មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/06/2026 - 06:12

ព្រះ​តេជ​ព្រះ​គុណ ឡឹម​តៀង ទី​បង្អែក​សម្រាប់​សម​ណ​សិស្ស និស្សិត​ 

មិន​ត្រឹម​តែ​គិត​គូរ​ការ​ងារ​វត្ត​រាម​បុណ្ណោះ​ទេ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ព្រះ​តេជ​ព្រះ​គុណ ឡឹម​តៀង ព្រះ​ចៅ​អធិការ​វត្ត​និគ្រោធ​កំ​ពង់​ក្សាន្ត បាន​ផ្តល់​កន្លែង​ស្នាក់​នៅ​ដោយ​ឥត​គិត​ថ្លៃ ហើយ​បង្រៀន​អក្សរ​ខ្មែរ​និង​ជំ​នួយ​កម្លាំង​ដល់​សម​ណ​សិស្ស និស្សិត​ក្រី​ក្រ​ជា​ច្រើន​មាន​លក្ខណៈ​រៀន​សូត្រ ឈាន​ឡើង​ក្នុង​ជីវ​ភាព។

ព្រះ​តេជ​ព្រះ​គុណ​ឡឹម​តៀង។

ព្រះ​តេជ​ព្រះ​គុណ​ឡឹម​តៀង កើត​ឆ្នាំ ១៩៦៨ ក្នុង​គ្រួ​សារ​ខ្មែរ​នៅ​សង្កាត់​ត្រា​វិញ ខេត្ត​វិញ​ឡុង។ តាំង​ពី​កុមារ ឡឹម​តៀង បាន​ម្ដាយ​ឪ​ពុក​ឱ្យ​ចូល​វត្ត​សាង​ផ្នួស​ដើម្បី​សិក្សា​ធម៌​វិន័យ និង​រៀន​អក្សរ​ខ្មែរ​តាម​ទំ​នៀម​ទម្លាប់​ប្រ​ពៃ​ណី​ដូច​យុវ​ជន​ខ្មែរ​ដទៃ​ផង​ដែរ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ពុទ្ធិក​មធ្យម​សិក្សា (វៀត​ណាម) នៅ​វត្ត​ភឿកហ្វា និង​បញ្ចប់​ការ​សិក្សា​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​ទុតិយ​ភូមិ​បា​លី - ខ្មែរ​ខេត្ត​វិញ​ឡុង ឆ្នាំ ២០២៣ ព្រះ​តេជ​ព្រះ​គុណ បាន​បន្ត​សិក្សា​នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ នៅ​ទី​ក្រុង​កឹង​ធើ។ ឆ្នាំ​ ២០០៧ ព្រះ​តេជ​ព្រះ​គុណ​បាន​ត្រ​ឡប់​មក​វត្ត​ដើម្បី​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​និង​ព្រះ​សង្ឃ​នៅ​ក្នុង​និង​ក្រៅ​ភូមិ​ភាគ។

ឆ្នាំ​ ២០១០ ព្រះ​តេជ​ព្រះ​គុណ បាន​ពុទ្ធ​បរ​ស័ទ​និង​គណៈ​កម្ម​ការ​វត្ត​ជឿ​ទុក​ចិត្ត​ហើយ​តែង​តាំង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​និគ្រោធ​កំ​ពង់​ក្សាន្ត​រហូត​មក​ទល់​បច្ចុប្បន្ន។ ក្នុង​តួ​នា​ទី​ជា​ព្រះ​ចៅ​អធិ​ការ ក្រៅ​ពី​គិត​គូរ​ ការ​ងារ​វត្ត​អា​រាម ពិ​សេស ព្រះ​តេជ​ព្រះ​គុណ​បាន​លះ​បង់​និង​មាន​ឆន្ទៈ​មោះ​មុត​លើ​ការ​អប់​រំ​និង​ឧបត្ថម្ភ​ការ​សិក្សា​រៀន​សូត្រ​ដល់​យុវ​ជន​ខ្មែរ។ បច្ចុប្បន្ន​ វត្ត​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្ស​មកាល​ដល់​ប្អូនៗ ជិត ១០០ នាក់ ចាប់​ពី​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី ៥ ជួយ​ប្អូនៗ​ចេះ​អាន និង​សរ​សេរ​ភា​សា​កំ​ណើត រួម​ចំ​ណែក​អភិ​រក្ស​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ។ ទន្ទឹម​នឹង​នោះ​ វត្ត​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ​ដោយ​ឥត​គិត​ថ្លៃ​ដល់​សម​ណ​សិស្ស​និង​និស្សិត​ក្រី​ក្រ​ចំ​នួន ១៨ អង្គ​និង​រូប បាន​ស្ងប់​អា​រម្មណ៍​សិក្សា​នៅ​អនុ​មហា​វិទ្យា​ល័យ​និង​មហា​វិទ្យា​ល័យ។

