មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/05/2026 - 08:18

ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​របស់​កសិ​ករ​ខ្មែរ​កឹង​ធើ 

ជា​ច្រើន​ឆ្នាំ​មក​នេះ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​នៅ​ទី​ក្រុង​កឹង​ធើ បាន​មោះ​មុត​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ សត្វ​ចិញ្ចឹម អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត មាន​កសិ​ករ​ជា​ច្រើន​មិន​ត្រឹម​តែ​បង្កើន​ប្រាក់​ចំ​ណូល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ជំ​ហាន​លំ​នឹង​ជីវ​ភាព ឈាន​ឡើង​ធ្វើ​មាន​ទៀត​ផង។

ទម្រង់​ដាំ​ស្ពៃ​មើម​ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​របស់​ពូឡឹម​ហ្វាង​វ៉ូវ សង្កាត់​មី​ស្វៀង។

ពង្រីក​សក្តា​នុភាព​ក្នុង​ការ​ផលិត​កសិ​កម្ម រយៈ​ពេល​កន្លង សង្កាត់​មី​ស្វៀង បាន​ផ្តុំ​កម្លាំង​ជំ​រុញ​បង្វែរ​រចនា​សម្ព័ន្ធ​កសិ​កម្ម ខ្នះ​ខ្នែង ឃោស​នា ចល​នា​កសិ​ករ​ប្រ​ឡង​ប្រ​ណាំង​ផលិត មោះ​មុត​អនុវត្ត​វិទ្យា​សាស្ត្រ - បច្ចេក​ទេស លើក​កម្ពស់​តម្លៃ​កសិ​ផល។ តួ​យ៉ាង​ដូច​ដំ​ណាំ​ស្ពៃ​មើមរបស់​ពូឡឹម​ហ្វាង​វ៉ូវ ភូមិ​ដាយ​ថាញ់ សង្កាត់​មី​ស្វៀង មុន​នេះ គ្រួ​សារ​គាត់​ផលិត​ស្រូវ​ជា​ចម្បង ប៉ុន្តែ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​មិន​សូវ​ខ្ពស់។ ឆ្នាំ ២០២៥ គាត់​បង្វែរ​ដី​ស្រែ ៣ កុង បង្វែរ​មក​ដាំ​ស្ពៃ​មើម ពូ​ហ្វាង​វ៉ូវ ឱ្យ​ដឹង៖ “ដំ​ណាំ​ស្ពៃ​មើម​ងាយ​ដាំ ចំ​ណាយ​ដើម​ទុន​តិច ងាយ​ស្រួល​ថែ​ទាំ ឱ្យ​តែ​ចុះ​ពូជ​ត្រូវ​តាម​រដូវ​កាល​ត្រូវ​តាម​វិធី​និង​អនុវត្ត​បច្ចេក​ទេស ដាក់​ជី​ដើម្បី​បង្កើន​ទិន្ន​ផល”។ ដំ​ណាំ​ស្ពៃ​មើម ៣ កុង ក្រោយ​រយៈ​ពេល​ប្រ​មាណ ៥០ ថ្ងៃ​អាច​នឹង​ប្រ​មូល​ផល ទិន្ន​ផល​ប្រ​មាណ ១៤ តោន​ក្នុង​មួយ​រដូវ តម្លៃ​ចាប់​ពី ៣.០០០ ដល់ ៥.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម ក្រោយ​ពី​ផាត់​ទាត់​ចំ​ណេញ​បាន​ជិត ៣០ លាន​ដុង។ ក្រោយ​ពី​រដូវ​ប្រ​មូល​ផល​ស្ពៃ​មើម​ម្តងៗ ខ្ញុំ​ឆ្លៀត​ភ្ជួរ​ដី ទុក​ចោល​ប្រ​មាណ ១០ ថ្ងៃ អាច​នឹង​ចុះ​ពូជ​រដូវ​បន្ត ពី​ព្រោះ​ស្ពៃ​មើម​អាច​នឹង​ដាំ​បាន ៤ រដូវ​ក្នុង​មួយ ឆ្នាំ”- ពូ​វ៉ូវ បាន​ឱ្យ​ដឹង​បន្ថែម​ដូច្នេះ។

