ឆ្នាំ២០២៣ បងស្រីថាយធីង៉ុកថេម នៅភូមិតឹងឡើយ ឃុំថាញ់តឹង ស្រុកថាញ់ទ្រី ទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង អំពីការអភិរក្សរបរប្រពៃណីធ្វើប្រហុករបស់ជនរួមជាតិខ្មែរ។
បងស្រីថាយធីង៉ុកថេម ទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការ
ប្រជាជនខេត្តសុកត្រាំង។
បើតាមបងស្រីថេម ប្រហុកត្រូវបានចាត់ទុកថាជាមុខម្ហូបដ៏ពិសេសដែលមាមីងខ្មែរទុកសម្រាប់ទទួលភ្ញៀវពិសេសនិងអ្នកស្និទ្ធស្នាលនឹងគ្រួសារ។ ម្យ៉ាងទៀតរបរធ្វើប្រហុក ត្រូវបានគ្រួសារអភិរក្សពីជំនាន់មួយទៅជំនាន់មួយ ហើយមកទល់ពេលនេះមានតែបងស្រីថេមម្នាក់គត់ដែលនៅរក្សា។ បងស្រីថេម ឱ្យដឹង៖ “វត្ថុធាតុដើមដែលធ្វើប្រហុកនោះគឺត្រីអណ្តែងទន់ ដើម្បីមានវត្ថុធាតុដើមធ្វើប្រហុកលក់ខួបប្រាំងវស្សា គឺខ្ញុំចិញ្ចឹមត្រីអណ្តែងដោយខ្លួនឯង។ ជាទូទៅកៀកជិតបុណ្យចូលឆ្នាំថ្មីវៀតណាម បុណ្យចូលឆ្នាំថ្មីខ្មែរ បុណ្យសែនដូនតា គឺភ្ញៀវមករកទិញច្រើន។ ការធ្វើប្រហុកនេះ ត្រូវឆ្លងកាត់ច្រើនដំណាក់ការ ដូចជា ត្រីត្រូវប្រឡាក់អំបិលនិងផ្អាប់ទុកក្នុងរយៈពេល៣ខែ រួចលាយច្របល់នឹងផ្អួល គឺអាចនឹងហូបបាន។ ការធ្វើប្រហុក គឺចេះតែធ្វើបន្តបន្ទាប់ពេលធ្វើម្តងៗត្រូវការត្រីអណ្តែងទន់ចាប់ពី៥០០-៧០០ គ.ក ម្ល៉ោះហើយ ត្រូវការមនុស្សធ្វើពី៣ទៅ៥នាក់ ដើម្បីជួយកាត់ក្បាលត្រីនិងប្រឡាក់អំបិល”។ ពីមុន បងស្រីធ្វើប្រហុកសម្រាប់ហូបតែក្នុងគ្រួសារ ជូនអ្នកស្គាល់និងលក់ឱ្យមាមីងក្នុងភូមិស្រុកប៉ុណ្ណោះ ប៉ុន្តែដោយរសជាតិឆ្ងាញ់ពិសេសនៃប្រហុកកាន់ តែធ្វើឱ្យមនុស្សជាច្រើនដឹងឮ។ ពិសេសខណៈពេលបានសមាគមសម្ព័ន្ធនារីឃុំ និងការិយាល័យកសិកម្មស្រុកថាញ់ទ្រី បានយកផលិតផលដាក់បង្ហាញនៅផ្សារណាត់និងនៅតាមរោងផ្សារ គឺមានអ្នកមកសួររកទិញកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
បងស្រីថាយធីង៉ុកថេម ឧទ្ទេសនាមផលិតផលប្រហុក។
ឆ្នាំ២០២០ បងស្រីថេម បានប្រើប្រាស់ផ្ទៃដី ដាំដំណាំ ២ កុងដើម្បីជីកស្រះចិញ្ចឹមត្រីអណ្តែងទន់ ហើយប្រមូលផលប្រមាណ៥តោន/ឆ្នាំ សម្រាប់ធ្វើប្រហុក។ មធ្យមភាគត្រីអណ្តែងទន់ ៣ គ.ក បងស្រីថេម ធ្វើបានប្រហុកជិត ១ គ.ក លក់ក្នុងតម្លៃ២៥០.០០០ដុង/គ.ក។ ចាប់ពីឆ្នាំ ២០២០ មកទល់ពេលនេះ បងស្រីថេម បានបើកពង្រីកទ្រង់ទ្រាយផលិតពីលក្ខណៈគ្រួសារ ទៅជាគ្រឹះស្ថានប្រហុកង៉ុកថេម។ បច្ចុប្បន្ន ប្រហុកត្រូវបានចាត់ទុកជាផលិតផលសក្តានុភាពរបស់ស្រុកថាញ់ទ្រី ហើយជានិច្ចកាលត្រូវបានដាក់បង្ហាញ ឧទ្ទេសនាមនិងផ្គត់ផ្គង់ផលិតផល OCOP; ចូលរួមរាល់សកម្មភាពជំរុញពាណិជ្ជកម្ម និងចងសម្ព័ន្ធលក់ផលិតផល។ បងស្រីថេម ឱ្យដឹងបន្ថែម៖ “បច្ចុប្បន្ន ខ្ញុំបានធ្វើបែបបទរួចរាល់អស់ហើយ ដើម្បីពិនិត្យទទួលស្គាល់ប្រហុកសម្រេចស្តង់ដារ OCOP ម្ល៉ោះហើយនេះជាឱកាសដើម្បីស្វែងរកទីផ្សារលក់បន្ថែម អភិវឌ្ឍរបរធ្វើប្រហុកប្រចាំត្រកូលរបស់គ្រួសារ។ ទន្ទឹមនឹងនោះ ជាទឡ្ហីករណ៍សបញ្ជាក់ ផលិតផលប្រហុកសម្រេចគុណភាព ផ្តល់ទំនុកចិត្តសម្រាប់ផលិតផល”។
គ្រឹះស្ថានប្រហុកង៉ុកថេម មិនត្រឹមតែបង្កើតបានយីហោផលិតផលពិសេសរបស់ភូមិភាគ និងបង្កើតការងារធ្វើសម្រាប់ពលករដែលទំនេរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សរបរធ្វើប្រហុកដែលជាផលិតផលពិសេសរបស់មាមីងខ្មែរនៅថាញ់ទ្រីទៀតផង។ ម្យ៉ាងទៀត ប្រាក់ចំណូលដែលរកបានពីរបរធ្វើប្រហុកស្មើនឹងធ្វើស្រែ ៤០ កុងដី ម្ល៉ោះហើយ គ្រួសារបងស្រីថេម ទើបក្លាយជាគ្រួសារធូរធារក្នុងភូមិស្រុក៕
យ្វីអាញ- លីសៀ