បច្ចុប្បន្ន កសិករដាំដុះស្រូវនៅទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង បានមោះមុតផ្លាស់ប្តូរពីការផលិតស្រូវតាមទម្លាប់ចាស់ ងាកមកផលិតស្រូវអតិផលវិញ។
ទម្រង់វាលស្រែខ្នាតធំដាំដុះពូជស្រូវអតិផល តាមទិសដៅសរីរាង្គនៅ
អនុសង្កាត់ក្រសាំង សង្កាត់២។
យោងតាមស្ថានីយដាំដុះ និងការពាររុក្ខជាតិទីរួមខេត្តវិញចូវ ឆ្នាំ ២០២៣ ទីរួមខេត្តបន្តការផ្សព្វផ្សាយអនុវត្តទម្រង់វាលស្រែខ្នាតធំដាំដុះពូជស្រូវអតិផល មានដូច (ពូជស្រូវ ST២៥, ST២៤) តាមទិសដៅសរីរាង្គ ដោយមានផ្ទៃដី ១៣០ ហិកតា ក្នុងនោះ អនុសង្កាត់ក្រសាំង សង្កាត់២ ផលិត៥០ហិកតា។ ម្យ៉ាងទៀត កសិករចូលរួមទម្រង់ទទួលបានការឧបត្ថម្ភស្រូវពូជបច្ចេកទេស និងសម្ភារៈកសិកម្មជាដើម។ ពូថាច់យៀង នៅអនុសង្កាត់ក្រសាំង ឱ្យដឹង៖ “កាលពីមុននេះ ខ្ញុំតែងធ្វើស្រូវពង្រោះ (៦ខែប្រមូលផល) សំខាន់យកអង្ករទុកហូប ចំបើងនិងជញ្ជ្រាំងទុកសម្រាប់ដាំខ្ទឹមក្រហម។ ឆ្នាំ២០២២ ខ្ញុំផលិតពូជស្រូវ ST២៥ ឃើញថាងាយនឹងផលិត រយៈពេលខ្លីត្រឹមតែ ៤ខែបានប្រមូលផល ហើយអង្ករបាយទន់ ក្រអូបឆ្ងាញ់និងសុវត្ថិភាពដល់សុខភាពគ្រួសារទៀត ម្ល៉ោះហើយ ឆ្នាំនេះបន្តការផលិតនិងអនុវត្តតាមការណែនាំរបស់វិស្វករ ហេតុនោះដំណាំ ស្រូវលូតលាស់បានល្អ”។ រីឯពូថាច់យ៉ឹង នៅអនុសង្កាត់ក្រសាំង មានផ្ទៃដីដាំដុះពូជស្រូវ ST ២៥ ចំនួន៥កុង ឱ្យដឹង៖ “នេះជាឆ្នាំទីពីរហើយដែលខ្ញុំអនុវត្តទម្រង់ដាំដុះស្រូវ ST ២៥ ខ្ញុំឃើញពូជស្រូវនេះសមស្របនឹងតំបន់ដីនៅវិញចូវ ដំណាំស្រូវលូតលាស់ល្អ មិនសូវមានសត្វល្អិតស៊ីបំផ្លាញនិងផ្ដល់ទិន្នផលខ្ពស់ផង។ ខ្ញុំផលិតស្រូវ ST២៥ តាមទិសដៅសរីរាង្គ ម្ល៉ោះហើយ ចុះពូជតែ ១០ គ.ក/កុងប៉ុណ្ណោះ (ចំណែកពូជស្រូវពង្រោះ ចុះពូជ ៤០ គ.ក/កុង) ហើយអនុវត្តបច្ចេកទេសកាត់បន្ថយ៣ បង្កើន៣ ត្រូវ១ បន្ថយ ៥។ ជាទូទៅខ្ញុំប្រើប្រាស់ជីសរីរាង្គ ចំណែកជី N-P-K, DAP ប្រើប្រាស់សមស្របនឹងចំនួនកាត់បន្ថយការប្រើជី URE ស្រូវលូតលាស់ខៀវខ្ចី។ ចំណែកខាងជំងឺគឺខ្ញុំបាចផ្សិតបៃតង ពេលឃើញស្រូវមានជំងឺ ឬមមាចត្នោតបំផ្លាញច្រើន ទើបខ្ញុំប្រើថ្នាំគីមីដែលមានប្រភពជីវសាស្ត្រ។ ការផលិតស្រូវST២៥ តាមទិសដៅសរីរាង្គនោះ គឺអង្ករបាយទន់ក្រអូបឆ្ងាញ់ សុវត្ថិភាពដល់សុខភាព និងលក់បានតម្លៃខ្ពស់ផង”។
ជូនផ្សិតបៃតងដល់កសិករអនុវត្តទម្រង់វាលស្រែខ្នាតធំតាមទិសដៅសរីរាង្គ។
តាមប្រសាសន៍វិស្វករ ថាច់ធីហៀង ប្រធានស្ថានីយដាំដុះនិងការពាររុក្ខជាតិទីរួមខេត្តវិញចូវ ការចលនាមាមីងខ្មែរប្តូរពីការដាំដុះស្រូវតាមទម្លាប់ចាស់ ងាកមកអនុវត្តវាលស្រែខ្នាតធំ ដាំដុះពូជស្រូវអតិផលជួបការលំបាកច្រើន។ ខណៈពេលបានឧបត្ថម្ភស្រូវពូជ សម្ភារៈកសិកម្មនិងណែនាំអនុវត្តព្រមៗគ្នាពីបច្ចេកទេស កាត់បន្ថយ៣ បង្កើន៣ ត្រូវ១ បន្ថយ៥ ក្នុងការផលិតជួយឱ្យកសិករកាត់បន្ថយបានការចំណាយ; ផលិតផលសុវត្ថិភាពជិតស្និទ្ធនឹងបរិស្ថាន ម្ល៉ោះហើយបង្កក្តីរីករាយនិងផ្តល់ទំនុកចិត្តដល់មាមីងកសិករទៀតផង។ ដូច្នេះ លក្ខណៈនៃពូជស្រូវ ST ២៥ ដំណាក់កាលលូតលាស់ខ្លី អង្ករក្រអូប ទិន្នផលខ្ពស់ តិចមានសត្វល្អិតបំផ្លាញ៘ ទិន្នផលសម្រេចប្រមាណ៨តោន/ហិកតា គុណភាពអង្ករបាយឆ្ងាញ់ ទើបមាមីងជ្រើសរើសពូជស្រូវ ST២៥ ដើម្បីផលិត៕
យ្វីអាញ-លីសៀ