មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

16/01/2023 - 10:11

គ្រូពេទ្យ​អស់​ពី​ចិត្ត​នឹង​អា​ជីព

ដោយ​ការ​ស្រឡាញ់​ចូល​ចិត្ត​ គ្រូពេទ្យ​ថាច់​ឡឹម​ង៉េន អនុប្រ​ធាន​ដំណាក់​សុខា​ភិបាល​ឃុំ​ថាម​ដូង​ ស្រុក​មីស្វៀង ខេត្ត​សុក​ត្រាំង តែង​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​ដើម្បី​បាន​ក្លាយ​ជា​គ្រូ​ពេទ្យ​។

គ្រូពេទ្យ​ថាច់​ឡឹម​ង៉េន។

កាល​ពី​កុមារ​ ដោយ​ឃើញ​នៅ​ជន​បទ​ការ​ពិនិត្យ​ព្យាល​បាល​ជំងឺ​ជួប​ការ​លំ​បាក​ច្រើន​ ទើប​បង​ង៉េន មាន​បំ​ណង​ប្រាថ្នា​ធ្វើ​ជា​គ្រូ​ពេទ្យ​។ ប៉ុន្តែ​ពេល​ជីវ​ភាព​គ្រួសារ​ជួប​ការ​លំ​បាក​ខ្លាំង​ គាត់​ក៏​បោះ​បង់​ក្តី​ប្រាថ្នា​ដើម្បី​ទៅ​ធ្វើ​ការ​ឈ្នួល​រក​ប្រាក់​ជួយ​គ្រួ​សារ​។ ឆ្នាំ​ ២០០២ បង​រៀប​ការ​និង​មាន​កូន​ម្នាក់​ ជីវ​ភាព​ក៏​បាន​គ្រាន់​បើប​ង្គូរ​ទើប​បង​មាន​លក្ខណៈ​បាន​ទៅ​រៀន​មុខ​វិជ្ជា​ពេទ្យ​ តាម​របប​ជម្រើស​នៅ​មន្ទីរ​ពេទ្យ​ ១២១ ក្រុង​កឹង​ធើ ដើម្បី​សម្រេច​ក្តី​ស្រ​មៃ​។

បង​ង៉េន ឱ្យ​ដឹង​៖ “ជីវ​ភាព​គ្រួសារ​ក្រ ពិបាក​ផ្តោត​អា​រម្មណ៍​រៀន​សូត្រ ខ្ញុំ​គិត​បោះ​បង់​ការ​សិក្សា​។ កាល​នោះ​ ដោយ​បាន​មិត្ត​ស្នាក់​នៅ​រួម​បន្ទប់​ផ្តល់​កម្លាំង​ចិត្ត​ មាន​តែ​ការ​សិក្សា​ទេ ទើប​សង្ឃឹម​ចាក​ផុត​ពី​ភាព​ក្រីក្រ​។ នេះ​គឺ​ឱកាស​ចុង​ ក្រោយ​ដើម្បី​ខ្ញុំ​ក៏​អនុ​វត្ត​ក្ដី​ស្រមៃ​ធ្វើ​ជា​គ្រូ​ពេទ្យ​ ដូច្នេះ​ ខ្ញុំ​ប្តេជ្ញា​ចិត្ត​ខំប្រឹង​សិក្សា​”។ ក្រោយ​ពី​រយៈ​កាល​ ៣ ឆ្នាំ​ ប្តេជ្ញា​ចិត្ត​ក្នុង​ការ​សិក្សា​ ពេល​បញ្ចប់​ការ​សិក្សា​នៅ​មន្ទីរ​ពេទ្យ​ ១២១ បង​ដាក់​ពាក្យ​សុំ​ការ​ងារ​ ហើយ​បាន​ផ្នែក​សុខា​ភិបាល​ខេត្ត​ ចាត់​បញ្ជូន​មក​ប​ម្រើ​ការ​ងារ​នៅ​ដំណាក់​សុខា​ភិបាល​ឃុំ​ថាម​ដូង​។ ផ្តើម​ពី​នោះ​ បង​តែង​អស់​ពី​ចិត្ត​ក្នុង​ការ​ពិនិត្យ​ព្យា​បាល​ជូន​ប្រ​ជា​ជន​ និង​ខ្នះ​ខ្នែង​ជួយ​មិត្ត​រួម​អា​ជីព​ដើម្បី​រួម​គ្នា​អនុ​វត្ត​សម្រេច​ល្អ​ភារ​កិច្ច​។ ហេតុ​នេះ​ បាន​មិត្ត​រួម​អា​ជីព និង​អ្នក​ជំងឺ​ស្រ​ឡាញ់​រាប់​អាន។ ឆ្នាំ​ ២០០៨ បង​បាន​មិត្ត​រួម​អា​ជីព​ជឿ​ទុក​ចិត្ត​ បោះ​ឆ្នោត​តែង​តាំង​ជា​អនុ​ប្រធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​។ អ្នក​មីង​ លីធីយ៉ែន មក​ពិនិត្យ​ជំងឺ​ ឱ្យ​ដឹង​៖ “គ្រូ​ពេទ្យ​ង៉េន ជា​គ្រូ​ពេទ្យ​មាន​ក្រម​សីល​ធម៌​ល្អ​ ឃើញ​អ្នក​ជំងឺ​មក​ដល់​ដំ​ណាក់​ភ្លាម គាត់​ក៏​ប្រ​ញាប់​អញ្ជើញ​ពិនិត្យ​ដោយ​មិន​ទុក​ឱ្យ​អ្នក​ណា​ម្នាក់​រង់​ចាំយូរ។ ពេល​ពិនិត្យ​ជំងឺ​គាត់​សាក​សួរ​ដោយ​ពាក្យ​ទន់​ភ្លន់ ណែ​នាំ​យ៉ាង​ហ្មត់​ចត់​ពី​របៀប​ថែ​ទាំ​សុខ​ភាព​ ការ​ហូប​ចុក​ ការ​សម្រាក ខ្ញុំ​មាន​ការ​ស្ងប់​ចិត្ត​ណាស់​។ ខ្ញុំ​ឈឺ​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់​ តែង​ទៅ​ដំណាក់​សុខា​ភិបាល​ឃុំ​ពិនិត្យ​ជំងឺ​ និង​យក​ថ្នាំ​លេប​ជា​រឿយៗ បាន​គ្រូ​ពេទ្យ​ង៉េន ធ្វើ​រោគ​វិនិច្ឆ័យ​និង​ផ្សំ​ថ្នាំ​ ជំងឺ​ឆាប់​ជា​សះ​ស្បើយ ដូច្នេះ​ មាមីង​ខ្មែរ​ពេល​មក​ពិនិត្យ​ជំងឺ​ ជួប​គ្រូ​ពេទ្យ​ង៉េន ពួក​គាត់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​”។