ដោយ​សារ​វត្ត​ស្ថិត​នៅ​ក្បែរ​សកល​វិទ្យា​ល័យ​ត្រា​វិញ  ដូច្នេះ ​និស្សិត​ជា​ច្រើន​ដែល​មាន​ស្ថាន​ភាព​លំ​បាក មក​ពី​ខេត្ត​នា​នា​ដូច​ជា​អាង​យ៉ាង សុក​ត្រាំង (កឹង​ធើ)... បាន​មក​សុំ​ស្នាក់​អា​ស្រ័យ។ មិន​ត្រឹម​តែ​ឱ្យ​កន្លែង​ស្នាក់​នៅ​និង​ហូប​ចុក​ប៉ុណ្ណោះ​ទេ ព្រះ​អង្គ​ថែម​ទាំង​លើក​ទឹក​ចិត្ត​អប់រំ និង​ទូន្មាន​ប្អូនៗ​អំ​ពី​សីល​ធម៌​ក្នុង​ការ​រស់​នៅ ស្មារតី​សាម​គ្គី​និង​ឆន្ទៈ​ជម្នះ​លំ​បាក​ឈាន​ឡើង​ក្នុង​ជីវ​ភាព។ ប្អូន​ចូវ​វិសាល (កើត​ឆ្នាំ ២០០២) និស្សិត​ឆ្នាំ​បញ្ចប់​ផ្នែក​គរុ​កោ​សល្យ​ភា​សា​ខ្មែរ​នៃ​សកល​វិទ្យា​ល័យ​ត្រា​វិញ ឱ្យ​ដឹង៖ “គ្រួ​សារ​ប្អូន​នៅ​ឃុំ​ត្រា​កូង ខេត្ត​វិញ​ឡុង។ ដោយ​បាន​ព្រះ​ចៅ​អធិ​ការ​ឱ្យ​ស្នាក់​នៅ​និង​ហូប​ចុក​ដោយ​ឥត​គិត​ថ្លៃ ទើប​ខ្ញុំ​មាន​លក្ខណៈ​បន្ត​ការ​សិក្សា។ ជា​ពិ​សេស​ ព្រះ​អង្គ​តែង​រំលឹក​ពួក​ប្អូន​ត្រូវ​រស់​នៅ​ឱ្យ​បាន​ល្អ​និង​ចេះ​ជួយ​អ្នក​ជួប​លំ​បាក”។

ដោយ​ព្រះ​ទ័យ​មេត្តា​និង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំ​ពោះ​សហ​គមន៍ ព្រះ​តេជ​ព្រះ​គុណ​ឡឹម​តៀង បាន​ក្លាយ​ជា​ទី​បង្អែក​សម្រាប់​សម​ណ​សិស្ស​និង​និស្សិត​ក្រី​ក្រ​ជា​ច្រើន ក្នុង​ដំ​ណើរ​ស្វែង​រក​ចំ​ណេះ​ដឹង។ ការ​ងារ​ដ៏​មាន​អត្ថ​ន័យ​ទាំង​នេះ មិន​ត្រឹម​តែ​រួម​ចំ​ណែក​គិត​គូរ​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​សាយ​ភាយ​នូវ​ស្មារតី​ចែក​រំលែក​និង​មនុស្ស​ធម៌​ក្នុង​សហ​គមន៍​ជន​រួម​ខ្មែរ​ទៀត​ផង៕

ទីទុយ

ចែករំលែកអត្ថបទ