ដោយកំណត់ច្បាស់ពីសារៈសំខាន់នៃកម្មវិធី ឃុំមួយផលិតផលមួយ (OCOP) គណៈកម្មាធិការប្រជាជនក្រុងទិញបៀង ខេត្តអាងយ៉ាង បានសកម្មស្នើគ្រប់ផ្នែក និងភូមិភាគយកចិត្តទុកដាក់និងគាំទ្រម្ចាស់ផលិតផល អភិវឌ្ឍន៍ផលិតផល។ មកទល់បច្ចុប្បន្ន កម្មវិធីនេះទទួលបានលទ្ធផលវិជ្ជមាន ភូមិភាគមានផលិតផល OCOP ចម្រុះនិងសម្បូរបែប។
ទិញបៀងខិតខំកសាងផលិតផលពិសេសសម្រាប់បម្រើភ្ញៀវទេសចរ។
អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងទិញបៀង លោក ង្វៀងថាញ់ហុង បានឱ្យដឹង៖ “មកទល់ពេលនេះ ទូទាំងក្រុង មានផលិតផលចំនួន ១៥ សម្រេចវិញ្ញាបនបត្រ OCOP ជាកម្មសិទ្ធរបស់ម្ចាស់ផលិតផលចំនួន៧។ រហូតដល់ខែកញ្ញា ឆ្នាំ២០២៣ មានផលិតផលចំនួន ៧ ដល់ពេលកំណត់ទទួលស្គាល់គ្រប់ ៣៦ ខែ កំពុងដំណើរការវាយតម្លៃចំណាត់ថ្នាក់ OCOP ឡើងវិញ។ យើងខ្ញុំខិតខំបង្កើតផលិតផលពិសេស ក្នុងស្រុកចំនួន ៦០ សម្រាប់វិស័យទេសចរណ៍ ក្នុងនោះ មាន ៣០ ផលិតផលសម្រេចស្តង់ដារ OCOP ពីផ្កាយ ៣ ឡើងទៅ។ តាមរយៈការពិនិត្យឡើងវិញ ក្រុងមានមុខទំនិញចំនួន ៦២ ដោយមានផលិតផលសក្តានុពលចំនួន ១៧៦ ចំណុះ ៦ ផ្នែក ចាត់ថ្នាក់តាមសេចក្តីសម្រេច ១០៤៨/QĐ-TTg ស្តីពីក្រមលក្ខឋានសម្រាប់វាយតម្លៃ និងចាត់ថ្នាក់ផលិតផល OCOP”។
តាមប្រសាសន៍លោក ង្វៀងថាញ់ហុង ដើម្បីឱ្យផលិតផលពិសេស ផលិតផល OCOP របស់ភូមិភាគឈានទៅកាន់ជាច្រើនទីផ្សារសក្តានុពល គណៈកម្មាធិការប្រជាជនទីក្រុងនឹងបង្កើនការផ្សព្វផ្សាយ និងឧទ្ទេសនាមផលិតផលតាមរយៈមធ្យោបាយទូរគមនាគមន៍ ដូចជា៖ កាសែតអាងយ៉ាង, ស្ថានីយវិទ្យុ-ទូរទស្សន៍អាងយ៉ាង។ ក្រាំងព័ត៌មានអេឡិកត្រូនិកក្រុងទិញបៀង Fanpage កម្មវិធី OCOP ទិញបៀង... ទន្ទឹមនឹងនោះ បង្កើនការផ្សព្វផ្សាយផលិតផលក្នុងព្រឹត្តិការណ៍ តភ្ជាប់ពាណិជ្ជកម្ម សំដៅឧទ្ទេសនាមដល់ដៃគូ និងអតិថិជន។
