៀន ៥១ នាក់ ធានាគ្រូបង្រៀនគ្រប់វិញ្ញាសា។
លោកចូវណាំ នៅទីប្រជុំជនកើ-ដ ស្រុកកើ-ដ ឱ្យដឹង៖ “អាស្រ័យសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ទើបកូនៗខ្ញុំរៀនសូត្របានចប់ចុងចប់ដើម។ ពីព្រោះ ក្នុងរយៈពេលរៀនចំណេះទូទៅ កូនៗបានរៀននិងស្នាក់នៅក្នុងសាលា។ ខ្ញុំសង្ឃឹមថា សាលានឹងបន្តភារកិច្ចបណ្តុះបណ្តាលប្រភពធនធានមនុស្ស ដើម្បីអភិរក្សនិងពង្រីកភាសា អក្សរសាស្រ្ត វប្បធម៌ ប្រពៃណីរបស់ជនជាតិភាគតិច…”៕
ហាថាញ-មុនី