នៅភូមិភាគទីក្រុងកឹងធើ មានប្រព័ន្ធព្រែកប្រឡាយខ្វាត់ខ្វែង ក្រៅពីនាំមកនូវដីល្បាប់សម្រាប់បង្កបង្កើនផល និងផ្តល់ទឹកសាបសម្រាប់ស្រោចស្រពស្រែចម្ការ ព្រែកប្រឡាយទាំងនេះក៏ធ្លាប់ជាឧបសគ្គ ដែលធ្វើឱ្យការធ្វើដំណើររបស់ប្រជាជនជួបការលំបាកច្រើន។ ជាមួយនឹងស្ពានជនបទថ្មីដែលបាននិងកំពុងលេចឡើង បានបើកចង្វាក់ជីវភាពថ្មី ប្រកបដោយភាពរស់រវើកសម្រាប់តំបន់ជនបទព្រែកទន្លេ។

ការសាងសង់ស្ពានជនបទនៅឃុំមីទូ ទីក្រុងកឹងធើ។
អ្នកមីងលីធីយីវ នៅភូមិរ៉ាច់រ៉េ ឃុំមីទូ ចែករំលែក៖ កាលពីមុន ស្ពានសៅយឿមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ជាក្តីបារម្ភរបស់ប្រជាជននៅទីនេះ។ ពេលរដូវវស្សាមកដល់ការធ្វើដំណើរកាន់តែជួបការលំបាក សិស្សានុសិស្សទៅសាលារៀន តែងមានអារម្មណ៍ភ័យថប់ ចំណែកមាមីងដឹកជញ្ជូនកសិផលវិញ ក៏មានការលំបាកណាស់ដែរ។ កាលពីចុងឆ្នាំកន្លង ស្ពានសៅយឿថ្មីក៏បានកសាងឡើងយ៉ាងរឹងមាំ ដោយមានទទឹង ៣,៥ ម៉ែត្រ ប្រវែងជាង ២៦ ម៉ែត្រ ជាមួយទម្ងន់ផ្ទុកស្របតាមការរចនា អាចឆ្លើយតបនឹងយានយន្តគ្រប់ប្រភេទប្រហាក់ប្រហែលនឹងរថយន្តចំណុះ ១៦ កៅអីចុះក្រោម ដោយចំណាយថវិការសរុបជាង ៣៥០ លានដុង។ ចាប់តាំងពីមានស្ពានថ្មីមក ជីវភាពការសិក្សារៀនសូត្រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់មាមីងឈានចូលដំណាក់កាលមួយមានភាពងាយស្រួលជាងមុន។ អ្នកមីងលីធីយ៉ីវ ឱ្យដឹងបន្ថែម៖ “រយៈពេលប៉ុន្មានឆ្នាំកន្លង មកជាមួយនឹងការយកចិត្តទុកដាក់ពីរដ្ឋអំណាចភូមិភាគ ព្រមទាំងការរួមចំណែកពីសប្បុរសជននានា ស្ពានជនបទជាច្រើនបានវិនិយោគនិងកសាងឡើង។ មិនត្រឹមតែបានមកពីប្រភពថវិការរដ្ឋប៉ុណ្ណោះទេ សំណង់ទាំងនេះនៅទាំងមានការរួមចំណែកយ៉ាងធំធេងពីប្រជាជន តាំងពីកម្លាំងពលកម្ម ការបរិច្ចាគដី រហូតដល់ការឧបត្ថម្ភសម្ភារៈ”។
នៅឃុំហូដាក់កៀង ជាមួយនឹងប្រព័ន្ធផ្លូវគមនាគមន៍ និងស្ពានដ៏រឹងមាំទាំងនេះកំពុងតែធ្វើឱ្យសុក្រឹត ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្តិចម្តងៗ បង្កកម្លាំងជំរុញអភិវឌ្ឍតំបន់ជនបទព្រែកទន្លេ។ ចាប់តាំងពីមានស្ពាន ការជួញដូរទំនិញកាន់តែមានភាពងាយស្រួល។ រថយន្តដឹកផលិតផលឆ្លងកាត់ស្ពានបេតុងដ៏រឹងមាំ មកដល់ចំណុចប្រមូលផ្តុំយ៉ាងឆាប់រហ័សសម្រាប់ការលក់ចេញ។ កុមារទៅសាលារៀនមានសុវត្ថិភាពនិងទាន់ពេលវេលា។ ជីវភាពប្រជាជនជាជំហានបានលើកកម្ពស់ ហើយទេសភាពជនបទ កាន់តែមានភាពជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ។
លោក ង្វៀងវ៉ាំងមី ប្រធានគណៈកម្មាធិការប្រជាជនឃុំហូដាក់កៀង មានប្រសាសន៍៖ “តាំងពីខែមករា ឆ្នាំ២០២៦ មកទល់បច្ចុប្បន្ន ភូមិភាគបានកៀរគរថវិកាជិត ៣ ពាន់លានដុងពីប្រភពធនធានសង្គម ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ។ ជាក់ស្ដែងគឺបានកសាងស្ពានចំនួន ៨ និងផ្លូវជនបទប្រវែងប្រហែល ១.៨០០ ម៉ែត្រ មានទទឹង ១,២ ម៉ែត្រ ដើម្បីបម្រើតម្រូវការធ្វើដំណើរទៅមករបស់ប្រជាជន”។
តំបន់ព្រែកទន្លេរបស់ទីក្រុងកឹងធើ ស្ពានជនបទមួយៗដែលបានសាងសង់ឡើង គឺជាចំណងតភ្ជាប់នៃទំនុកចិត្ត និងក្តីសង្ឃឹម។ ចាប់តាំងពីមានស្ពានតភ្ជាប់ទាំងនោះ ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កាន់តែបន្តពង្រីកធ្វើឱ្យតំបន់ជនបទដែលធ្លាប់តែលំបាក បានឈានឡើងផ្លាស់ថ្មីនិងឆ្ពោះទៅរកអនាគតរុងរឿង៕
ដាលីន - មេងលី