ក្នុងការជំរុញពាណិជ្ជកម្ម ក្រុងទិញបៀង មានផលិតផល OCOP ចូលរួមព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំ ដូចជា៖ កម្មវិធីនាំទំនិញវៀតណាមទៅកាន់ជនបទ ពិព័រណ៍ឧស្សាហកម្ម និងពាណិជ្ជកម្មនៅតំបន់វាលរាបទន្លេគឺវឡុង ផ្សារណាត់និងម្ហូបអាហារ ទំនិញវៀតណាម-ថៃ ពិព័រណ៍នំប្រពៃណី ឆ្នាំ២០២៣; ធ្វើកន្ត្រកអំណោយ OCOP របស់ភូមិភាគជាមួយនឹងតម្លៃផ្សេងៗគ្នានៅក្នុងព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម។ ក្នុងព្រឹត្តិការណ៍ផ្សារណាត់និងម្ហូបអាហារទំនិញវៀតណាម-ថៃ ពិព័រណ៍នំប្រពៃណី ឆ្នាំ២០២៣ ផលិតផល OCOP របស់ក្រុងទិញបៀង ត្រូវបានអតិថិជនចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ដោយមានលក្ខណៈប្លែក និងមានរសជាតិពិសេស។ នេះជាកម្លាំងចិត្តសម្រាប់ម្ចាស់ផលិតផលបន្តចូលរួមផ្សព្វផ្សាយ និងឧទ្ទេសនាមផលិតផលទៅកាន់ទីផ្សារ។
ក្នុងនាមជាម្ចាស់ផលិតផលស្ករត្នោតកឹមហ៊ឹង បងស្រីដាំងធីកឹមហ៊ឺង បានចែករំលែក៖ “ដោយមានបំណងចង់នាំយកផលិតផលស្ករត្នោតពិសេសរបស់ស្រុកកំណើតទៅដល់អ្នកប្រើប្រាស់ ខ្ញុំបានចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយ និងឧទ្ទេសនាមផលិតផលជាច្រើននៅក្នុងនិងក្រៅប្រទេស។ រហូតមកដល់ពេលនេះ ផលិតផលស្ករត្នោតរបស់ខ្ញុំត្រូវបានដៃគូរយកចិត្តទុកដាក់ និងជឿទុកចិត្តពីអ្នកប្រើប្រាស់។ ខ្ញុំនឹងព្យាយាមរក្សានិងអភិវឌ្ឍផលិតផល ដើម្បីនាំមកនូវការពេញចិត្តកាន់តែខ្លាំងសម្រាប់អតិថិជននាពេលអនាគត។ ជាពិសេស បន្តនាំយកផលិតផលមកចូលរួមផ្សារណាត់ និងព្រឹត្តិការណ៍ផ្សាយពាណិជ្ជកម្មផលិតផល OCOP នាំយកនូវរសជាតិប្រពៃណីពីដើមត្នោតបៃណូយ ឧទ្ទេសនាមដល់អ្នកប្រើប្រាស់ក្នុងទូទាំងប្រទេស”។
“កម្មវិធី OCOP ថែមទាំងរួមចំណែកក្នុងការផ្លាស់ប្តូរផ្នត់គំនិតរបស់ម្ចាស់ផលិតផលនៅភូមិភាគ ជួយឱ្យម្ចាស់ផលិតផល យកចិត្តទុកដាក់ជាងទៀតលើដំណើរការកែច្នៃ សំដៅបង្កើនបន្ថែមតម្លៃ។ ម្ចាស់ផលិតផលផ្តោតវិនិយោគលើការវេចខ្ចប់ ផ្លាកសញ្ញា និងតភ្ជាប់ដៃគូដើម្បីនាំយកផលិតផលទៅឆ្ងាយកាន់ទីផ្សារសក្តានុពល។ នេះជាកត្តាកំណត់សម្រេចសម្រាប់ផលិតផល OCOP ទិញបៀងទៅកាន់តែឆ្ងាយ ឆ្លើយតបចំណូលចិត្តអតិថិជន” - លោក ង្វៀងថាញ់ហុង បានវិភាគដូច្នេះ៕
យោង៖ កាសែតអាងយ៉ាង