រំលឹកដល់លោកគ្រូយ័ញភៀង គ្រូបង្រៀនអក្សរសាស្រ្តខ្មែរនៃវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ខេត្តសុកត្រាំង មិត្តរួមអាជីពអ្នកណាក៏កោតសរសើរពីស្មារតីឆ្លងកាត់ការលំបាកដើម្បីក្លាយជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរ។
លោកគ្រូយ័ញភៀង។
ឆ្នាំ ២០០៤ បញ្ចប់មហាវិទ្យាល័យផ្នែកជីវសាស្រ្តនៃមហាវិទ្យាល័យគរុកោសល្យក្រុងហូជីមិញ លោកគ្រូយ័ញភៀង សុំចូលបង្រៀននៅវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង។ តាមប្រសាសន៍លោកគ្រូភៀង នេះគឺអតីតសាលា ទើបគាត់មានបំណងនាំយកចំណេះដឹងដែលខ្លួនបានសិក្សា ដើម្បីបង្ហាត់បង្រៀនដល់សិស្សខ្មែរ។ ពិសេស នៅពេលឃើញគ្រូបង្រៀនអក្សរសាស្ត្រខ្មែរនៅសាលាជិតចូលនិវត្តន៍ ប៉ុន្តែ គ្មានកងជួរគ្រូបង្រៀនវ័យក្មេងស្នងបន្ត ទើបលោកគ្រូភៀង ឈប់បង្រៀនវិញ្ញាសាជីវសាស្រ្ត សុំចុះឈ្មោះទៅរៀនភាសានិងវប្បធម៌ខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា តាមរយៈគោលនយោបាយអនុសញ្ញា រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ឆ្នាំ ២០១១ ក្រោយពីបញ្ចប់កម្មវិធីសិក្សា លោកគ្រូភៀងបានវិលត្រឡប់មកសាលា ហើយទទួលបន្ទុកបង្រៀនអក្សរសាស្រ្តខ្មែររហូតមកទល់សព្វថ្ងៃ។ លោកគ្រូភៀង ឱ្យដឹង៖ “ក្នុងគ្រួសារមានម្ដាយចាស់ជរា ប៉ុន្តែដោយសារចូលចិត្តបង្រៀនអក្សរសាស្ត្រខ្មែរ ម្យ៉ាងឃើញសាលាកំពុងខ្វះគ្រូបង្រៀនអក្សរសាស្រ្តខ្មែរ ទើបខ្ញុំជម្នះស្ថានភាពគ្រួសារដើម្បីទៅរៀន។ ការរៀននៅប្រទេសកម្ពុជា ខ្ញុំបានទិញនិងអានសៀវភៅ កាសែតជាច្រើន ទើបខ្ញុំមានចំណេះដឹងច្រើនខាងភាសាខ្មែរដើម្បីបង្ហាត់ បង្រៀនសិស្សឱ្យបានល្អ”។
ម៉ោងបង្រៀនវិញ្ញាសាអក្សរសាស្រ្តខ្មែររបស់លោកគ្រូ យ័ញភៀង នៅវិទ្យាល័យជន
ជាតិអន្តេវាសិកហ្វិញកឿងសុកត្រាំង។
