មិនត្រឹមតែដក់ចិត្តដិតអារម្មណ៍នោះទេ លោកយ័ញបេ ថែមទាំងបានរួមចំណែកក្នុងការអភិរក្សសិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរ ម្ល៉ោះហើយត្រូវបានផ្ដល់ជូនកិត្តិនាមជាសិប្បករឆ្នើម។
សិប្បករឆ្នើមយ័ញបេ តែងយកចិត្តទុកដាក់ថែទាំឧបករណ៍សម្ដែងរបស់ក្រុមសិល្បៈ។
សំណេះសំណាលជាមួយសិប្បករឆ្នើម យ័ញបេ ក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣ កន្លងហើយ ទើបឃើញច្បាស់ពីការប្ដេជ្ញាចិត្តរបស់លោក ចំពោះវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ សិប្បករយ័ញបេ ឱ្យដឹង៖ លោកកើតនិងធំដឹងក្ដីក្នុងគ្រួសារមួយដែលមានប្រពៃណីស្រឡាញ់ចូលចិត្តវប្បធម៌ជនជាតិនៅភូមិហ្វាថៀង ឃុំឌិញហ្វា ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង។ តាំងពីជំនាន់ជីតា ឪពុក និងឥឡូវនេះមកដល់រូបលោក គឺបន្តពង្រីកនិងថែរក្សាវប្បធម៌សិល្បៈជនជាតិ បង្រៀនបន្តដល់កូនចៅដើម្បីស្នងបន្ដ។ “អាយុ ១២ ឆ្នាំ ខ្ញុំចូលរួមក្នុងក្រុមល្ខោនរបស់ឃុំ ដែលមានលោកយ័ញបៀង ជាអ្នកដឹកនាំសម្ដែង។ ក្រោយពីប្រទេសជាតិបានឯករាជ្យ ឯកភាពទឹកដី ខ្ញុំក៏ចូលក្នុងក្រុមសិល្បៈខ្មែរខេត្តគៀងយ៉ាង។ ឆ្នាំ ១៩៧៨ ខ្ញុំក៏វិលត្រឡប់មកស្រុកកំណើតហើយបង្កើតក្រុមសិល្បៈក្នុងភូមិ និពន្ធ ចងក្រង និងបង្ហាត់ក្បាច់របាំរបស់ជនជាតិដល់ក្មួយៗ និងចូលរួមប្រឡងរាល់ពិធីសមោសរ សិល្បៈគ្រប់កម្រិត ហើយទទួលបានស្នាដៃខ្ពស់ៗ ជាច្រើន” សិប្បករឆ្នើមយ័ញបេ បានឱ្យដឹងដូច្នេះ។
សិប្បករឆ្នើមយ័ញបេ កំពុងហាត់រាំរបាំគោះត្រឡោក។
រៀងរាល់សប្ដាហ៍ សិប្បករឆ្នើមយ័ញបេ បានជ្រើសរើសពេលវេលាដើម្បីប្រមែប្រមូលកូនក្មួយ និងអ្នកដែលមានចំណង់ចំណូលចិត្តខាងវិស័យសិល្បៈក្នុងភូមិ ដើម្បីមកបង្ហាត់របាំ រាំ ច្រៀងនៅមុខផ្ទះគាត់។ លោកបានណែនាំយ៉ាងហ្មត់ចត់រាល់កាយវិការក្បាច់របាំ ដោយរំពឹងថា គ្រប់គ្នាអាចសម្ដែងបានល្អ ច្រៀងបានពីរោះ។ ដើម្បីបន្តរក្សាការហាត់សមបានទៀងទាត់សម្រាប់ក្រុមសិល្បៈ និងការបង្រៀនដល់កូនក្មួយ គ្រួសារលោកបានចំណាយថវិការាប់រយលានដុងដើម្បីទិញឧបករណ៍បំពងសំឡេង សម្លៀកបំពាក់ ឧបករណ៍តន្រ្តី ទាំងបាយទឹក ហូបចុកដល់កូនក្មួយក្រុងក្រុមសិល្បៈ។ ពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឬពិធីបុណ្យផ្សេងៗ របស់ជនរួមជាតិខ្មែរ ទិវាវប្បធម៌ កីឡានិងទេសចរណ៍ ឬក៏ក្នុងពិធីសមោសរសិល្បៈផ្សេងៗ ក្រុមល្ខោនរបស់សិប្បករឆ្នើមយ័ញបេ កាន់តែប្រឹងប្រែងធ្វើការហាត់សម មិនត្រឹមតែសម្ដែងបម្រើជូនមាមីងប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្ដូរវប្បធម៌ សិល្បៈនៅតាមវត្តអារាម និងភូមិស្រុកនានាក្នុងខេត្តទៀតផង។ ប្អូនស្រីយ័ញធីហ្វិញញឺ ចៅស្រីសិប្បករយ័ញបេ ឱ្យដឹងៈ “តាំងពីតូច ក្នុងពេលដែលលោកតាគាត់បង្ហាត់ដល់ពូមីងក្នុងក្រុម ខ្ញុំតែងធ្វើត្រាប់តាម។ លុះធំឡើង លោកតាក៏បានណែនាំបង្ហាត់បង្រៀន ឥឡូវនេះខ្ញុំអាចចូលរួមសម្ដែងក្នុងរាល់ពិធីសមោសរសិល្បៈផ្សេងៗបាន”។
ឆ្នាំ ២០១១ ក្រុមល្ខោនរបស់សិប្បករឆ្នើម យ័ញបេ បានឃុំឌិញហ្វា ជ្រើសរើសទៅចូលរួមក្នុងមហោស្រពសិល្បៈមហាជនទូទាំងប្រទេស ដោយមានឃុំជនបទថ្មីគំរូចំនួន ១១ ចូលរួមដែលរៀបចំឡើងនៅខេត្តក្វាងណាម និងទទួលបាន មេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង ឈរចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោម ១១ ឃុំ។ ឆ្លងកាត់ដំណាក់កាលនៃពេលវេលា ឃើញថា សមុច័្ចយមេដាយ បណ្ណសរសើរ លិខិតសរសើររបស់ក្រុមសិល្បៈនេះ និងរបស់សិប្បករឆ្នើម យ័ញបេផ្ទាល់ផងនោះ កាន់តែច្រើនឡើងៗ នៅពេលចូលរួមប្រឡងសម្ដែងក្នុងសមោសរសិល្បៈមហោស្រពក្នុងនិងក្រៅខេត្ត។ សិប្បករឆ្នើម យ័ញបេ កំពុងចិញ្ចឹមក្ដីស្រមៃ នឹងធ្វើការចងក្រងនិងស្ដារឡើងវិញនូវវណ្ណកម្មរឿងបុរាណៗ ដែលរងការសាបរលាប ដើម្បីបង្ហាត់បង្រៀនដល់បច្ឆាជនជំនាន់ក្រោយ។ លោកហូវ៉ាន់ភឿក ភ្នាក់ងារវប្បធម៌ទទួលបន្ទុកការងារជនជាតិ សាសនាឃុំឌិញហ្វា ឱ្យដឹងៈ “លោកពូយ័ញបេ គាត់ដក់ចិត្តដិតអារម្មណ៍ ហើយបានខ្នះខ្នែងនិងកំពុងបន្តអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ; រួមចំណែកជាមួយភូមិភាគ អភិវឌ្ឍ ចលនាសិល្បៈមហាជន លើកកម្ពស់វប្បធម៌សា្មរតីដល់ជនរួមជាតិខ្មែរ។ ជាពិសេស គាត់បានបណ្ដុះបណ្ដាលសិប្បករ-ការនីជាច្រើនសម្រាប់ក្រុមសិល្បៈខ្មែរខេត្តគៀងយ៉ាង”។
សព្វថ្ងៃ សិប្បករឆ្នើមយ័ញបេ គាត់អាចលេងឧបករណ៍តន្ត្រីបានច្រើនប្រភេទយ៉ាងស្ទាត់ជំនាញ ទាំងការរាំរបាំនិងច្រៀងយ៉ាងល្អឥតខ្ចោះ។ គាត់បានបង្ហាត់បង្រៀនរាំរបាំនិងច្រៀងដល់កូនចៅក្នុងគ្រួសារ កូនក្មួយនិងអ្នកដែលស្រឡាញ់វិស័យសិល្បៈខ្មែរប្រមាណ ២០០ នាក់។ ក្នុងនោះ មានមួយចំនួនគឺជាសិល្បករ-ការិនីស្នូលរបស់ក្រុមសិល្បៈខ្មែរខេត្តគៀងយ៉ាង៕
អត្ថបទ, រូបថតៈ ក្វឹកវី-ប្រែសម្រួលៈ ពេជ្រសឿន