ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វាយតម្លៃ៖ ស្រូវរដូវដើមឆ្នាំនិងរដូវសម្រកឆ្នាំ ២០២៣ ទទួលបានផលកាក់កប នាំមកប្រាក់ចំណេញខ្ពស់បង្គួរ។ លទ្ធផលទាំងនេះ អាស្រ័យដោយការផ្លាស់ប្តូររដូវកាលសាបព្រោះ បញ្ចៀសជំងឺនិងដង្កូវក្រា ជាមួយនឹងការជ្រើសរើសពូជសមស្រប។ល។ រឹតតែសប្បាយជាងទៀត កសិករតំបន់វាលរាបទន្លេគឺវឡុង ចាប់ផ្តើមត្រៀមបម្រុងឱ្យស្រូវរដូវប្រាំង ឆ្នាំ ២០២៣-២០២៤ នាពេលខាងមុខ។
រូបថតឧទាហរណ៍។
យោងតាមនាយកដ្ឋានដាំដុះ (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ) ឆ្នាំ២០២៣ ខេត្ត ក្រុងនានានៅតំបន់វាលរាបទន្លេគឺវឡុង បានចលនាកសិករផ្តោតទៅលើការសាបព្រោះត្រូវតាមកាលបរិច្ឆេទរដូវកាលដែលបានផ្តល់អនុសាសន៍ ដើម្បីកាត់បន្ថយការខូចខាតដែលបណ្តាលមកពីជំងឺនិងដង្កូវក្រា ផលប៉ះពាល់ទឹកជំនន់ បញ្ចៀសរាំងស្ងួតនិង ជ្រាបជាតិប្រៃ; ទន្ទឹមនឹងលក្ខណៈអាកាសធាតុជាមូលដ្ឋានអំណោយសម្រាប់ការផលិត ដូច្នេះ ដំណាំសំខាន់ៗ មានដូច៖ ស្រូវ បន្លែបង្ការ ឈើហូបផ្លែ សុទ្ធសឹងលូតលាស់ល្អ ផ្តល់ទិន្នផលខ្ពស់ គុណភាពធានា។ល។ លោក ឡេថាញ់តុង អនុប្រធាននាយកដ្ឋានដាំដុះ ឱ្យដឹង៖ “តម្លៃស្រូវបានកើនឡើងចាប់តាំងពីចុងរដូវដើមឆ្នាំ ២០២៣ រហូតមកទល់បច្ចុប្បន្ន នាំឱ្យអាជីវកម្មទាំងឡាយពង្រឹងការចងសម្ព័ន្ធជាមួយនឹងគ្រួសារប្រជាជន ដើម្បីធានាប្រមូលទិញស្រូវហើយ សន្យាទិញក្នុងតម្លៃតាមទីផ្សារឬក៏តម្លៃដែលបានកំណត់តាំងពីដើមរដូវ។ ការងារនេះ បានជួយឱ្យកសិករស្ងប់អារម្មណ៍ក្នុងការផលិត មិនខ្វល់ពីច្រកចេញពេលដល់រដូវប្រមូលផល។ ទន្ទឹមនឹងនោះ រដូវស្រូវកន្លងហើយ ព្រឹត្តិបត្រព័ត៌មានអាកាសធាតុកសិកម្ម ត្រូវបានអនុវត្តជាបន្ត ឆ្លងតាមរយៈកាលបរិច្ឆេទរដូវកាល វិធានការផលិតកម្ម ទប់ទល់នឹងអាកាសធាតុដែលបានផ្តល់អនុសាសន៍ ផ្ទេរបច្ចេកទេសដល់ប្រជាជនយ៉ាងឆាប់រហ័សទាន់ពេល ជាមួយនឹងខ្លឹមសារ សម្បូរបែប ទម្រង់ច្រើនប្រភេទ បានជួយឱ្យកសិករប្រិតសំចៃលើការផលិត បង្កើនប្រាក់ចំណេញនៅរាល់រដូវកាល”។
ក្នុងកិច្ចប្រជុំបូកសរុបបណ្តោះអាសន្នការ ផលិតស្រូវរដូវដើមឆ្នាំ រដូវសម្រក រដូវកាលឆ្នាំ ២០២៣ និងផ្សព្វផ្សាយផែនការផលិតស្រូវរដូវប្រាំងឆ្នាំ ២០២៣-២០២៤ នៅតំបន់វាលរាបទន្លេគឺវឡុង លោកហ្វាងត្រុង អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃការផលិតនៅរាល់រដូវកាលឆ្នាំ ២០២៣ ។ ក្នុងរដូវប្រាំងខាងមុខនេះ អនុរដ្ឋមន្ត្រី ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ សំណូមពរដល់គ្រប់អង្គភាពជំនាញទាំងអស់ចំណុះក្រសួង និងភូមិភាគនានា គប្បីផ្សព្វផ្សាយ ចលនាកសិករសាបព្រោះត្រូវតាមផែនការ ពិសេសគឺខេត្តនានាដែលនៅជាប់មាត់សមុទ្រតំបន់វាលរាបទន្លេគឺវឡុង គប្បីសាបព្រោះឱ្យបានឆាប់ ដើម្បីបញ្ចៀសរាំងស្ងួតនិងជ្រាបជាតិប្រៃអាចកើតមាន។ ភូមិភាគនានាគប្បីផ្តោតទៅលើការជ្រើសរើស អាទិភាពប្រើប្រាស់ពូជស្រូវផ្តល់ទិន្នផលខ្ពស់ ដើម្បីឆ្លើយតបនឹងការនាំចេញ; គប្បីតាមដានហ្មត់ចត់ស្ថានភាពឧតុនិយមនិងជលសាស្ត្រ ការ ប្រែប្រួលនៃប្រភពទឹក ដើម្បីគ្រប់គ្រងការពារការផលិត កាត់បន្ថយខូចខាតដែលកើតឡើង; ដាក់ពង្រាយប្រភពកម្លាំង ដើម្បីជីកស្តារព្រែក ប្រឡាយ ពិនិត្យនិងជួសជុលពង្រឹងភ្លឺទំនប់ ទ្វារលូដើម្បីរាំងទឹកជំនន់ ទឹកប្រៃ និងមានផែនការដាក់ដំណើការទ្វារលូរាំងទឹកជំនន់ឱ្យបានទាន់ពេល; កសាងផែនការបង្ការទប់ស្កាត់គ្រោះរាំងស្ងួតនិងជ្រាបជាតិប្រៃ ឆ្លើយតបភ្លាមៗខណៈពេលរាំងស្ងួត កង្វះទឹកស្រោចស្រពដែលកើតឡើងនៅរដូវប្រាំង; ពង្រីកវិសាលភាពទម្រង់ផលិតទទួលបានប្រសិទ្ធភាពខ្ពស់ តួយ៉ាងដូច ទម្រង់ “វាលស្រែគំរូធំ” “៣បន្ថយ ៣កើន” “១ត្រូវ ៥បន្ថយ”, “គ្រប់គ្រងជំងឺរាតត្បាតដោយបច្ចេកវិទ្យាជីវសាស្ត្រ”, “គ្រប់គ្រងមមាចត្នោត ជំងឺលឿងតឿនិងតឿរួញស្លឹក” ជាដើម៕
វ៉ាន់ថឹក-មុនី