ជាច្រើនឆ្នាំមកនេះ លោកគ្រូភៀង ទទួលបន្ទុកបង្រៀនវិញ្ញាសាអក្សរសាស្រ្តខ្មែរដល់សិស្សថ្នាក់ទី១១ទី១២ ហើយបានសាលាប្រគល់ភារកិច្ចបង្រៀនបំប៉នសិស្សជាប់ជម្រើសសិស្សពូកែថ្នាក់ខេត្ត សម្រេចបានលទ្ធផលខ្ពស់។ ជាមធ្យមភាគក្នុងមួយឆ្នាំ សាលាមានសិស្សសម្រេចកិត្តិនាមសិស្សរៀនអក្សរសាស្រ្តខ្មែរពូកែថ្នាក់ខេត្តពី៤-៥ នាក់។ ជាក់ស្ដែង ឆ្នាំ ២០២១ សាលាមានសិស្សរៀនអក្សរសាស្រ្តខ្មែរពូកែថ្នាក់ខេត្ត៥នាក់ ក្នុងនោះ មានម្នាក់ទទួលបានរង្វាន់លេខ១។ ឆ្នាំ ២០២២ មាន៤រង្វាន់ ក្នុងនោះ មាន១រង្វាន់លេខ ២ ផ្នែកភាសាខ្មែរថ្នាក់ខេត្ត ។ ប្អូនគឹម ខាញ់ង៉ុក ឱ្យដឹង៖ “លោកគ្រូយ័ញភៀង បង្រៀនអក្សរខ្មែរ ប្អូនចូលចិត្តខ្លាំងណាស់ ដ្បិតអី គាត់មានវិធីសាស្រ្តបង្រៀនងាយយល់និងមានចំណេះដឹងខ្ពស់។ ក្នុងការបង្រៀនវេយ្យាករណ៍ខ្មែរ គាត់បង្រៀនយ៉ាងហ្មត់ចត់ ណែនាំរបៀបសម្គាល់កិរិយា នាម គុណនាម។ល។ និងណែនាំរបៀបតែងសេចក្ដី ប្រើប្រាស់ពាក្យខ្មែរយ៉ាងសម្បូរបែប”។
ដើម្បីមានចំណេះដឹងខាងភាសាខ្មែរ លោកគ្រូភៀង នៅទាំងអានសៀវភៅ កាសែតជាច្រើននិងសិក្សាស្រាវសៀវភៅពុម្ព វចនានុក្រមខ្មែរ-វៀត; វៀត-ខ្មែរ។ លោកគ្រូភៀង ចែករំលែក៖ “យើងជាគ្រូបង្រៀន ត្រូវបន្តរៀនសូត្រស្រាវជ្រាវ ទើបមានចំណេះដឹងទូលំទូលាយ និងវិធីសាស្រ្តបង្រៀនល្អៗដល់សិស្ស។ សម័យខ្ញុំរៀនសិស្សណាក៏ចេះអក្សរខ្មែរដែរ ប៉ុន្តែបច្ចុប្បន្ន មានសិស្សចេះអាន ចេះសរសេរអក្សរខ្មែរត្រឹមតែ៥០% ដូច្នោះគួរតែមានវិធីសាស្រ្តបង្រៀនសមស្រប។ ត្រូវបង្រៀនឱ្យប្អូនៗចេះ ដើម្បីដល់ថ្នាក់ទី១២ សិស្សទាំងអស់គ្រប់លក្ខណសម្បត្តិប្រឡង សញ្ញាបត្រភាសាខ្មែរថ្នាក់ទី១២”។
លោកគ្រូ គឹមវ៉ាន់ង៉យ នាយករងវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ឱ្យដឹង៖ “លោក គ្រូយ័ញភៀង គឺគ្រូបង្រៀនម្នាក់មានការប្ដេជ្ញាចិត្តខ្ពស់ជាមួយនឹងអាជីព ពេលលោកគ្រូសម្រេចចិត្តទៅរៀនអក្សរសាស្រ្តខ្មែរ មិត្តរួមអាជីពនិងគណៈនាយកសាលាមានការកោតសរសើរគាត់យ៉ាងខ្លាំង។ បច្ចុប្បន្ន ក្នុងការបង្ហាត់បង្រៀន លោកគ្រូភៀងតែងអស់ពីចិត្តពីថ្លើមជាមួយនឹងសិស្សានុសិស្ស បំប៉នឱ្យសិស្សជាច្រើនសម្រេចកិត្តិនាមជាសិស្សរៀនអក្សរខ្មែរពូកែថ្នាក់ខេត្ត។ ជាមួយនឹងការរួមចំណែកទាំងនោះ លោកគ្រូភៀងទទួលបានប័ណ្ណសរសើរជាច្រើនរបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង”៕
យ្វីអាញ់-ថាច់ធី