ដោយបានវិនិយោគមូលដ្ឋានសម្ភារៈសម្រេចបទដ្ឋានជាតិ បំពាក់ឧបករណ៍ បរិក្ខារពេទ្យគ្រប់សព្វ ហើយកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតមានមុខជំនាញ ម្ល៉ោះហើយដំណាក់សុខាភិបាលធ្វឹងហឹង ស្រុកមីទូ ខេត្តសុកត្រាំង អនុវត្តបានល្អការថែទាំសុខភាពបឋមជូនប្រជាជន។
វេជ្ជបណ្ឌិតកំពុងពិនិត្យជំងឺដល់កុមារ។
ជាឃុំឋិតនៅឆ្ងាយពីមជ្ឈមណ្ឌលស្រុក មានជនរួមជាតិខ្មែររស់នៅជាង៥០% ម្ល៉ោះហើយ ធ្វឹងហឹងបានរដ្ឋវិនិយោគនូវគោលនយោបាយជាច្រើន ក្នុងនោះ មានដូចវិនិយោគ កសាងដំណាក់សុខាភិបាល។ បច្ចុប្បន្ន ដំណាក់សុខាភិបាលធ្វឹងហឹងបានសម្រេចបទដ្ឋាន ត្រូវបានបំពាក់ឧបករណ៍ បរិក្ខារពេទ្យគ្រប់សព្វ ចំណែកកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតក៏ត្រូវបានចាត់បញ្ជូនមកបម្រើការងារគ្រប់ផ្នែកផងដែរ។ ក្នុងការពិនិត្យព្យាបាលជំងឺ កម្មាភិបាលពេទ្យនៃដំណាក់សុខាភិបាលតែងមានអាកប្បកិរិយាបម្រើការងារល្អ បង្កទំទុកចិត្តដល់អ្នកជំងឺ។ បងស្រីលីធីង៉ុកហឿង ឱ្យដឹង៖ “ខ្ញុំត្រូវគ្រុនក្តៅ ឈឺក្បាល វិលមុខ ម្ល៉ោះហើយក៏មកដំណាក់សុខាភិបាលពិនិត្យជំងឺ។ វេជ្ជបណ្ឌិតបានវាស់សម្ពាធឈាម និងសាកសួរពីស្ថានភាពជំងឺដោយរាក់ទាក់រួសរាយ រួចប្រាប់ខ្ញុំថា ស្ងប់ចិត្តទៅ ពីព្រោះនេះជាជំងឺផ្តាសាយធម្មតាទេ។ ដោយសារខ្ញុំធ្វើការហួសកម្លាំង រាងកាយទន់ខ្សោយ វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជា រួចផ្តាំឱ្យលេបថ្នាំឱ្យបានទៀងទាត់ ដើម្បីឆាប់ជាសះស្បើយ”។ ចំណែកបងស្រីសើុងធីបែទ្រិញ ឱ្យដឹង៖ “ដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិតពិនិត្យជំងឺ មានថ្នាំព្យាបាលជំងឺគ្រប់សព្វទាំងអស់ ម្ល៉ោះហើយពេលឈឺថ្កាត់ម្តងៗខ្ញុំតែងមកដំណាក់សុខាភិបាលពិនិត្យយកថ្នាំផឹក។ វេជ្ជបណ្ឌិតពិនិត្យជំងឺ តែងរួសរាយនឹងអ្នកជំងឺ ផ្តល់ជូនថ្នាំក៏លឿនទៀត ហើយខ្ញុំកាន់តែស្ងប់ចិត្ត ពេលឃើញវេជ្ជបណ្ឌិតពិនិត្យជំងឺ មានករណីណាជំងឺធ្ងន់ ក៏បញ្ជូនទៅមន្ទីរពេទ្យថ្នាក់លើព្យាបាលភ្លាម”។
តាមប្រសាសន៍វេជ្ជបណ្ឌិត ឡឹមមិញយ៉ុង ប្រធានដំណាក់សុខាភិបាលឃុំធ្វឹងហឹង ដំណាក់ពិនិត្យព្យាបាលជំងឺធម្មតា ដូចជា៖ រលាកផ្លូវដង្ហើម ក្អក ជំងឺពោះវៀន ឈឺចុកចាប់ សម្ពាធឈាម ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម។ល។ ដើម្បីឆ្លើយតបនឹងតម្រូវការពិនិត្យ ព្យាបាលជំងឺជូនមាមីង គឺនៅម៉ោង៧ព្រឹករៀងរាល់ថ្ងៃ កម្មាភិបាលពេទ្យតែងមានវត្តមាននៅដំណាក់ដើម្បីពិនិត្យជំងឺ មិនទុកឱ្យអ្នកជំងឺរង់ចាំយូរឡើយ។ បច្ចុប្បន្ន មធ្យមភាគក្នុងមួយថ្ងៃដំណាក់ពិនិត្យជំងឺជូនមាមីងជាង៤០លើកនាក់ ក្នុងនោះ មានប្រជាជននៅភូមិភាគជិតខាងផងដែរ។ ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាលនៅទាំងអនុវត្តបានល្អនូវកម្មវិធីទិសដៅសុខាភិបាលជាតិទៀតផង ដូចជា៖ ចាក់វ៉ាក់ សាំងទូទៅដល់កុមារ ឱ្យកុមារផឹកវីតាមីន A ស្រ្តីមានផ្ទៃពោះសុទ្ធតែបានចាក់វ៉ាក់សាំង និងពិនិត្យគភ៌តាមកាលកំណត់។ ទន្ទឹមនឹងនោះ ដំណាក់សហការជាមួយសហការីភូមិទាំង១១ ដើម្បីពន្លឿនការផ្សព្វផ្សាយអប់រំសុខភាព បង្ការ ទប់ស្កាត់ជំងឺជូនប្រជាជន។ ផ្តើមពីនោះ ប្រជាជនកាន់តែមានស្មារតីខ្ពស់ និងអនុវត្តវិធានការបង្ការ ទប់ស្កាត់ជំងឺបានល្អ ដូចជា៖ ជំងឺគ្រុនឈាម ជំងឺពងដៃ ជើង មាត់ និងជំងឺឆ្លងរាលដាលតាមផ្លូវដង្ហើមជាដើម។
វេជ្ជបណ្ឌិត ឡឹមមិញយ៉ុង ឱ្យដឹង៖ “ឥឡូវ មាមីងខ្មែរមានស្មារតីខ្ពស់ក្នុងការថែទាំសុខភាពខ្លួនឯង និងគ្រួសារ ម្ល៉ោះហើយបានជួយឱ្យដំណាក់អនុវត្តបានល្អនូវវិធានការបង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាល។ ការងារត្រួតពិនិត្យជំងឺឆ្លងរាលដាលក៏បានអនុវត្តហ្មត់ចត់ ហេតុនោះ មកដល់ពេលនេះឃុំមិនទាន់កើតមានសម្បុករោគឆ្លងរាលដាលណាមួយធំដុំដែលទាក់ទងដល់ជំងឺគ្រុនឈាម ជំងឺពងដៃ ជើង មាត់ឡើយ”៕
យ្វីអាញ - វិមាន