មុននេះ៥ឆ្នាំ គ្រួសារបងយឿងវ៉ាន់ហុង នៅភូមិទៀវ ឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ ជាគ្រួសារមួយក្នុងចំណោមគ្រួសារខ្មែរក្រីក្រ។ ប៉ុន្តែឥឡូវគ្រួសារបងបានចាកផុតពីភាពក្រីក្រ ដោយសារអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនទៅក្នុងការផលិត។
ប្តីប្រព័ន្ធបងយឿងវ៉ាន់ហុង ថែទាំដំណាំត្រចៀកក្រាញ់ ដាំក្នុងរោងសំណាញ់។
តាមសម្ដីបងយឿងវ៉ាន់ហុង អាស្រ័យបានសមាគមកសិករឃុំឧទ្ទេសនាមទៅចូលរួមហ្វឹកហ្វឺនពីបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ ទើបបងមិនញញើតអនុវត្តបច្ចេកវិទ្យា ៤.០ ទៅក្នុងការដាំដំណាំត្រចៀកក្រាញ់និងត្រកួន។ ផ្តើមពីនោះ គ្រួសារគាត់រកបានប្រាក់ចំណូលខ្ពស់។ បងហុង ឱ្យដឹង៖ “ដើមឆ្នាំ ២០១៨ ខ្ញុំចាប់ផ្តើមកែប្រែ និងបង្វែរដីស្រែទាំង ៤ កុងមកដាំដំណាំរួមផ្សំ។ រដូវដំបូងខ្ញុំដាំត្រសក់ ពេលប្រមូលផលត្រសក់លក់ក្នុងតម្លៃពី ១០.០០០-១៥.០០០ ដុង/គីឡូក្រាម។ ជាមួយនឹងតម្លៃដូចពោលខាងលើ ខ្ញុំប្រមូលបានដើមទុនវិនិយោគមក និងរកបានប្រាក់ចំណេញមួយចំនួន”។
បច្ចុប្បន្ន គ្រួសារបងហុងកំពុងដាំដំណាំ ៣ ប្រភេទគឺ៖ ដំណាំត្រកួន ត្រសក់ និងត្រចៀកក្រាញ់ ក្នុងមួយឆ្នាំអាចដាំបានពី ២-៣ រដូវ នាំមកនូវប្រាក់ចំណូលជូនគ្រួសារប្រមាណពី ៤០-៥០ លានដុង/រដូវ។ បងហុង ឱ្យដឹងបន្ថែម៖ “ដាំដំណាំរួមផ្សំចាំបាច់ត្រូវចំណាយពេលថែទាំច្រើនជាងការធ្វើស្រែ ប៉ុន្តែរកបានប្រាក់ចំណូលខ្ពស់ជាងច្រើនដងបើប្រៀបជាមួយនឹងការធ្វើស្រែ។ ទោះបីមានពេលខ្លះប្រឈមនឹងតម្លៃទីផ្សារ ប៉ុន្តែអាចយកប្រភេទដំណាំនេះប៉ះប៉ូវឱ្យដំណាំផ្សេង។ បច្ចុប្បន្ន គ្រួសារខ្ញុំនៅទាំងបានសមាគមកសិករឃុំឧទ្ទេសនាមឱ្យបុលទុនពីធនាគារគោលនយោបាយសង្គមស្រុក ៤០ លានដុង និងប្រាក់គ្រួសារប្រិតសំចៃបន្ថែម ដើម្បីសាងសង់រោងសំណាញ់ និងបំពាក់ប្រព័ន្ធស្រោចស្រព អាស្រ័យមានប្រព័ន្ធបច្ចេកវិទ្យា ៤.០ គ្រួសារ ខ្ញុំក៏កាត់បន្ថយការចំណាយបានច្រើន”។
បងហុង គ្នេរគ្នាន់ក្នុងអំឡុងប៉ុន្មានខែដើមឆ្នាំ ២០២៣ គាត់ដាំបានត្រកួន ៣ កុង និងត្រចៀកក្រាញ់ ១ កុង។ បច្ចុប្បន្ន ត្រកួនមានតម្លៃ ៥.០០០ ដុង/គីឡូក្រាម ក្នុងមួយថ្ងៃគាត់កាត់លក់ជាង ១០០ គីឡូក្រាម ហេតុនោះក្នុងរដូវនេះ គ្រាន់តែគិតដោយឡែកដំណាំត្រកួន គ្រួសារបងរកបានប្រាក់ចំណូលជាង ៤០ លានដុងទៅហើយ។ ចំណែកត្រចៀកក្រាញ់ស្រែ ១ កុង ក្នុងមួយថ្ងៃប្រមូលផលបាន ៣គីឡូក្រាម លក់ក្នុងតម្លៃ ២០.០០០ ដុង/គីឡូក្រាម ក្រោយពីទូទាត់នៅចំណេញបាន ១,៥ លានដុងរៀងរាល់ខែ។
លោក យឿងហ៊ឹង អនុប្រធានសមាគមកសិករឃុំដាឡុក ឱ្យដឹង៖ “បងហុង ជាកសិករមួយរូបក្នុងចំណោមកសិករគំរូ មោះមុតបង្វែររចនាសម្ព័ន្ធផលិតកម្ម អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន ដើម្បីបង្កើនប្រាក់ចំណូលពីការដាំដំណាំរួមផ្សំ។ នេះជាទម្រង់មានប្រសិទ្ធភាពខ្ពស់នៅភូមិភាគ ក្នុងពេលខាងមុខ សមាគមនឹងចលនាសមាជិកកសិកររបស់ឃុំដែលមានលក្ខណៈ ដើម្បីបើកទូលាយទម្រង់។ ទន្ទឹមនឹងនោះ បង្កើនកិច្ចសហការជាមួយនឹងផ្នែកឯកទេស រៀបចំបើកវគ្គហ្វឹកហ្វឺនផ្ទេរវិទ្យាសាស្រ្ត បច្ចេកទេសអំពីការដាំដុះ ចិញ្ចឹមសត្វ ជួយឱ្យកសិករកៀកជិតនឹងវិទ្យាសាស្រ្តបច្ចេកទេស បង្កើនប្រាក់ចំណូល”៕
សើុងម៉ាល័យ-វិមាន