អ្នកគ្រូដាវធីវីហា ជាអ្នកទទួលបន្ទុកគ្រប់គ្រងក្រុមនៃសាលាបឋមសិក្សាឌិញម៉ូង២ ស្រុកធើយឡាយ ក្រុងកឹងធើ។ ថ្វីដ្បិតតែមុខវិជ្ជាឯកទេសរបស់អ្នកគ្រូវីហា គឺបង្រៀនភាសាខ្មែរដល់សិស្សជនជាតិខ្មែរក៏ពិតមែន។
អ្នកគ្រូដាវធីវីហា (ខាងស្តាំ) ឧទ្ទេសនាមពីនំលម្អងចេកដល់សិស្ស។
អ្នកគ្រូវីហា រៀបរាប់៖ “ខ្ញុំមានសំណាង ពីព្រោះបានជីតានិងម្តាយបង្រៀននិយាយភាសាខ្មែរតាំងពីកុមារភាព ម្ល៉ោះហើយខ្ញុំនិយាយបានល្អ។ រយៈពេលរៀនចំណេះដឹងទូទៅ រដូវវិស្សមកាលម្តងៗគឺខ្ញុំតែងសុំឪពុកម្តាយទៅវត្តរៀនអក្សរខ្មែរ អាស្រ័យហេតុនោះ ខ្ញុំនិយាយនិងសរសេរអក្សរខ្មែរបានល្អ។ លុះដល់ពេលចូលវិទ្យាល័យជនជាតិអន្តេវាសិកកឹងធើ ខ្ញុំបានលោកគ្រូ អ្នកគ្រូបង្ហាត់បង្រៀន ហេតុនោះខ្ញុំមានបំណងចាប់យកអាជីពដើម្បីនឹងបង្រៀនសិស្សជនជាតិខ្មែរសំដៅរួមចំណែកអភិរក្ស ភាសាអក្សររបស់ជនរួមជាតិខ្មែរ”។
អ្នកគ្រូវីហា ឱ្យដឹង៖ យើងកាន់តែមានសំណាងពីព្រោះកាលដែលអ្នកគ្រូប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ផ្នែកអប់រំក្រុងកឹងធើ កំពុងជម្រើសនិស្សិតគរុកោសល្យដើម្បីបណ្តុះបណ្តាលទៅជាគ្រូបង្រៀនភាសាខ្មែរ។ ក្រោយមកនឹងចាត់ឱ្យទៅបង្រៀនតាមសាលាដែលមានសិស្សជនជាតិខ្មែរច្រើន។ អ្នកគ្រូវីហា ជាប់ជម្រើសហើយត្រូវបានចូលរៀនកម្មវិធីអនុមហាវិទ្យាល័យគរុកោសល្យនៃអនុមហាវិទ្យាល័យគរុកោសល្យសុកត្រាំង។ ក្រោយពីបញ្ចប់ការសិក្សា អ្នកគ្រូត្រូវបានចាត់មកបង្រៀននៅឃុំឌិញម៉ូង។
ក្នុងដំណាក់កាលបម្រើការងារ អ្នកគ្រូវីហា តែងសកម្មចូលរួមរាល់ចលនាអង្គការមហាជន ណាមួយដោយមានទេពកោសល្យខាងសិល្បៈ ម្ល៉ោះហើយ អ្នកគ្រូត្រូវបានជ្រើសរើសទទួលបន្ទុកនិងជាអ្នកគ្រប់គ្រងក្រុម។ ថ្ងៃដែលក្រុងកឹងធើរៀបចំប្រឡងធ្វើនំប្រពៃណីខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មី អ្នកគ្រូវីហា ឆ្លៀតពេលនាំសិស្ស ដែលខ្លួនទទួលបន្ទុកមកទស្សនាពិធីប្រឡងផងដែរ។ ពិនិត្យមើលអ្នកគ្រូឧទ្ទេសនាមពីប្រភេទនំមួយៗរបស់ជនជាតិខ្មែរឱ្យសិស្សបានយល់ ទើបដឹងថាអ្នកគ្រូពិតជាឱ្យតម្លៃទៅលើវប្បធម៌របស់ជនជាតិខ្មែរខ្លាំងណាស់។ មិនត្រឹមតែឧទ្ទេសនាមត្រួសៗប៉ុណ្ណោះទេ អ្នកគ្រូថែមទាំងឱ្យសិស្សភ្លក់រសជាតិនំនីមួយៗហើយសួរប្អូនៗអំពីវត្ថុធាតុដើមទៀតផង។ ពិសេស អ្នកគ្រូក៏បានឧទ្ទេសនាមពីប្រភេទនំដែលត្រូវបានប្រើការក្នុងឱកាសឬពិធីបុណ្យផ្សេងៗបស់ជនរួមជាតិខ្មែរផងដែរ។
ការអស់ពីចិត្តរបស់អ្នកគ្រូវីហា ត្រូវបានអាណាព្យាបាលសិស្សជាច្រើនវាយតម្លៃខ្ពស់។ បងស្រី ថាច់ធីហុង នៅភូមិឌិញខាញ់ ឃុំឌិញម៉ូង ឱ្យដឹង៖ “កាលពីកុមារភាព គ្រួសារខ្ញុំលំបាកណាស់ ម្ល៉ោះហើយមិនបានរៀនសូត្រត្រឹមត្រូវនឹងគេទេ ហើយក៏មិនបានយល់ដឹងច្រើនអំពីវប្បធម៌ អក្សររបស់ជនជាតិអ្វីដែរ។ សព្វថ្ងៃ ឃើញអ្នកគ្រូវីហា អស់ពីចិត្តដូច្នេះ ខ្ញុំស្ងប់ចិត្តឱ្យកូនរៀនរបាំ រៀនអក្សរខ្មែរជាមួយនឹងអ្នកគ្រូ។ សង្ឃឹមថាថ្ងៃក្រោយ កូនខ្ញុំមិនត្រឹមតែចេះនិយាយសរសេរបានស្ទាត់ភាសារបស់ជនជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងចំណេះដឹងទាំងនោះនឹងជួយកូនខ្ញុំមានមុខរបរលំនឹងទៅអនាគតទៀតផង”៕
ហាថាញ-លីសៀ