 ប៉ុន្មាន​ឆ្នាំ​មក​នេះ គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​នៅ​ឃុំ​លីវ​ទូ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង ដោយ​សារ​ដាំ​ខ្ទឹម​ស្លឹក។ តួ​យ៉ាង​ដូច​គ្រួ​សារ​បង​ស៊ើង​ផល នៅ​ភូមិ​ផ្តៅ​ពេន ឃុំ​លីវ​ទូ នាំ​យើង​ខ្ញុំ​ពិ​និត្យ​មើល​ទម្រង់​ដាំ​ដំ​ណាំ បង​ផល ឱ្យ​ដឹង៖ “ខ្ទឹម​ស្លឹក​ងាយ​ដាំ ចន្លោះ​ពេល​នៃ​ការ​ដាំ​ដុះ​លឿន។ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​អាច​នឹង​ដាំ​បាន​ពី ៥ ដល់ ៦ រដូវ តាំង​ពី​ដាំ​រហូត​ដល់​ប្រ​មូល​ផល រយៈ​ពេល​ពី ៤៥​-៥០ ថ្ងៃ។ ប្រ​សិន​បើ​ថែ​ទាំ​បាន​ល្អ ក្នុង ១ កុង​ផ្តល់​ផល​ប្រ​មាណ ១,៥ តោន​ក្នុង​មួយ​រដូវ”។ បច្ចុប្បន្ន តម្លៃ​ខ្ទឹម​ស្លឹក​កំ​ពុង​មាន​ភាព​លំ​នឹង​ចាប់​ពី ១៥​.០០០ ដល់ ២០​.០០០ ដុងក្នុង​មួយ​គីឡូ​ក្រាម មាន​ពេល​ខ្លះ​ឡើង​ដល់ ៣៥​.០០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម។ ជា​មួយ​តម្លៃ​ដូច​សព្វ​ថ្ងៃ ក្នុង​មួយ​កុង​គ្រួ​សារ​បង​ផល​ចំ​ណេញ​បាន ១៥ លាន​ដុង​ក្នុង​មួយ​រដូវ កើន​ច្រើន​ដង​បើ​ប្រៀប​ធៀប​នឹង​ការ​ផលិត​ស្រូវ។

លោក​ង្វៀង​តឹម ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​លីវ​ទូ ឱ្យ​ដឹង៖ “បច្ចុប្បន្ន ខ្ទឹម​ស្លឹក​បាន​ចាត់​ជា​ដំ​ណាំ​ចម្បង​របស់​ភូមិ​ភាគ។ តម្លៃ​ខ្ទឹម​ស្លឹក​រាល់​ឆ្នាំ​ពិត​មែន​តែ​មាន​ការ​ប្រែ​ប្រួល ប៉ុន្តែ​សរុប​មក​រៀង​រាល់​រដូវ​មា​មីង​តែង​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​ជាង​ការ​ផលិត​ស្រូវ”។

អា​ស្រ័យ​ការ​រួម​ដំ​ណើរ​របស់​សមា​គម​កសិ​ករ និង​ការ​យក​ចិត្ត​ទុក​ដាក់​ជំ​រុញ​របស់​រដ្ឋ​អំ​ណាច ព្រម​ទាំង​ការ​ព្យា​យាម​ប្រឹង​ប្រែង​រៀន​សូត្រ​ និង​ច្នៃ​ប្រ​តិដ្ឋ​ដោយ​ឥត​ឈប់​ឈរ កសិ​ករ​ទី​ក្រុង​កឹងធើ ជា​ជំ​ហានៗ ​បាន​ផ្លាស់​ប្តូរ​ផ្នត់​គំ​និត របៀប​ធ្វើ អភិវឌ្ឍ​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព បង្កើន​ប្រាក់​ចំ​ណូលឈាន​ឡើង​លើ​តំ​បន់​ដី​ភូមិ​ស្រុក៕

                              ថាញ​វ៉ាង - លី​សៀ

ចែករំលែកអត្ថបទ