អ្នកមីងសើុងធីហ្វា នៅភូមិអាងត្រាច់ ឃុំអាងហ៊ីប ស្រុកថូវថាញ់ ខេត្តសុកត្រាំង បានផ្សារភ្ជាប់នឹងរបរធ្វើផ្កាក្រដាសជាច្រើនឆ្នាំ។ របរនេះជួយឱ្យគ្រួសារគាត់រកបានប្រាក់ចំណូលនិងមានជីវភាពលំនឹង។
អ្នកមីងសើុងធីហ្វា កំពុងបង្ហើយដើមផ្កាក្រដាស។
តាមប្រសាសន៍អ្នកមីងហ្វា ពីមុនឪពុកម្តាយគាត់កាលនៅរស់ក៏ប្រកបរបរធ្វើផ្កាក្រដាសនេះដែរ ដើម្បីបម្រើក្នុងពិធីបុណ្យផ្កា បុណ្យកឋិនទាន និងពិធីបុណ្យផ្សេងៗទៀតរបស់ជនរួមជាតិខ្មែរ។ ពេលអ្នកមីងអញ្ជើញទៅវត្តក្នុងថ្ងៃបុណ្យទានរបស់ជនរួមជាតិខ្មែរ បានឃើញផ្កាក្រដាសស្អាត ដាក់តុបតែងលម្អនៅក្នុងព្រះវិហារ កុដិសាលានោះ ញុាំងឱ្យអ្នកមីងកាន់តែចូលចិត្តថែមទៀត។ ផ្តើមពីនោះ គាត់បានរួមជាមួយឪពុកម្តាយធ្វើផ្កាលក់ដល់មាមីងខ្មែរក្នុងនិងក្រៅខេត្ត។ អ្នកមីងហ្វា ឱ្យដឹង៖ “ផុតពីម្តាយខ្ញុំទៅ អតិថិជនខ្លះកុម្ម៉ង់ទិញផ្កាតាមទូរស័ព្ទ អ្នកខ្លះមកដល់ផ្ទះកុម្ម៉ង់ ម្ល៉ោះហើយ ប្តីប្រពន្ធខ្ញុំជួយធ្វើដើម្បីឱ្យគ្រប់ចំនួនប្រគល់ដល់អតិថិជន។ ឥឡូវ ខ្ញុំនៅតែមានមោទនភាពពីរបរធ្វើផ្កាក្រដាសដែលឪពុកម្តាយបានបង្រៀនបន្តដល់ខ្ញុំ”។
អ្នកមីងហ្វា មានមោទនភាពចំពោះរបរធ្វើផ្កាក្រដាសដែលឪពុកម្តាយបានបង្រៀនបន្ត។
ផ្តើមពីការចូលចិត្ត និងមោទនភាពនោះ បានជួយឱ្យអ្នកមីងហ្វា មានទំនុកចិត្តផ្សារភ្ជាប់ជាមួយនឹងរបរដើម្បីធ្វើបានផលិតផលកាន់តែមានគុណភាពពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកមីងហ្វា ឱ្យដឹង៖ “របរធ្វើផ្កាក្រដាស គឺត្រូវមានភាពអំណត់ព្យាយាមនិងស្រឡាញ់របរ ទើបអាចធ្វើបាន។ ពីព្រោះដើម្បីសម្រេចបានផ្កាក្រដាសមួយដើម ត្រូវឆ្លងកាត់ច្រើនដំណាក់កាល ដំបូងបង្អស់ ត្រូវកាប់ដៃឫស្សី ឬពកយកមក រួចចោះរន្ធ និងចាក់ស៊ីម៉ងត៍ឱ្យដៃឫស្សីឈរចំកណ្តាលជើងផ្កា។ ពេលស៊ីម៉ងត៍ស្ងួត យកក្រដាសពណ៌លឿងរុំដៃឫស្សី រួចចងខ្សែលួសទៅនឹងដៃឫស្សី ដែលចោះរន្ធ បញ្ចូលគ្រាប់អង្កាំ ស្លឹកផ្កា និងក្រដាសទៅនឹងដើមផ្កា ដើម្បីសម្រេចផលិតផល។ សំខាន់បំផុតគឺគ្រប់អង្កាំនិងស្លឹក ត្រូវតែ ដេរឱ្យជាប់និងស្រស់ស្អាត ទើបសម្រេចគុណភាព។ ចំណែកផ្កាអាស្រ័យទៅតាមតម្រូវការរបស់អតិថិជន អាចចងលម្អដោយផ្កាអូរតង់ស្យា ផ្កាស្បៃរឿង ផ្កាសាវរ៉ាជាដើម”។ ទោះបីផលិតផលឆ្លងកាត់ច្រើនដំណាក់កាល ប៉ុន្តែប្តីប្រពន្ធ អ្នកមីងហ្វា អាចធ្វើផ្កាបានពី១០-២០ ដើម ក្នុងមួយថ្ងៃ។ ធ្វើផ្កាក្រដាសមានច្រើនខ្នាត ចាប់ពី ៥០ សង់ទីម៉ែត្រដល់ ១,៤ ម៉ែត្រ មានផ្កាពី៣ដល់៧ជាន់ លក់ដុំដោយតម្លៃពី ៥០.០០០ ដុង ដល់៥០០.០០០ដុង/ដើម។ ជាពិសេស ក្នុងខែប្រារព្ធពិធីបុណ្យផ្កា បុណ្យកឋិន គឺបរិមាណកើនឡើងពី២ដល់៣ដង បើប្រៀបជាមួយនឹង ថ្ងៃធម្មតា។
ក្នុងអំឡុង ១៧ ឆ្នាំមកនេះ ផលិតផលផ្កាក្រដាសរបស់អ្នកមីងសើុងធីហ្វា តែងច្នៃប្រតិដ្ឋ បង្កើតគំរូស្អាតៗ អាចឆ្លើយតបទៅនឹងតម្រូវការ របស់អតិថិជន។ ចំពោះអ្នកស្រីហ្វា របរធ្វើផ្កាក្រដាសមិនត្រឹមតែជាកិត្តិយសនិងមោទនភាពប៉ុណ្ណោះទេ នៅទាំងជាប្រភពចំណូលដ៏សំខាន់ ជួយគ្រួសារគាត់មានជីវភាពលំនឹងទៀតផង។ មីងហ្វា ចែករំលែកឱ្យដឹង៖ “កម្លាំងចលករធំបំផុតជួយខ្ញុំផ្សារភ្ជាប់នឹងរបរច្រើនឆ្នាំមកនេះ គឺពេលខ្ញុំទៅវត្តឃើញផ្កាក្រដាសដែលខ្ញុំធ្វើដោយដៃខ្លួនឯងបានតម្កល់លើពុទ្ធាសនៈ និងបម្រើក្នុងពិធីបុណ្យរបស់ជនរួមជាតិខ្មែរ។ បច្ចុប្បន្ន ក្នុងមួយឆ្នាំខ្ញុំរកបានប្រាក់ចំណូលមធ្យមភាគពី ៧០-១០០ លានដុងពីរបរធ្វើផ្កាក្រដាសនេះ”៕
យ្វីអាញ - វិមាន