“Palmania ន័យជាភាពសាខ្មែរថា ការចូលចិត្តជាមួយនឹងរុក្ខផល។ ខ្ញុំដាក់ឈ្មោះក្រុមហ៊ុន Palmania ជំនាញផលិតស្ករត្នោត។ ខ្ញុំមានបំណងចង់ឱ្យផលិតផលពិសេសដែលមាននៅស្រុកកំណើតជនរួមជាតិខ្មែរ បានបោះជំហានចាកតំបន់ជនបទក្រីក្រនេះ”។ ហើយដើម្បីសម្រេចក្តីសុបិននេះ ចៅង៉ុកយីវ បានបោះបង់ការងារដែលមានប្រាក់ខែខ្ពស់ ហើយត្រឡប់មកស្រុកកំណើតផ្តើមអាជីព...។
បងស្រី ចៅ ង៉ុកយីវ។
កម្មករកំពុងពិនិត្យគុណភាពស្ករត្នោត មុននឹងចូលដំណើរការផលិត។
ចៅង៉ុកយីវ នៅស្រុកទ្រីតូង ខេត្តអាងយ៉ាង។ យីវរៀបរាប់៖ ដូចជាកូនខ្មែរ ឯទៀតដែរ កុមារភាពរបស់យីវបានផ្សារភ្ជាប់ជាមួយនឹងដើមត្នោត មានបន្លែងលេងជាមួយមិត្តភក្តិក្រោមម្លប់ដើមត្នោត។ មិនតិចដងដែល យីវដើរលេងតាមជនបទ មើលអ្នកផងទៅយកទឹកត្នោតនិងកែច្នៃស្ករត្នោត។ ហើយក្នុងអំឡុងពេលនោះ រសជាតិផ្អែមត្រជាក់ និងក្លិនក្រអូប ពិសេសរបស់ត្នោត បានដក់ជាប់ក្នុងដួងចិត្តរបស់យីវតាំងពីពេលណាដោយមិនដឹងខ្លួន... ប៉ុន្តែស្ករត្នោតបែបប្រពៃណី មិនទាន់មានវត្តមាន នៅក្នុងប្រព័ន្ធផ្សារទំនើបនិងតូបហាងច្រើននៅឡើយទេ។ ម្យ៉ាងទៀត បើចង់ជូនអំណោយ ផលិតផលរបស់ស្រុកកំណើតដល់មិត្តភ័ក្ដិ ក៏ ពិបាកស្វែងរកជាវដែរ ព្រោះរូបភាពខ្វះភាពប្រណីត ហើយគុណភាពក៏មិនធានាផងដែរ។
រយៈពេលជាង ១០ ឆ្នាំមុន ក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ដោយហេតុថា កាលពីជាង ១០ ឆ្នាំមុន យីវជាបុគ្គលិកធនាគារ។ ក្រោយមក យីវបានផ្លាស់ទៅធ្វើការនៅអង្គភាពសុខុមាលភាពសហគមន៍ នៅទីក្រុងហូជីមិញ។ ប្រាក់ខែរបស់យីវ ធ្លាប់ឡើងដល់រាប់សិបលានក្នុងមួយខែ។ អ្នកផងជាច្រើនមានការតក់ស្លុត ពេលដឹងដំណឹងថា៖ “យីវលះបង់អ្វីៗទាំងអស់ ត្រឡប់ទៅស្រុកកំណើតវិញ ហើយផ្តើមអាជីពពីដើមត្នោត”។ និយាយអំពីការសម្រេចចិត្តដ៏អង់អាចរបស់ខ្លួន បងស្រីយីវបានចែករំលែក៖ “ខ្ញុំចង់ផលិតនូវផលិតផលពិសេសសម្រាប់ស្រុកកំណើត ដែលអ្នកណាក៏អាចផ្តល់ជាអំណោយបានយ៉ាងងាយស្រួល។ ខ្ញុំចង់នាំមកនូវតម្លៃសម្រាប់កសិករខ្មែរនៅស្រុកកំណើតរបស់ខ្ញុំ ជាពិសេសគឺស្ត្រីខ្មែរ”។
