ជាមួយនឹងការយកចិត្តទុកដាក់របស់រដ្ឋអំណាច គណៈ ផ្នែក និងអង្គការមហាជននានា ប្រសិទ្ធភាពនៃការឃោសនា ផ្សព្វផ្សាយនិងការអប់រំច្បាប់ ជូនជនជាតិភាគតិច ក្នុងនោះមានជនរួមជាតិខ្មែរ មានការលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្ដើមពីនោះ មាមីងគោរពតាមគោលការណ៍ គោលមាគ៌ារបស់បក្សនិងច្បាប់របស់រដ្ឋ។ ករណីក្ដីក្ដាំ ប្ដឹងតវ៉ាមានការថយចុះ។

វត្តអំពូយារ ឃុំញូយ៉ា តែងផ្សព្វផ្សាយគោលនយោបាយច្បាប់ជូនពុទ្ធបរិស័ទ
ពេលមកវត្តរៀងរាល់ថ្ងៃសីល។
សង្កាត់អូរម៉ូង មានជនរួមជាតិខ្មែររស់នៅច្រើនកុះករ ភាគច្រើនប្រមូលផ្តុំនៅមណ្ឌល១២, មណ្ឌល ១៤, មណ្ឌល១៥ ។ល។ អាស្រ័យមានការឧបត្ថម្ភរបស់ភូមិភាគនិងការខិតខំប្រឹងប្រែងរបស់គ្រួសារនីមួយៗ ឃើញថាជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិខ្មែរបានកែលម្អឥតឈប់ឈរ។
គ្រួសារអ្នកមីងយ័ញធីមី ពីមុនជាគ្រួសារក្រីក្រ អាស្រ័យបានភូមិភាគយកចិត្តទុកដាក់ឧបត្ថម្ភ ទើបជីវភាពគ្រួសារគាត់បានកែលម្អគួរឱ្យកត់សម្គាល់។ អ្នកមីងមី ចែករំលែក៖ “កាលពី៤ ឆ្នាំមុន គ្រួសារខ្ញុំបានភូមិភាគធានាឱ្យបុលទុនពីធនាគារគោលនយោបាយសង្គម២០លានដុង។ ខ្ញុំបានវិនិយោគចិញ្ចឹមជ្រូកមេបន្តពូជនិងជ្រូកសាច់ ខ្ញុំលក់ជ្រូកមួយលើកៗ ចំណេញប្រមាណ៣០លានដុង”។
ដោយចរិតឧស្សាហ៍និងស៊ូទ្រាំលំបាកក្នុងការងារ គ្រួសារអ្នកមីងមិនត្រឹមតែសងស្រឡះបំណុលធនាគារប៉ុណ្ណោះទេ ថែមទាំងសាងសង់បានផ្ទះរឹងមាំ ហើយកូនពីរនាក់របស់គាត់បានរៀនសូត្រចប់ចុងចប់ដើមទៀតផង។ល។ សេដ្ឋកិច្ចគ្រួសារបានលំនឹងគ្រាន់បើ ប្ដីប្រពន្ធអ្នកមីងខ្នះខ្នែងចូលរួមរាល់សកម្មភាពដែលភូមិភាគបំផុស ពិសេសគឺចលនាទូទាំងប្រជាជនការពារសន្ដិសុខមាតុភូមិ”។
អ្នកមីងយ័ញធីមី រ៉ាយរ៉ាប់៖ “ពីមុនខ្ញុំគិតថា ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ គឺភារកិច្ចរបស់រដ្ឋអំណាចនិងផ្នែកសមត្ថកិច្ច។ បន្ទាប់ពីបានស្តាប់ការផ្សព្វផ្សាយ ទើបខ្ញុំយល់ថា នេះមិនមែនជាភារៈកិច្ចរបស់បុគ្គលណាម្នាក់នោះទេ វាជាភារៈកិច្ចរបស់ប្រជាជនទូទៅ។ ដូច្នេះ ពេលដែលខ្ញុំឃើញមានរឿង “ទាស់ភ្នែក ទាស់ត្រចៀក” កើតឡើងក្នុងតំបន់ គឺខ្ញុំទូរស័ព្ទរាយការណ៍ ដើម្បីកម្លាំងសមត្ថកិច្ចចាត់វិធានការទប់ស្កាត់និងវិនិច្ឆ័យទាន់ពេល”។
