សើុងធី្វសុផល ជនជាតិខ្មែរអាយុ២២ នៅខេត្តត្រាវិញ ជានិស្សិតនៃសាកលវិទ្យាល័យកឹងធើ ស្រឡាញ់ចូលចិត្តការងារមនុស្សធម៌ស្ម័គ្រចិត្ត។ នាងបានចុះឈ្មោះបរិច្ចាគសរីរាង្គបន្ទាប់ពីស្លាប់ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។
សុផល (ខាងស្តាំ) ថតរូបអនុស្សាវរីយ៍ជាមួយនឹងលេខាមជ្ឈិម
សម្ព័ន្ធយុវជនង្វៀងផាមយ្វីត្រាង។
ស្រឡាញ់ពេញចិត្តការងារមនុស្សធម៌ស្ម័គ្រចិត្ត
សើុងធ្វីសុផល ជានិស្សិតឆ្នាំទី ៤ ផ្នែកច្បាប់នៅសាកលវិទ្យាល័យកឹងធើ។ សព្វថ្ងៃក្រៅពីការសិក្សានាងនៅទាំងខ្នះខ្នែងចូលរួមសកម្មភាពមនុស្សធម៌ស្ម័គ្រចិត្តសង្គម។
នៅឆ្នាំសិក្សាថ្នាក់ទី ១២ សុផល ចាប់ផ្តើមចូលរួមសកម្មភាពសម្ព័ន្ធយុវជន។ ពេលចូលប្រឡូកក្នុងអង្គការនេះ នាងរឹតតែស្រឡាញ់ការងារស្ម័គ្រចិត្ត។ ពេលចូលរៀនមហាវិទ្យាល័យ យុវតីនិស្សិតម្ចាស់ការរៀបចំកាលបរិច្ឆេទសិក្សា ដើម្បីមានពេលវេលាធ្វើការងារមនុស្សធម៌ស្ម័គ្រចិត្ត។
មកទល់បច្ចុប្បន្ន សុផល បានចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្តចំនួន ១០ លើក។ ចាប់តាំងពីចុងឆ្នាំទី ១ រៀនមហាវិទ្យាល័យ ឃើញនៅមុខការិយាល័យសម្ព័ន្ធយុវជនសាលាមានមនុស្សច្រើនកុះករ សុផល ឆ្ងល់ក៏សួរមិត្តភក្តិ “សាលាយើងមានអ្នកណាជួបបញ្ហាអ្វីបានជាមានឡាន ពេទ្យ?”។ ពេលបានចែករំលែកពីកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នាងក៏ចូលរួមភ្លាម។
ការសម្រេចចិត្តចុះឈ្មោះបរិច្ចាគសរីរាង្គរបស់សុផល ដំបូងគឺរងការប្រតិកម្មរបស់គ្រួសារ។ “ពេលម្តាយឪពុកស្រស់ស្រូបអាហារពេលល្ងាចរួច ហើយកំពុងមើលទូរទស្សន៍ ប្អូនប្រាប់គាត់ថា កូនចុះឈ្មោះបរិច្ចាគសរីរាង្គ។ ឪពុកប្អូននៅស្ងៀម គ្រាន់តែសួរថា “គិតច្បាស់លាស់នៅ”។ ប្អូននិយាយថា “បាទ! ហើយ”។ ម្តាយប្អូនយំ ប្អូននិយាយថា “ប្រសិនបើកូនស្លាប់ រូបរាងកាយក៏មិនអាចយកទៅបាន ដូច្នេះ កូនបរិច្ចាគទាំងអស់ ក្រែងលោជួយអ្នកដទៃដែលកំពុងត្រូវការដើម្បីមានឱកាសរស់រានមានជីវិត” សុផល រៀបរាប់ឡើងវិញ ព្រមទាំងប្រាប់ឱ្យដឹងថា បន្ទាប់ពីបានបញ្ចុះបញ្ចូល ម្តាយនាងយល់ព្រមនិងគាំទ្រយ៉ាងពេញទំហឹង។