ក្រៅ​ពី​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​ បង​ង៉េន នៅ​ទាំង​ទទួល​បន្ទុក​តាម​ដាន​សុខ​ភាព​អ្នក​ជំងឺ​របេង ដូច្នេះ​ គាត់​តែង​ចុះ​ទៅ​មូល​ដ្ឋាន​ដើម្បី​ផ្តល់​ថ្នាំ​ ព្យា​បាល​ដល់​អ្នក​ជំងឺ​។ បង​ង៉េន ឱ្យ​ដឹង​៖ “អ្នក​ឈឺ​ជំងឺ​របេង​លេប​ថ្នាំ​ត្រូវ​ពេល​ត្រូវ​តាម​គម្រោង​ផែន​ការ​ព្យា​បាល​ និង​ប្រើ​ប្រាស់​របស់​របរ​ ហូប​ចុក​ដាច់​ដោយ​ឡែក​ ដើម្បី​ការ​ពារ​មិន​ឱ្យ​ឆ្លង​ដល់​សមា​ជិក​ក្នុង​គ្រួសារ​។ ខ្ញុំ​តែង​ចាត់​ទុក​អ្នក​ជំងឺ​ដូច​ជា​សមាជិក​ក្នុង​គ្រួសារ​ហើយ​ធ្វើ​ការ​ណែ​នាំ​យ៉ាង​ហ្មត់​ចត់​ ដូច្នេះ​ បន្ទាប់​ពី​បញ្ចប់​គម្រោង​ផែន​ការ​ព្យា​បាល​អ្នក​ជំងឺ​ភាគ​ច្រើន​បាន​ជា​សះ​ស្បើយ”។

វេជ្ជ​បណ្ឌិត​ ឡេ​ថាញ​តង ប្រធាន​ដំណាក់​សុខា​ភិបាល​ឃុំ​ថាម​ដូង​ ឱ្យ​ដឹង​៖ “បង​ថាច់​ឡឹម​ង៉េន ជា​គ្រូ​ពេទ្យ​មាន​ជំនាញ​វិជ្ជា​ជីវៈ​ពូកែ​ ស្រ​ឡាញ់​អា​ជីព តែង​ខ្នះ​ខ្នែង​និង​អស់​ពី​ចិត្ត​ក្នុង​ការ​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។ បង​តែង​សម្រេច​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រគល់​ឱ្យ​ ហើយ​ថែម​ទាំង​យក​ចិត្ត​ក្នុង​ការ​គិត​គូរពង្រីក​សេដ្ឋ​កិច្ច​គ្រួសារ​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រីក្រ​ ម៉្លោះ​ហើយ​មិត្ត​រួម​អា​ជីព​អ្នក​ណា​ក៏​ស្ងើច​សរ​សើរ​គាត់​មិន​ដាច់​ពី​មាត់​។ ដល់​វេន​ប្រចាំ​ការ​ពិនិត្យ​ជំងឺ​ គាត់​ឆាប់​ទៅ​ដំ​ណាក់​ ឃើញ​អ្នក​ជំងឺ​មក​ដល់​ភ្លាម ក៏​អញ្ជើញ​ចូល​ពិនិត្យ​មិន​គិត​ពេល​វេលា​។ មិត្ត​រួម​អា​ជីព​ជាប់​រវល់​ការ​ងារ​ពឹង​ពាក់​ម្តងម្កាល​គាត់​ជួយ​រ៉ាប់​រង​ជំនួស​ ម៉្លោះហើយ​ អ្នក​ណា​ក៏​ស្រ​ឡាញ់រាប់​អាន​គាត់​ទាំង​អស់​”៕

                                    លីធាន​-មុនី

ចែករំលែកអត្ថបទ