យុវជនកងទ័ពការពារព្រំដែនខេត្តសុកត្រាំង តែងត្រៀមខ្លួនទទួល និងសម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ជូន រួមចំណែករក្សាលំនឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតំបន់ព្រំដែនសមុទ្ររបស់ខេត្ត។
ពិធីស្ងើចសរសើរ “យុវជនឆ្នើម” និង”យុវជនពោរពេញដោយក្តីសង្ឃឹម” ឆ្នាំ២០២៣។
ឆ្នាំ២០២៣ សាខាសម្ព័ន្ធយុវជននៃអង្គភាពក្រោមឱវាទកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានសហការជាមួយផ្នែក អង្គការមហាជននានាលើភូមិសាស្រ្តដែលអង្គភាពឈរជើង រៀបចំនូវសកម្មភាពឃោសនាប្រកបដោយប្រសិទ្ធភាពក្នុងការកសាងជនបទថ្មី និងគិតគូរដល់ការងារសុខុមាលភាពសង្គម ធានាសន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំដែនរបស់ខេត្ត។ លេចធ្លោដូច៖ ចលនាប្រជាជនគោរពតាមគោលការណ៍ គោលមាគ៌ារបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋ។ បង្ការទប់ស្កាត់ជំងឺគ្រុនឈាម កម្ចាត់ដង្កូវទឹក និងណែនាំប្រជាជនពីរបៀបចុះឈ្មោះ និងដំឡើងដំណើរការគណនី អត្តសញ្ញាណអេឡិចត្រូនិក ដោយមានសមាជិកសម្ព័ន្ធយុវជនចូលរួមជាង១.៥០០នាក់។
យុវជនកងទ័ពការពារព្រំដែន ចូលរួមសកម្មភាពសម្អាតសមុទ្រ។
អនុវត្តកម្មវិធី “និទាឃរដូវការពារព្រំដែនកក់ក្តៅទឹកចិត្តប្រជាជនភូមិស្រុក” និង “និទាឃរដូវស្ម័គ្រចិត្ត” ឆ្នាំ២០២៣ សាខាសម្ព័ន្ធយុវជន បានជូនអំណោយជាង៤៥០ចំណែកដល់គ្រួសារជួបការលំបាក យាយតាចាស់ៗគ្មានទីពឹង និងគ្រួសារមានសគុណចំពោះបដិវត្តន៍។ នាឱកាសបុណ្យចូលឆ្នាំថ្មី សាខាសម្ព័ន្ធយុវជនក៏បានជូនអំណោយជាង១២០ចំណែក; ពិនិត្យជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនជនរួមជាតិខ្មែរចំនួន១៨០នាក់ ដែលមានស្ថានភាពលំបាកនៅភូមិភាគ។ លើសពីនេះ សាខាសម្ព័ន្ធយុវជន បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទម្រង់រូបភាព ដូចជា៖ “ល្វែងទំនិញសូន្យដុងសម្រាប់អ្នកក្រីក្រ” “ម៉ោងរៀនព្រំដែន” “ខ្មាន់កន្ត្រៃព្រំដែន” កាត់សក់ឥតគិតថ្លៃជូនមាមីងក្រីក្រ; កម្មវិធី “ជំរុញដំណើរប្អូនទៅសាលា កូនចិញ្ចឹមប៉ុស្តិ៍ការពារព្រំដែន” បានជូនអាហារូបករណ៍ និងសម្ភារៈសិក្សាដល់សិស្សចំនួន៥៧នាក់ ដែលមានស្ថានភាពលំបាកបន្តការរៀនសូត្រ។
អនុសេនីយ៍ឯកបម្រុងយោធិនជំនាញ ត្រឹង យ៉េវ កងប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មនៅប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ មានប្រសាសន៍៖ “សកម្មភាពនិងចលនាសម្ព័ន្ធយុវជនរបស់អង្គភាព សុទ្ធសឹងផ្សារភ្ជាប់ជាមួយនឹងសុខុមាលភាពសង្គមនិងកសាងជនបទថ្មី ម្ល៉ោះហើយ ពង្រីកបានប្រសិទ្ធភាពនិងបង្កបានទំនុកចិត្តក្នុងប្រជាជន។ តាមរយៈព័ត៌មានដែលប្រជាជនបានផ្តល់ អង្គភាពក៏បានបោសសម្អាតជាច្រើនករណីដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន រួមចំណែករក្សាសន្តិសុខលើភូមិសាស្រ្ត។ ឆ្នាំ២០២៣ ខ្ញុំមានកិត្តិយសនិងមោទនភាពណាស់ពេលបានស្ងើចសរសើរជាយុវជនឆ្នើម។ នេះគឺជាកម្លាំងចលករដើម្បីខ្ញុំកសាងចលនានិងសកម្មភាពរបស់សម្ព័ន្ធយុវជន កាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាពជាងទៀត រួមចំណែកអនុវត្តជោគជ័យនូវភារកិច្ចគ្រប់គ្រង ការពារបូរណភាពទឹកដី និងសន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី”។
លោកវរសេនីយ៍ទោ ផាមង្វៀងថេផុង ស្នងការនយោបាយរងនៃកងទ័ពការពារព្រំដែនខេត្តសុកត្រាំង មានប្រសាសន៍៖ “ឆ្នាំ២០២៣ កងទ័ពការពារព្រំដែនខេត្ត បានស្ងើចសរសើរ “យុវជនឆ្នើម” ៦នាក់ និង“យុវជនពោរពេញដោយក្តីសង្ឃឹម” ២នាក់។ ឆ្លងតាមរយៈនោះ បានគាំទ្រ លើកទឹកចិត្តនិងពង្រីកតួនាទីវីរភាពឈានមុខ និងច្នៃប្រតិដ្ឋសម្រាប់អធិបតេយ្យនិងសន្តិសុខព្រំដែន។ ទន្ទឹមនឹងនោះ បង្កើនទំនុកចិត្តដល់កម្មាភិបាលនិងសមាជិកសម្ព័ន្ធយុវជន ខិតខំប្រឹងប្រែងនិងវិវឌ្ឍន៍ខ្លួន អនុវត្តជោគជ័យភារកិច្ចដែលបានប្រគល់ជូន។ យុវជនកងទ័ពការពារព្រំដែនខេត្ត បន្តលើកកម្ពស់តួនាទីឈានមុខ ច្នៃប្រតិដ្ឋ ដើម្បីអនុវត្តជោគជ័យភារកិច្ច គ្រប់គ្រង ការពារអធិបតេយ្យ សន្តិសុខព្រំដែនជាតិ និងតែងខិតខំប្រឹងប្រែងឱ្យសក្តិសមជា “កងទ័ពអ៊ំហូ”៕
យ្វីអាញ - ប្រែសម្រួល៖ សុផន