ប្រហាក់ប្រហែលគ្នានោះដែរ ជាមួយតួនាទីជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ ក្រៅពីគំរូក្នុងការអនុវត្តចលនានិងសកម្មភាពនៅភូមិភាគ លោកដាវភុក រស់នៅភូមិឌិញហ្វា B ឃុំទ្រឿងថាញ់ បានខ្នះខ្នែងផ្សព្វផ្សាយចលនាប្រជាជនក្នុងភូមិឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។ គាត់នៅទាំងស្វែងរកស្រាវជ្រាវសៀវភៅ កាសែត ដើម្បីបង្កើនចំណេះដឹងផ្នែកច្បាប់ និងអនុវត្តក្នុងការងារសម្របសម្រួលនៅមូលដ្ឋាន។
លោកដាវភុក មានប្រសាសន៍៖ “ក្នុងការរស់នៅ ការឈ្លោះទាស់ទែងរវាងគ្រួសារនិងគ្រួសារ គឺមិនអាចជៀសបាន។ កាលបើដឹងរឿង ខ្ញុំតែងរំលឹកណែនាំនិងផ្សព្វផ្សាយបទប្បញ្ញត្តិច្បាប់ ជួយឱ្យមាមីងយល់ដឹង មិនទុកឱ្យករណីវិវាទអូសបន្លាយ ប៉ះពាល់ដល់ស្ថានភាពសណ្តាប់ធ្នាប់ភូមិភាគ”។
ញូយ៉ាជាឃុំមានជនជាតិភាគតិចរស់នៅកុះករ រយៈពេលកន្លង ឃុំបានខ្នះខ្នែងផ្សព្វផ្សាយច្បាប់ដល់ជនជាតិភាគតិច ជាពិសេសនៅតាមវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ ព្រះឧបជ្ឈាយ៍ ឡឹមសឿង ព្រះចៅអធិការវត្តអំពូយារ ឃុំញូយ៉ា មានថេរដីកា៖ “ដើម្បីប្រជាជនទទួលបានព័ត៌មានខាងច្បាប់បានឆាប់រហ័ស និងងាយស្រួល វត្តបានផ្សាយដោយផ្ទាល់តាមរយៈឧគ្ឃោសនស័ព្ទ មានខ្លឹមសារខ្លីៗ ជិតស្និទ្ធនឹងជីវភាព។ រៀងរាល់ខែម្ដង វត្តខិតខំរៀបចំឃោសនាច្បាប់ជូនពុទ្ធបរិស័ទខណៈពេលមកវត្តធ្វើបុណ្យទាន។ អាស្រ័យរក្សាបានការឃោសនាផ្សព្វផ្សាយ បានជាស្ថានភាពវិវាទទាស់ទែងក្នុងសហគមន៍ជនជាតិភាគតិចមានការថយចុះគួរឱ្យកត់សម្គាល់ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់បានធានា”។
យោងតាមមន្ទីរជនជាតិនិងសាសនាទីក្រុង នឹងបន្តប្រើប្រាស់ទម្រង់ផ្សព្វផ្សាយសមស្របនឹងតម្រូវការ លក្ខណៈទំនៀមទម្លាប់និងវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច។ លើកកម្ពស់គុណភាពកងជួរអ្នកផ្សព្វផ្សាយ និងសហការីដើម្បីផ្សព្វផ្សាយចំណេះដឹងឱ្យកាន់តែទូលំទូលាយ ជួយជនជាតិភាគតិចយល់ច្បាស់ពីច្បាប់ រួមជាមួយនឹងរដ្ឋអំណាចភូមិភាគកសាងសង្គមមួយប្រកបដោយសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយ៕
ចឹងហឹងនិងគឹមង៉ុក- ប្រែសម្រួល៖ ថាច់ធី