ក្រៅពីអនុវត្តល្អភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខព្រំដែនសមុទ្រ កម្មាភិបាល យុទ្ធជន ប៉ុស្តិ៍ការពារព្រំដែនវិញចូវ កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ថែមទាំងផ្តុំកម្លាំងបង្កបង្កើនផល ដើម្បីផ្គត់ផ្គត់របបអាហារក្នុងអង្គភាពឱ្យកាន់តែមានភាពល្អប្រសើរ។
ទម្រង់ដាំបន្លែរបស់ប៉ុស្តិ៍ការពារព្រំដែនវិញចូវ។
អនុវត្តការចលនា “ផ្នែកព័ស្តុភារកងទ័ព ធ្វើតាមដំបូន្មានអ៊ំហូ” និងគម្រោង “លើកកម្ពស់ប្រសិទ្ធភាពបង្កបង្កើនផល ច្នៃអាហារក្នុងកងទ័ព ធានាសមស្រប សុវត្ថិភាពប្រកបដោយចីរភាព ដំណាក់កាល ២០២១-២០២៥ និងរហូតដល់ឆ្នាំ ២០៣០” ប៉ុស្តិ៍ការពារព្រំដែនវិញចូវ ជ្រើសរើសទម្រង់បង្កបង្កើនផលប្រកបដោយប្រសិទ្ធភាព។ ក្នុងរយៈកាល ៥ ខែដើមឆ្នាំ២០២៣ អង្គភាពរកបានប្រាក់ចំណូលជាង ៤០ លានដុងពីការបង្កបង្កើនផល។ យោងតាមប្រសាសន៍អនុសេនីយ៍ឯក ង្វៀងមិញថាញ់ អនុប្រធានប៉ុស្តិ៍ការពារព្រំដែនវិញចូវ ជាមួយនឹងផ្ទៃដីជាង ១.៥០០ ម៉ែត្រការ៉េ អង្គភាពបានបែងចែកជាមណ្ឌលដាំបន្លែ មណ្ឌលចិញ្ចឹមសត្វ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងថែទាំ។ ធម្មតាអង្គភាពដាំបន្លែគ្រប់ប្រភេទ មានដូច៖ ស្ពៃចង្កឹះ ស្ពៃខៀវ ត្រកួន ផ្ទី ជន្លង់ ល្ពៅ ននោង ឃ្លោក។ល។ ក្រៅពីនោះ អង្គភាពនៅទាំងដាំចេក ស្វាយ ក្រូច ដូង។ ចំណែកមណ្ឌលចិញ្ចឹមសត្វ អង្គភាពចិញ្ចឹមជ្រូក ពពែ មាន់ ទាជាដើម។ ពិសេស មណ្ឌលចិញ្ចឹមជ្រូក ត្រូវបានចែកជាច្រើនទ្រុងសម្រាប់ចិញ្ចឹមជ្រូក ព្រៃបន្តពូជ ពេលជ្រូកកើតកូនគឺទុកចិញ្ចឹមទាំងអស់។ អាស្រ័យម្ចាស់ការបានប្រភពពូជ អង្គភាពតែងរក្សាហ្វូងជ្រូកជាប្រចាំក្នុងទ្រុងប្រមាណជាង ២៥ ក្បាល គួបផ្សំនឹងមាន់ ទាកាប៉ារាប់រយក្បាល។ល។ បច្ចុប្បន្ន ទម្រង់បង្កបង្កើនផលបានផ្គត់ផ្គង់បន្លែបង្ការ សាច់និងត្រីគ្រប់ប្រភេទជាង ៩០% ដូច្នេះគុណភាពរបបអាហាររបស់កម្មាភិបាល យុទ្ធជន ត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ។ យុទ្ធជនឌាំងឡឹមអាញកៀក កងកម្លាំងប្រដាប់អាវុធនៃប៉ុស្តិ៍ការពារព្រំដែនវិញចូវ ឱ្យដឹង៖ “ការបានចូលរួមដាំដុះ ចិញ្ចឹមសត្វផ្ទាល់ជាមួយនឹងមិត្តរួមកង ដើម្បីធានារបបអាហារកាន់តែល្អប្រសើរ ខ្ញុំសប្បាយរីករាយខ្លាំងណាស់។ អាស្រ័យហេតុនេះ ខ្ញុំក៏បានចេះនូវបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ ដូច្នេះ ពេលបញ្ចប់កាតព្វកិច្ចវិលទៅស្រុក ខ្ញុំនឹងមានបទពិសោធន៍បន្ថែម ដើម្បីជួយគ្រួសារអភិវឌ្ឍផលិតកម្ម”។
ទម្រង់ចិញ្ចឹមជ្រូកព្រៃនិងពពែ នាំមកប្រសិទ្ធភាពខ្ពស់។
អនុសេនីយ៍ឯកង្វៀងមិញថាញ់ ឱ្យដឹង៖ “អាស្រ័យមានរបៀបធ្វើប្រកបដោយវិទ្យាសាស្ត្រ ដូច្នេះ មណ្ឌលបង្កបង្កើនផលរបស់អង្គភាពតែងមានពណ៌បៃតងនៃបន្លែបង្ការគ្រប់ប្រភេទ។ ហេតុនេះ អង្គភាពតែងកែលម្អរបបអាហារ បម្រើកងទ័ពបានល្អ។ ទម្រង់នេះ រួមចំណែកលើកកម្ពស់តួនាទី ភារកិច្ចរបស់កម្មាភិបាល បក្ខជន និងសមាជិកសម្ព័ន្ធយុវជនក្នុងទូទាំងអង្គភាព ព្រមទាំងបង្កបរិយាកាសប្រឡងប្រណាំងយ៉ាងពុះពោរក្នុងការងារបង្កបង្កើនផល; ពង្រីកស្មារតីខ្លួនទីពឹងខ្លួនរបស់កម្មាភិបាល យុទ្ធជនក្នុងអង្គភាព ដើម្បីការហ្វឹកហាត់កាន់តែពូកែ ត្រៀមលក្ខណៈប្រយុទ្ធខ្ពស់ផង និងការបង្កបង្កើនផលប្រកបដោយប្រសិទ្ធភាពផង រួមចំណែកអនុវត្តសម្រេចល្អនូវភារកិច្ច ការពាររឹងមាំអធិបតេយ្យ សន្តិសុខព្រំដែនសមុទ្ររបស់ខេត្ត”៕
យ្វីអាញ-មុនី