ជួយកុមារដែលមានស្ថានភាពលំបាក
ចំពោះយុវតីនិស្សិតផ្នែកច្បាប់ ការចូលរួមសកម្មភាពសង្គមនិងការងារមនុស្សធម៌ស្ម័គ្រចិត្ត ជួយឱ្យនាងយល់ច្បាស់និងមើលឃើញពីស្ថានភាពដែលមិនធ្លាប់ជួបប្រទះពីមុនមក។ “ផ្តើមពីនោះ ប្អូនដកពិសោធន៍បាន “អ្នកណាក៏មានហេតុផល” “ផ្ទះណា ចង្កៀងនោះភ្លឺ”។ អាស្រ័យ មានសកម្មភាពទាំងនោះ ជួយឱ្យប្អូនពង្រីកការយល់ដឹង បានរស់នៅដោយភាពត្រឹមត្រូវ” សុផល បានឱ្យដឹងដូច្នេះ។
ឆ្នាំ២០២១ សុផល ចៃដន្យបានមើលកម្មវិធីមួយចំណុះគម្រោង “ចិញ្ចឹមប្អូនៗ”។ ឃើញប្អូនៗ នៅតំបន់ខ្ពស់ហូបចុកលំបាកលំបិននៅក្នុងផ្ទះស៊ុបទ្រុប នាងស្រងាកចិត្ត។ ផ្តើមពីការអំពាវនាវរបស់កម្មវិធី នាងសម្រេចចិត្តទទួលចិញ្ចឹមកុមារចំនួន ៣ នាក់នៅស្រុកមឿងញ៉ែ ខេត្តដៀងបៀង ម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១,៤៥ លានដុង/ឆ្នាំសិក្សារហូតដល់ប្អូនៗទទួលបានការឧបត្ថម្ភរបស់រដ្ឋ។ នៅឆ្នាំសិក្សា ២០២២-២០២៣ សុផល ទទួលចិញ្ចឹមបន្ថែមកុមារដាវត្រុងហ្វាង នៅស្រុកអៀសុប ខេត្តដាក់ឡាក់ ជាមួយទឹកប្រាក់ឧបត្ថម្ភចំនួន ១,៤៥ លានដុង/ឆ្នាំសិក្សា។
មិនត្រឹមតែប៉ុណ្ណោះ នាងនៅទាំងទទួលគាំពារដល់អគារលេខ ១១ ភូមិកុមារ SOS ហាណូយ ជាមួយទឹកប្រាក់ឧបត្ថម្ភចំនួន ៣០០.០០០ ដុង/ ខែ។ ទន្ទឹមនឹងនោះ នាងក៏កំពុងជួយគាំទ្រដំណាក់សង្គ្រោះឆ្កែឆ្មានៅកឹងធើ និងតៀមបម្រុងបរិច្ចាគសក់ដល់អ្នកជំងឺមហារីក។
ជានិស្សិត ក្រៅពីការសិក្សា នាងនៅទាំងឆ្លៀតពេលលក់អាវខោជជុះ ថតរូបបង្ហាញម៉ូដ។ល។ ដើម្បីរកប្រាក់ចំណូលបន្ថែមជួយប្អូនៗ។ សុផល រៀបរាប់ថា មានពេលខ្លះត្រូវបង់ថ្លៃសិក្សាឱ្យប្អូនៗ៣នាក់ ប៉ុន្តែប្រាក់មិនគ្រប់ ដូច្នេះនាងយកកម្រង សមុច្ច័យរឿងគំនូរកូណានដែលនាងចូលចិត្តបំផុតទៅលក់អស់។ “ពេលលក់កម្រងសមុច្ច័យ ស្តាយខ្លាំងណាស់។ ប្អូនយល់ឃើញថា អាចរកទិញកម្រងថ្មីឡើងវិញបាន ប៉ុន្តែប្រសិនបើគ្មានប្រាក់បង់ថ្លៃសិក្សា ប្អូនៗត្រូវផ្អាកការសិក្សា១ឆ្នាំគួរឱ្យអាណិតណាស់។ លក់កម្រងរឿងនេះ ក៏ស័ក្តិសមដែរ” សុផល បានសំណេះសំណាលដូច្នេះ៕
យោង៖ tienphong.vn-មុនី