គណៈប្រតិភូនៃគណកម្មាធិការបក្ស-ក្រុមប្រឹក្សាប្រជាជន-គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងប្រសិទ្ធពរក្នុងឱកាសពិធីបុណ្យសែនដូនតាឆ្នាំ២០២៥ នៅវត្តអារាម សាលារៀន និងគ្រួសារអតីតកម្មាភិបាលខ្មែរ នៅតាមឃុំ សង្កាត់នានា។
គណៈប្រតិភូដឹកនាំដោយលោកដុងវ៉ាំងថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ បានអញ្ជើញទៅសួរសុខទុក្ខ ប្រគេនទេយ្យទានចំពោះព្រះចៅអធិការ និងគណៈកម្មការវត្តដើមពោធិ៍ វត្តពាមបួន នៅឃុំត្រឹងដេ និងវត្តទឹកប្រៃ នៅឃុំឡុងភូ។
នៅគ្រប់ទីកន្លែងដែលទៅដល់ លោកដុងវ៉ាំងថាញ រួមទាំងសមាជិកនៃគណៈប្រតិភូបានសាកសួរសុខទុក្ខយ៉ាងកក់ក្តៅនិងប្រសិទ្ធពរចំពោះព្រះសង្ឃ គណៈកម្មការវត្តដើមពោធិ៍ វត្តពាមបួន វត្តទឹកប្រៃ និងមាមីងពុទ្ធបរិស័ទទាំងអស់ ទទួលបុណ្យសែនដូនតាឆ្នាំ២០២៥ ប្រកបដោយភាពរីករាយ សុខដុមរមនា និងសុភមង្គល។
ជូនព័ត៌មានអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ទីក្រុងកឹងធើក្នុងពេលកន្លង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុងមានប្រសាសន៍ថា ទីក្រុងទទួលបានលទ្ធផលវិជ្ជមានជាច្រើនលើវិស័យនានា។ សមិទ្ធផលទាំងនោះមានការរួមចំណែកដ៏សំខាន់របស់ប្រជាជន និងជនរួមជាតិនៃបណ្ដាជនជាតិ ក្នុងនោះជនរួមជាតិខ្មែរជាផ្នែកមួយដែលផ្សារភ្ជាប់និងរួមដំណើរជាមួយការអភិវឌ្ឍរួម។

លោកដុងវ៉ាំងថាញ (ខាងស្ដាំ) អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ប្រសិទ្ធពរព្រះចៅអធិការវត្តដើមពោធិ៍។
លោកដុងវ៉ាំងថាញ បានសម្ដែងនូវបំណងក្នុងពេលខាងមុខ ព្រះចៅអធិការ និងគណៈកម្មការវត្តដើមពោធិ៍ វត្តពាមបួន វត្តទឹកប្រៃ បន្តពង្រីកស្មារតីសាមគ្គី បង្កើនតួនាទីកៀរគរពុទ្ធបរិស័ទចូលរួមយ៉ាងសកម្មក្នុងបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ កសាងជីវភាពវប្បធម៌ល្អប្រសើរ ខិតខំពលកម្មផលិត ដើម្បីបង្កើនប្រាក់ចំណូល រួមចំណែកជាមួយភូមិភាគអនុវត្តឱ្យបានជោគជ័យនូវបណ្ដាទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
គណៈប្រតិភូនិងថ្នាក់ដឹកនាំ ក៏បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់លោកម៉ាយខឿង អតីតសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ខខេត្ត អតីតប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង (ចាស់)។
គណៈប្រតិភូដឹកនាំដោយលោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរវត្តពោធិ៍វ័នវង្សា និងវត្តបូរីសិរីជុំ នៅឃុំសាភៀង វិទ្យាល័យជនជាតិអន្តេវាសិកហូវយ៉ាង នៅសង្កាត់ឡុងប៊ិញ និងវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរមួយចំនួននៅភូមិឋានឃុំតឹងហ្វា។
នៅកន្លែងដែលទៅដល់តំណាងគណៈប្រតិភូ លោកស្រី ហូធីកឹមដាវ បានសាកសួរសុខទុក្ខយ៉ាងកក់ក្ដៅនិងប្រសិទ្ធពរដល់ព្រះតេជគុណ ព្រះសង្ឃ ពុទ្ធបរិស័ទ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក្នុងឱកាសពិធីបុណ្យសែនដូនតាប្រកបដោយភាពកក់ក្ដៅនិងរីករាយ។ អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើបានឱ្យដឹងថា ក្នុងពេលខាងមុខ ទីក្រុងនឹងផ្តោតការយកចិត្តទុកដាក់អនុវត្តនូវភារកិច្ចសំខាន់ៗជាច្រើន ដើម្បីលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជនទីក្រុងនិយាយរួម និងជនរួមជាតិខ្មែរនិយាយដោយឡែកឱ្យមានការរីកចម្រើន សម្បូរសប្បាយនិងសុភមង្គល។ ដូច្នេះ សង្ឃឹមថាជនរួមជាតិខ្មែរក្នុងទីក្រុងបន្តរួមដំណើរជាមួយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់អនុវត្តឱ្យបានជោគជ័យនូវភារកិច្ចដែលបានប្រគល់ជូន។

លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ តំណាងឱ្យគណៈប្រតិភូប្រគេននិងជូនអំណោយដល់តំណាងវត្តបូរីសិរីជុំ នៅឃុំសាភៀង។
គណៈប្រតិភូដឹកនាំដោយលោក ត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានអញ្ជើញទៅសង្កាត់ភូឡើយ ដើម្បីសួរសុខទុក្ខ ជូនអំណោយ និងប្រសិទ្ធពរចំពោះព្រះសង្ឃនិងគណៈកម្មការវត្តពាមបួនថ្មី វត្តមហាទប់ គ្រូបង្រៀន សិស្សានុសិស្សវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង កម្មាភិបាល និងបុគ្គលិកក្រុមសិល្បៈខ្មែរ។ គណៈប្រតិភូក៏បានអញ្ជើញទៅសួរសុខទុក្ខកម្មាភិបាលចូលនិវត្តន៍មួយចំនួន រួមមាន៖ លោកង៉ោឃី អតីតអនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តសុកត្រាំង (ចាស់) លោកគឹមលឿន អតីតអនុប្រធានគណៈជនជាតិខេត្តសុកត្រាំង (ចាស់) គ្រួសារលោកសឺនសូរិយា អតីតអនុប្រធានមន្ទីរវប្បធម៌-ព័ត៌មានខេត្តហូវយ៉ាង និងលោកឡឹមវិញភឿង អតីតនាយករងកាសែតនិងស្ថានីយ៍វិទ្យុទូរទស្សន៍សុកត្រាំង(ចាស់)។
នៅកន្លែងដែលទៅដល់ លោកត្រឹងវ៉ាំងហ្វៀង បានផ្ញើបិយវាចាប្រសិទ្ធពរចំពោះព្រះសង្ឃ ពុទ្ធបរិស័ទ កម្មាភិបាលចូលនិវត្តន៍ គ្រូបង្រៀន សិស្សានុសិស្ស និងមាមីងជនរួមជាតិខ្មែរទាំងអស់ប្រកបតែសេចក្តីសុខ រីករាយ ភាពកក់ក្ដៅ សាមគ្គីនិងជោគជ័យ។ ជាមួយគ្នានេះ សង្ឃឹមថាព្រះសង្ឃ ពុទ្ធបរិស័ទ មាមីងជនរួមជាតិខ្មែរ ព្រះចៅអធិការ គណៈកម្មការវត្ត គណៈចាងហ្វាងសាលា និងកម្មាភិបាលចូលនិវត្តន៍ តែងតែថែរក្សានិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិ ខិតខំប្រឹងប្រែងពលកម្មផលិត ដើម្បីលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតី សកម្មចូលរួមបណ្ដាសកម្មភាពចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។

លោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ប្រគេនទេយ្យទានចំពោះព្រះចៅអធិការនិងគណៈកម្មការវត្តមហាទប់។
គណៈប្រតិភូដឹកនាំដោយលោកស្រី ផាមធីភឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយអតីតថ្នាក់ដឹកនាំក្រសួង គណៈ ផ្នែកមជ្ឈិមនិងភូមិភាគជាជនជាតិខ្មែរ នៅលើភូមិឋានសង្កាត់តឹងអាងនិងសង្កាត់និញកេវ។

លោកស្រី ផាមធីភឿង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការបក្សទីក្រុងកឹងធើ រួមជាមួយសមាជិកនៃគណៈប្រតិភូបានជូនអំណោយនិងប្រសិទ្ធពរបុណ្យសែនដូនតាដល់គ្រួសារលោក ស៊ើងភឿកហ្វាង។
គណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខគ្រួសារលោក ស៊ើងភឿកហ្វាង អតីតអនុរដ្ឋមន្ត្រី អតីតអនុប្រធានគណៈកម្មាធិការជនជាតិ លោកថាច់វ៉យ អតីតនាយកសាលាវប្បធម៌សិល្បៈខេត្តហូវយ៉ាង លោកស្រី ហ្វិញធីសុម៉ាលី អតីតអនុប្រធាននាយកដ្ឋានភូមិភាគ III - គណៈកម្មាធិការជនជាតិ លោកយ័ញង្វ៉ាង អតីតអនុប្រធាននាយកដ្ឋានអនុវត្តសាលក្រមរដ្ឋប្បវេណីកឹងធើ លោកផាមវ៉ាំងថើយ អតីតប្រធាននាយកដ្ឋានភូមិភាគ III - គណៈកម្មាធិការជនជាតិ លោកស្រី ស៊ើងធីសុភី អតីតនាយិកាមន្ទីរពេទ្យកុមារកឹងធើ និងលោកថាច់ភក្តិ អតីតអគ្គនិពន្ធនាយករងកាសែតកឹងធើ។
នៅកន្លែងដែលទៅដល់ លោកស្រី ផាមធីភឿង បានជម្រាបជូនព័ត៌មានដល់គ្រួសារអតីតថ្នាក់ដឹកនាំអំពីស្ថានភាពរបស់ទីក្រុងក្រោយពីការបង្រួបបង្រួមរយៈពេល៣ខែ និងការអនុវត្តរដ្ឋអំណាចមូលដ្ឋាន២ថ្នាក់។ ជាមួយគ្នានេះ ក៏បានជូនពរដល់គ្រួសារអតីតថ្នាក់ដឹកនាំទទួលពិធីបុណ្យសែនដូនតាប្រកបដោយភាពរីករាយ និងកក់ក្ដៅ។ លោកស្រី ផាមធីភឿង បានសម្ដែងនូវបំណងថា នឹងបន្តទទួលបានការយកចិត្តទុកដាក់រួមចំណែកការជ្រោមជ្រែងជួយពីអតីតថ្នាក់ដឹកនាំ ដើម្បីឱ្យភូមិភាគនិងទីក្រុងកឹងធើកាន់តែអភិវឌ្ឍ។
ក្រុមអ្នកសារព័ត៌មាន - បកប្រែ÷ សុផន