រយៈពេលជាង ២៨ ឆ្នាំ បំពេញការងារនៅការិយាល័យកម្មវិធីភាសាជនជាតិនៃស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តសុកត្រាំង រូបភាពអ្នកកាសែត សើុងគឹមមីអាញ់ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗ ជាច្រើនដល់ទស្សនិកជន ឆ្លងតាមរយៈកម្មវិធីព័ត៌មានកម្សាន្តផ្សេងៗ។
អ្នកកាសែត សើុងគឹមមីអាញ់។
ឆ្នាំ ១៩៩៦ ពេលជាប់ជម្រើសចូលធ្វើការនៅស្ថានីយវិទ្យុនិងទូរទស្សន៍ខេត្តសុកត្រាំង អ្នកកាសែតសើុងធីមីអាញ់ ត្រូវបានប្រគល់ការងារជាពិធីការិនីកម្មវិធីផ្សាយសំឡេងជាភាសាខ្មែរ។ ដ្បិតអីពីមុននេះ បងស្រីធ្លាប់ជាអ្នកបញ្ចូលសំឡេងភាពយន្តឱ្យក្រុមហ៊ុនភាពយន្តចំណុះមន្ទីរវប្បធម៌ខេត្តសុកត្រាំង។ មិនត្រឹមតែជាពិធីការិនីប៉ុណ្ណោះទេ បងស្រីមីអាញ់ នៅទាំងជាអ្នកបកប្រែពីភាសាវៀតទៅភាសាខ្មែរ កាត់តភាពយន្ត បញ្ចូលសំឡេងភាពយន្ត និងដំឡើងកម្មវិធីសិល្បៈកម្សាន្តទៀតផង។ បងស្រីមីអាញ់ ឱ្យដឹង៖ “ដើម្បីមានសំឡេងល្អ ឬអានព័ត៌មានបានល្អ នាងខ្ញុំបានប្រឹងប្រែងហាត់ពត់ លត់ដំខ្លាំងណាស់ ពិសេសពេលបង្ហាញខ្លួននៅមុខកាមេរ៉ា យើងត្រូវការពេលយូរទើបសុាំ។ ពីមុន អត្ថបទព័ត៌មានសុទ្ធសឹងសរសេរដោយដៃ ហេតុនោះហើយ ដើម្បីធានាភាពត្រឹមត្រូវ ខ្ញុំបានពិនិត្យនិងអានទៅវិញទៅមកច្រើនសា។ ទោះបីមានការលំបាកច្រើនក៏ដោយ ប៉ុន្តែនាងខ្ញុំតែងធានាឱ្យមានអត្ថបទព័ត៌មានជុំវិញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅភូមិភាគនិងតំបន់ជនរួមជាតិខ្មែរ ដើម្បីចាក់ផ្សាយទាន់ពេលវេលា តាមរយៈស្ថានីយវិទ្យុនិងទូរទស្សន៍ បម្រើការជូនមាមីងទស្សនិកជននៅតំបន់ឆ្ងាយដាច់ស្រយាលជាដើម”។
អ្នកកាសែតសើុងគឹមមីអាញ់ ណែនាំមិត្តរួមអាជីពក្នុងការដំឡើងរូបភាពនិងសំឡេង។
ឆ្នាំ ២០២៣ បងស្រីមីអាញ់ ត្រូវបានតែងតាំងជាអនុប្រធានការិយាល័យកម្មវិធីភាសាជនជាតិ។ ជាមួយនឹងភារកិច្ចនោះ សព្វថ្ងៃបងស្រីកំពុងបណ្ដុះបណ្ដាលដល់សហការីដែលបំពេញការងារខាងបកប្រែ ផ្សាយសំឡេង បញ្ចូលសំឡេងភាពយន្តនិងកាត់តភាពយន្ត ដើម្បីបង្កើតធនធានមនុស្សវ័យក្មេង រួមចំណែកលើកកម្ពស់គុណភាពកម្មវិធីផ្សាយភាសាខ្មែរ។ ពិធីករ គឹមង៉ុកហាន់ អ្នករួមអាជីពជាមួយនឹងបងស្រីមីអាញ់ ឱ្យដឹង៖ “បងស្រីមីអាញ់ គឺអ្នកដឹកនាំម្នាក់មានភាពជិតស្និទ្ធ ស្រុះស្រួលនិងអស់ពីចិត្តណែនាំមុខវិជ្ជាជីវៈដល់មិត្តរួមអាជីព។ ខ្ញុំធ្លាប់បានបងស្រីមីអាញ់ ណែនាំយ៉ាងហ្មត់ចត់នូវរបៀបបង្ហាញខ្លួនមុខកាមេរ៉ា របៀបអាន ការលើកដាក់សំឡេងទៅតាមឃ្លា ប្រយោគជាដើម។ ការអានភាសាខ្មែរគឺពិបាកគួរសម ប៉ុន្តែនៅពេលបានបងស្រីមីអាញ់ គាត់ជួយណែនាំទើបខ្ញុំមានទំនុកចិត្ត ហើយសំឡេងអានក៏ទទួលបានការស្ងើចសសើរពីទស្សនិកជន មិត្តអ្នកស្ដាប់និងថ្នាក់ដឹកនាំ។ ក្រៅពីនោះ បងស្រីមីអាញ់ នៅទាំងណែនាំរបៀបដំឡើង បញ្ចូលសំឡេងភាពយន្ត និងអនុវត្តកម្មវិធីសិល្បៈទៀតផង”។
ដោយសារមានទឹកចិត្តស្រឡាញ់អាជីព បងស្រីមីអាញ់ បានជម្នះការលំបាកដើម្បីបន្តការសិក្សាបន្ថែមផ្នែកភាសាខ្មែរ ភាសាបាលី បញ្ចប់បរិញ្ញាបត្រអក្សរសាស្រ្ត និងចូលរួមក្នុងវគ្គបំពាក់បំប៉នវិជ្ជាជីវៈសារព័ត៌មានជាច្រើន។ អាស្រ័យហេតុនោះ ទើបបងស្រីមីអាញ់ ស្ទាត់ជំនាញវាក្យស័ព្ទវៀត - ខ្មែរសម្រាប់អនុវត្តល្អការងារបកប្រែ បញ្ចូលសំឡេងភាពយន្តទូរទស្សន៍និងកម្មវិធីកម្សាន្ត សិល្បៈផ្សេងៗ។ បងស្រីមីអាញ់ រ៉ាយរ៉ាប់៖ “ទោះបីការងារលំបាកក៏ដោយ ប៉ុន្តែ នាងខ្ញុំនៅតែប្ដេជ្ញាចិត្តដើម្បីអនុវត្តល្អភារកិច្ច ម្ល៉ោះហើយកាន់តែមានទឹកចិត្តស្រឡាញ់អាជីព និងមោទនភាពចំពោះអាជីពជាពិធីការិនី។ ការងារនេះ ជួយនាងខ្ញុំបានរួមចំណែកក្នុងការនាំយកគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ និងតម្លៃវប្បធម៌ ពិធីបុណ្យរបស់ជនជាតិជូនដល់ជនរួមជាតិខ្មែរ។ ជាច្រើនឆ្នាំមកនេះ នាងខ្ញុំទទួលបានប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង នេះក៏ជាកម្លាំងចលករសម្រាប់នាងខ្ញុំបំពេញល្អភារកិច្ចរបស់ខ្លួន”៕
លីធាន - ថាច់ធី