អ្នកជំងឺអាយុ៦៣ឆ្នាំម្នាក់ មកពីខេត្តវិញឡុង ត្រូវបានវេជ្ជបណ្ឌិតមន្ទីរពេទ្យពហុព្យាបាលហ្វាងមីគឺវឡុងជួយសង្រ្គោះបានទាន់ពេល ឆ្លងផុតគ្រោះថ្នាក់ដល់អាយុជីវិត ដែលបណ្ដាលមកពីរីកប៉ោងសរសៃឈាមខួរក្បាល។
វេជ្ជបណ្ឌិត បានថតរូបអនុស្សាវរីយ៍ជាមួយអ្នកជំងឺមុនពេលចុះពីពេទ្យ។
រូបថត៖ មន្ទីរពេទ្យផ្តល់ជូន
រោគសញ្ញាដំបូងដែលលោក L.V.B ជួបប្រទះមុនពេលចូលមន្ទីរពេទ្យគឺ ឈឺក្បាល វិលមុខនិងសម្ពាធឈាមកើនឡើង។ ខណៈពេលទទួលអ្នកជំងឺ ក្រុមគ្រូពេទ្យបានវាយតម្លៃ អ្នកជំងឺមានរោគសញ្ញានៃជំងឺរីកប៉ោងសរសៃឈាមខួរក្បាល ម្ល៉ោះហើយក៏បានធ្វើការសង្រ្គោះបន្ទាន់ (Code Stroke)។ ភ្លាមៗនោះ អ្នកជំងឺត្រូវបានចាត់ឱ្យស្កេន CT ខួរក្បាល។ លទ្ធផលបានបង្ហាញថា មានការហូរឈាមនៅចន្លោះ ក្រោមស្រោមខួរដោយសារធ្លាយសរសៃឈាមដែលមានទំហំ ៥ X ៥ មីលីម៉ែត្រ។
ក្រុមវេជ្ជបណ្ឌិតបានឯកភាព អនុវត្តវិធីសាស្រ្តបិទភ្ជាប់សរសៃឈាមដែលធ្លាយដោយឧបករណ៍ Coil ជំនួយដោយម៉ាស៊ីនថតសរសៃឈាមឌីជីថលដកឌីជីថល (DSA)។ ក្រុមគ្រូពេទ្យអន្តរាគមន៍ដោយការស៊កបំពង់មួយតូច (អង្កត់ផ្ទិតប្រហែល១,៨មីលីម៉ែត្រ) ពីសរសៃឈាមក្រហមក្នុងក្រលៀនឡើងទៅសរសៃឈាមខួរក្បាលដែលខូច។ គ្រូពេទ្យឯកទេសបានធ្វើការវះកាត់ត្រង់កន្លែងប៉ោងនៃសរសៃឈាមខួរក្បាល ហើយអនុវត្ត Embolization ដើម្បីធ្វើឱ្យបាត់ស្ទះការរីកប៉ោងសរសៃឈាមដោយឧបករណ៍ Coil ក្រោម ប្រព័ន្ធ DSA ។
រយៈពេលអន្តរាគមន៍ប្រមាណ១ម៉ោង។ ក្រោយពីធ្វើការវះកាត់បាន៥ថ្ងៃ ស្ថានភាពអ្នកជំងឺបានធូរស្រាលស្ទើរតែទាំងស្រុងនិងមានស្មារតីរឹងប៉ឹង។ អ្នកជំងឺត្រូវបានវេជ្ជបណ្ឌិតអនុញ្ញាតឱ្យចុះពីពេទ្យ និងកំណត់ពេលពិនិត្យតាមដានសុខភាពនៅពេលក្រោយ។
