ខេត្តសុកត្រាំង អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនរួមជាតិភាគតិច (ហៅកាត់ថា កម្មវិធី)។ ពិសេស គឺគម្រោងដោះស្រាយស្ថានភាពខ្វះដីសង់ផ្ទះ លំនៅឋាន ដីបង្កបង្កើនផល ទឹកស្អាតប្រើប្រាស់ បានជួយឱ្យជនរួមជាតិខ្មែរលំនឹងជីវភាព។
ឧបត្ថម្ភឧបករណ៍សម្រាប់ផ្លាស់ប្ដូរមុខរបរដល់គ្រួសារខ្មែរក្រីក្រនៅស្រុកចូវថាញ់។
យោងតាមគណៈជនជាតិខេត្តសុកត្រាំង កម្មវិធីបានឧបត្ថម្ភដីសង់ផ្ទះជូន២៤៨គ្រួសារ សាងសង់ផ្ទះជូន១.៩១៨ គ្រួសារ ផ្លាស់ប្ដូរមុខរបរជាង៤.៧០០គ្រួសារ ទឹកស្អាតប្រើប្រាស់រាយប៉ាយជូន៩៤២គ្រួសារ; កសាងសំណង់ផ្គត់ផ្គង់ទឹកប្រមូលផ្ដុំ៤សំណង់និងផ្សព្វផ្សាយទម្រង់ឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ពិពិធកម្មមុខរបររកស៊ីចិញ្ចឹមជីវិតសហគមន៍ចំនួន ៦៧។ អាស្រ័យហេតុនោះ ជនរួមជាតិខ្មែរមានលំនៅឋានលំនឹងទទួលបានប្រភពទុន មានលក្ខណសម្បត្តិអភិវឌ្ឍផលិតកម្ម មានការងារធ្វើ រកបានប្រាក់ចំណូលលំនឹង ម្ល៉ោះហើយជីវភាពកាន់តែល្អប្រសើរ។
ប្រគល់ជូនផ្ទះដល់គ្រួសារខ្មែរក្រីក្រនៅលើភូមិសាស្រ្តខេត្តសុកត្រាំង។
អនុវត្តគម្រោងដោះស្រាយស្ថានភាពខ្វះដីសង់ផ្ទះ លំនៅឋាន ដីបង្កបង្កើនផល ទឹកស្អាតប្រើប្រាស់ ឃុំអាងហ៊ីប ស្រុកចូវថាញ់ បានឧបត្ថម្ភសង់ផ្ទះដល់គ្រួសារដែលមានស្ថានភាពលំបាក៣៣គ្រួសារ សរុបទឹកប្រាក់ជាង១,៤ពាន់លានដុង។ មកទល់បច្ចុប្បន្ន ឃុំបានឧបត្ថម្ភធ្វើឱ្យប្រសើរឡើងនិងកំពុងឧបត្ថម្ភផ្លាស់ប្ដូរមុខរបរ ឧបត្ថម្ភពាងតម្កល់ទឹកប្រើប្រាស់ដល់គ្រួសារខ្មែរដែលជីវភាពលំបាកចំនួន២៥គ្រួសារ។ គម្រោងបានបង្កកម្លាំងចលករជូនមាមីងខ្មែរអភិវឌ្ឍសេដ្ឋកិច្ចដើម្បីចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។ បងស្រីសើុងធីកឿន នៅភូមិយ៉ុងចួរ A ឃុំអាងហ៊ីប ឱ្យដឹង៖ “រដ្ឋបានសាងសង់ផ្ទះឥដ្ឋឱ្យយ៉ាងសមរម្យដូច្នេះ ខ្ញុំត្រេកអរណាស់!។ ចាប់តាំងពីនេះទៅ ខ្ញុំលែងបារម្ភខ្លាចភ្លៀងស្រក់ដូចពីមុនទៀត ហើយនឹងនរចិត្តប្រកបការងាររកស៊ីដើម្បីជីវភាពបានល្អប្រសើរ”។ ចំណែកបងស្រីសើុងធីភៀង នៅឃុំទ្វឹងហ្វា ឱ្យដឹង៖ “បានរដ្ឋឧបត្ថម្ភទិញម៉ាស៊ីនគាបទឹកអំពៅនិងឱ្យបុលទុនអាទិភាព ទើបខ្ញុំមានលក្ខណសម្បត្តិពង្រីកសេដ្ឋកិច្ច លែងដើរធ្វើការស៊ីឈ្នួលដូចមុនទៀត។ រៀងរាល់ថ្ងៃ ខ្ញុំនៅផ្ទះលក់ទឹកអំពៅដើម្បីគិតគូរឱ្យកូនទៅរៀនសូត្រ ចំណែកប្ដីខ្ញុំទៅធ្វើជាងសំណង់ រកបានប្រាក់ចំណូលលំនឹង។ អាស្រ័យរដ្ឋមានគោលនយោបាយសមស្របគិតគូរដល់គ្រួសារខ្មែរក្រីក្រ ទើបខ្ញុំមានលក្ខណសម្បត្តិពង្រីកសេដ្ឋកិច្ច។ ហេតុនេះ ខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើការរកស៊ី ចាយវាយប្រិតសំចៃនិងសន្សែសន្សំដើម្បីឈានឡើងក្នុងជីវភាព”។
តាមប្រសាសន៍លោក ឡឹមហ្វាងម៉ូវ អនុប្រធានគណៈជនជាតិខេត្តសុកត្រាំង កម្មវិធីបានពង្រីកប្រសិទ្ធភាពនិងផ្ដល់ក្ដីរីករាយយ៉ាងពិតប្រាកដ ពីព្រោះបានជួយគ្រួសារមាមីងខ្មែរក្រីក្រមានផ្ទះសម្បែងសមរម្យ មានជីវភាពលំនឹង។ បច្ចុប្បន្ន ខេត្តកំពុងផ្ដុំកម្លាំងចង្អុលការដល់ភូមិភាគនានា ជំរុញល្បឿនរំសាយប្រភពទុនវិនិយោគនៃកម្មវិធីឱ្យសម្រេចតាមផែនការបានដាក់ចេញ។ ជាពិសេស ត្រូវអាទិភាពដល់គម្រោងដោះស្រាយស្ថានភាពខ្វះដីសង់ផ្ទះ ដីបង្កបង្កើនផល លំនៅឋាន ទឹកស្អាតប្រើប្រាស់ជូនជនរួមជាតិខ្មែរលើភូមិសាស្រ្តខេត្ត៕
យ្វីអាញ - ថាច់ធី