យ៉ុងរៀងជាស្រុកមួយក្នុងចំណោមស្រុកចំនួនពីរ ដែលមានជនរួមជាតិខ្មែររស់នៅច្រើនជាងគេនៅខេត្តគៀងយ៉ាង។ បើប្រៀងនឹងឆ្នាំ២០១៩ ចំនួនភូមិលំបាកខ្លាំងរបស់ស្រុកបានថយចុះពី៧ភូមិ នៅតែ១ភូមិប៉ុណ្ណោះ។ នេះជាសមិទ្ធផលដែលភូមិភាគអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយអនុគ្រោះពិសេសដោយឡែក និងការផ្គួបបញ្ចូលនូវកម្មវិធី គម្រោងផ្សេងៗ ម្ល៉ោះហើយ ជីវភាពរបស់ជនរួមជាតិខ្មែរកាន់តែផ្លាស់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តំបន់ជនជាតិភាគតិចនៅស្រុកយ៉ុងរៀង មានភាពផ្លាស់ថ្មីជាមូលដ្ឋានគ្រឹះ ដើម្បីប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច។
ទូទាំងស្រុកយ៉ុងរៀង មានជនរួមជាតិភាគតិច១៩,១២% ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រា១៧,៧៤%។ ស្រុកនៅតែភូមិយ៉ុងដា ឃុំបាងថាច់ ដែលជាភូមិលំបាកខ្លាំងនិងឃុំចំនួន៨ ចំណុះតំបន់ជនជាតិភាគតិចតាមសេចក្តីសម្រេចលេខ ៨៦១/QĐ-TTg ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៤ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល (កាត់បន្ថយបាន០៦ភូមិនិង១២ឃុំ ចំណុះតំបន់សេដ្ឋកិច្ចលំបាក បើប្រៀបនឹងឆ្នាំ២០១៩)។ ទូទាំងស្រុកមានវត្តពុទ្ធសាសនាខ្មែរ១៤វត្ត។
តាមប្រសាសន៍លោកស្រី ត្រេវធីហ្វៀងត្រឹង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកយ៉ុងរៀង បន្ទាប់ពីកម្មវិធីគម្រោងបានផ្សព្វផ្សាយ អនុវត្តទូលំទូលាយសមស្របនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រជាជន ឃើញថាជីវភាពសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិភាគតិចអភិវឌ្ឍដោយឥតឈប់ឈរ។ ដើរទន្ទឹមនឹងភាពផ្លាស់ថ្មីនេះ គឺមុខមាត់តំបន់ជនបទត្រូវបានផ្លាស់ថ្មីជាបណ្តើរៗ ហេដ្ឋារចនាសម្ព័ន្ធជាសារវន្តមានភាពសុក្រឹត ការងារពង្រឹង ធ្វើឱ្យរឹងមាំប្រព័ន្ធនយោបាយត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ម្ល៉ោះហើយសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមត្រូវបានធានា ប្រជាជនស្ងប់អារម្មណ៍ប្រកបការងាររកស៊ី។
យ៉ុងរៀង ក៏បានអនុវត្តមានប្រសិទ្ធភាពនូវគម្រោងរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ; បង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម ត្រួតពិនិត្យនិងរៀបចំឡើងវិញតំបន់ផលិត កសាងទម្រង់វាលស្រែធំ ទម្រង់បង្កបង្កើនផល ណែនាំវិធីសាស្រ្តវប្បកម្មជឿនលឿន អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការផលិត ជំរុញយន្តូបនីយកម្មក្នុងការផលិតកសិកម្មតាមទិសដៅឧស្សាហូបនីយកម្ម ភាវូបនីយកម្មទំនើប តភ្ជាប់ការម៉ៅទិញ ផលិតផល។ល។ ទន្ទឹមនឹងកសិកម្ម វិស័យឧស្សាហកម្ម-សិប្បឧស្សាហកម្មខ្នាតតូច ក៏បានយកចិត្តទុកដាក់អភិវឌ្ឍផងដែរ មូលដ្ឋានកែច្នៃ សេវាកម្មក៏បានហៅរកការវិនិយោគនៅតំបន់ជនបទ និងតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ ដើម្បីបង្កើតការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូលជូនប្រជាជន។ បច្ចុប្បន្ន នៅលើភូមិសាស្រ្តស្រុក មានមូលដ្ឋានផលិត និងគ្រួសារធ្វើអាជីវកម្មចំនួន៤.២៦៩ ដោយមានដើមទុនចុះបញ្ជីជាង ៤១២ពាន់លានដុង។ បច្ចុប្បន្ន ស្រុកមានសហករណ៍ចំនួន៨៩ ដោយមានសមាជិក៩.៤៨០ នាក់ (ក្នុងនោះ មានគ្រួសារជនរួមជាតិភាគតិច ចូលរួម២.៤២១គ្រួសារ)។ លោកស្រីត្រឹងធីម៉ុងតឿង ប្រធានសមាគមសហព័ន្ធនារីស្រុកយ៉ុងរៀង ឱ្យដឹង៖ “សមាជិកសមាគមនារីជនជាតិភាគតិច នៅតាមសាខាសមាគមតែងចូលរួមទម្រង់យ៉ាងសកម្ម ដើម្បីលើកកម្ពស់គុណភាពការរស់នៅ រួមចំណែកកសាងជនបទថ្មី។ តួយ៉ាងដូចសមាជិកសមាគមនារីចូលរួមសហករណ៍បិតចង្កឹះឫស្សីបាងថាច់ និងសមាជិកនារីចូលរួមធ្វើ និងលក់នំប្រពៃណីរបស់ជនរួមជាតិខ្មែរ។ល។ បាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចលំនឹង”៕
ហាថាញ-វិមាន