វេជ្ជបណ្ឌិតឯកទេសកម្រិត២ ង្វៀងហ៊ឺវថាយ ប្រធានផ្នែកជំងឺបេះដូង - អន្តរាគមន៍ផ្នែកសរសៃឈាម មន្ទីរពេទ្យពហុព្យាបាលហ្វាងមីគឺវឡុង ឱ្យដឹង ដាច់សរសៃឈាមខួរក្បាល គឺស្ថានភាពគ្រោះថ្នាក់ដែលអាចបន្សល់នូវសំណល់រោគសរសៃប្រសាទធ្ងន់ធ្ងរ និងអាចស្លាប់ប្រសិនបើមិនបានព្យាបាលទាន់ពេល។ ដាច់សរសៃឈាមខួរក្បាល រួមមានពីរប្រភេទ៖ ការហូរឈាមក្នុងខួរក្បាលនិងស្ទះសរសៃឈាមក្នុងខួរក្បាល។ បើប្រៀបនឹងជំងឺស្ទះសរសៃឈាមខួរក្បាល ជំងឺចេញឈាមក្នុងខួរក្បាលគឺមិនសូវកើតមានទេ ប៉ុន្តែមានអត្រាមរណភាពខ្ពស់ជាង។ អ្នកជំងឺដាច់សរសៃឈាមខួរក្បាលដោយសារហូរឈាមខាងក្រោមស្រោមខួរ គឺស្ថានភាពហូរឈាមទៅចន្លោះខួរក្បាលនិងភ្នាសដែលគ្របលើខួរក្បាល។ ការអន្តរាគមន៍ព្យាបាលធ្វើឱ្យបាត់ប៉ោងសរសៃឈាមខួរក្បាលដោយឧបករណ៍ Coil ត្រូវបានទទួលស្គាល់ថា ជាការរីកចម្រើនផ្នែកវេជ្ជសាស្រ្តជំនួសឱ្យការវះកាត់គៀបសរសៃឈាមដែលប៉ោងដូចពីមុន។ ជាមួយនឹងគុណសម្បត្តិលេចធ្លោជាច្រើនវិធីសាស្រ្តនេះ ជួយឱ្យស្ទះសរសៃឈាមខួរក្បាលបាត់យ៉ាងឆាប់ អ្នកជំងឺមិនសូវឈឺចាប់ រយៈពេលដេកពេទ្យព្យាបាលក៏ខ្លី ហានិភ័យក៏ទាប។
វេជ្ជបណ្ឌិត ង្វៀងហ៊ឺវថាយ ឱ្យដឹងបន្ថែម៖ ពេលវេលាចាប់ពីមានរោគសញ្ញានៃជំងឺដាច់សរសៃឈាមរហូតដល់ពេលចាប់ផ្ដើមព្យាបាល គឺមានសារៈសំខាន់ខ្លាំងណាស់។ នេះត្រូវបានចាត់ទុកជា “ពេលវេលាមាស” កំណត់សម្រេចការរស់រានរបស់អ្នកជំងឺ ក៏ដូចជាកាត់បន្ថយការប៉ះពាល់ខួរក្បាល។ ពេលវេលាមាសក្នុងជំងឺដាច់សរសៃឈាមខួរក្បាល គឺក្រោម៣ម៉ោង។ ដើម្បីគ្រប់គ្រងជំងឺដាច់សរសៃឈាមប្រកបដោយប្រសិទ្ធភាពនិងបង់ប្រាក់ព្យាបាលទាប រយៈពេលសង្គ្រោះបន្ទាន់និងព្យាបាលជំងឺដាច់សរសៃឈាមក្នុង “ពេលវេលាមាស” គឺជាកត្ដាកំណត់សម្រេចដំបូងបង្អស់។ ពេលអ្នកជំងឺមានរោគសញ្ញាណាមួយដែលសង្ស័យកើតជំងឺដាច់សរសៃឈាមខួរក្បាល គួរប្រញាប់ទៅកាន់មជ្ឈមណ្ឌលឯកទេស ជំងឺដាច់សរសៃឈាមខួរក្បាលដែលនៅជិតបំផុត ដើម្បីធ្វើរោគវិនិច្ឆ័យនិងព្យាបាលឆាប់បំផុត៕
ធូសឿង - ប្រែសម្រួល៖ ថាច់ធី