ក្រោយពីមួយរយៈពេលសិក្សាស្រាវជ្រាវ នៅខែមិថុនា ឆ្នាំ២០១៧ បងស្រីយីវ និងមិត្តម្នាក់បានរួមគ្នាហ៊ុនទុន ដើម្បីបង្កើតក្រុមហ៊ុនភាគហ៊ុន Palmania មានទីតាំងដាក់នៅទីក្រុងហូជីមិញ ដោយបងស្រីធ្វើជានាយក។ នៅខែសីហា ឆ្នាំ ២០១៩ ក្រុមហ៊ុនបានផ្លាស់ទីតាំង ប្តូរមកដាក់នៅទីប្រជុំជនទ្រីតូង។ ក្រោយពី២ ឆ្នាំខិតខំប្រឹងប្រែងសិក្សស្រាវជ្រាវ ក្រុមហ៊ុនបានបង្កើតដោយជោគជ័យនូវផលិតផលថ្មីនៃស្ករត្នោតម្សៅ Palmonia ធម្មជាតិសុទ្ធ គ្មានសារធាតុបន្ថែម ដោយមិនប្រើវិធីបំបែកយកទឹកដម។
បច្ចុប្បន្ននេះ Palmania មានផលិតផលសំខាន់ៗចំនួន ៣ គឺស្ករត្នោតរាវ ស្ករត្នោតម្សៅ និងទឹកដមស្ករត្នោតប្រភេទម្សៅ ដែលមានលក់នៅតាមផ្សារទំនើប និងហាងលក់ទំនិញជាច្រើនក្នុងទូទាំងប្រទេស។ មិនត្រឹមតែផលិតសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសប៉ុណ្ណោះទេ បំណងធំបំផុតរបស់បងស្រីយីវ គឺចង់នាំយកផលិតផលទៅក្រៅប្រទេស។ “ខែកញ្ញា ឆ្នាំ២០២០ ផលិតផលទឹកដមត្នោតប្រភេទម្សៅ នាំយកទៅចូលរួមប្រកួតប្រជែងពានរង្វាន់ Great Taste Awards ដែលរៀបចំឡើងនៅប្រទេសអង់គ្លេស សម្រេចលំដាប់ផ្កាយ២។ នេះត្រូវបានចាត់ទុកថាពានរង្វាន់ Oscar ក្នុងពិភពម្ហូបអាហារ។ ផលិតផលដែលនាំយកទៅចូលរួម ត្រូវបានអ្នកជំនាញល្បីៗផ្នែកម្ហូបអាហារនិងភេសជ្ជៈជាង ៥០០ នាក់ វាយតម្លៃនិងជ្រើសរើស... មិនឈប់ត្រឹមនេះ នៅក្នុងកម្មវិធីប្រកួតពានរង្វាន់ Great Taste Awards ខែកញ្ញា ឆ្នាំ២០២១ ផលិតផលស្ករត្នោតរាវរបស់ Palmania ក៏បានសម្រេចស្តង់ដារផ្កាយ១.. លទ្ធផលនេះ គឺជាជំហានដ៏សំខាន់សម្រាប់ Palmania ដើម្បីមានវត្តមាននៅលើទីផ្សារប្រទេសហូឡង់ ហ្វាំងឡង់ និងប្រទេសមួយចំនួនទៀតនៅក្នុងទ្វីបអឺរ៉ុប” បងស្រីយីវ បានចែករំលែកដូច្នេះ។
សម្រាប់ផែនការអនាគត បងស្រីយីវ បានឱ្យដឹង ក្រុមហ៊ុន Palmania នឹងបន្តវិនិយោគ បង្កើនពលានុភាពរោងចក្រ ដើម្បីបំពេញតម្រូវការទីផ្សារ។ ជាពិសេស Palmania កំពុងតែប្រញាប់នាំចេញទីផ្សារផលិតផល Siro ទឹកត្នោត ទឹកផ្កាត្នោត។ ក្នុងនោះ ផលិតផល Siro ទឹកត្នោត ត្រូវបានទទួលស្គាល់ផ្កាយ ២ ក្នុងពិធីប្រកួតពានរង្វាន់ Great Taste Awards ឆ្នាំ២០២២៕
ថាញ់ ឡុង