នៅពេលផ្លាស់ប្តូរទៅជាទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់ ថ្នាក់មូលដ្ឋានបានទទួលរាប់រងបរិមាណការងារកាន់តែច្រើន និងទទួលខុសត្រូវផ្ទាល់ចំពោះមុខប្រជាជន ម្លោះហើយទាមទារប្រព័ន្ធចាត់តាំងត្រូវតែសុ្រក្រឹតគ្រប់ជ្រុងជ្រោយ។ គណៈប្រតិបត្តិការបក្ខភាគក្រុងកឹងធើ បានកសាងគម្រោង “លើកកម្ពស់គុណភាពកងជួរកម្មាភិបាលថ្នាក់ឃុំ សង្កាត់ នៅលើភូមិសាស្ត្រក្រុងកឹងធើ ដំណាក់កាល ២០២៦-២០៣០”។ គណៈចាត់តាំងនៃគណៈកម្មាធិការបក្សក្រុង ទើបចាត់តាំងកិច្ចប្រជុំពិភាក្សា ផ្តល់យោបល់លើសេចក្តីព្រាងគម្រោង ទទួលបានសំណើដំណោះស្រាយជាក់ស្តែង និងអាចអនុវត្តបានជាច្រើន។
.png)
កងជួរកម្មាភិបាល អ្នករដ្ឋការសង្កាត់កៃរាំង បានទទួលការបណ្តុះបណ្តាលលើកកម្ពស់កម្រិតវិជ្ជាគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងដំណាក់កាលថ្មី។ ក្នុងរូបថត៖ កម្មាភិបាល អ្នករដ្ឋការសង្កាត់កំពុងដោះស្រាយនីតិវិធីរដ្ឋបាលជូនប្រជាជន។
តាមការវាយតម្លៃរបស់គណៈកម្មាធិការបក្សក្រុងកឹងធើ បច្ចុប្បន្ន កងជួរកម្មាភិបាល អ្នករដ្ឋការនិងបុគ្គលិកថ្នាក់ឃុំ (ហៅរួមថា កម្មាភិបាល) របស់ទីក្រុងមានគុណភាពជំនាញល្អ អត្រាកម្មាភិបាលមានកម្រិតវប្បធម៌លើមហាវិទ្យាល័យខ្ពស់។ ថ្វីដ្បិតតែដូច្នោះ រចនាសម្ព័ន្ធមិនទាន់សមស្របនៅឡើយរវាងវិស័យនានា គឺខ្វះកម្មាភិបាលដែលមានជំនាញ វិជ្ជាជីវៈខាងផែនការ-សំណង់ គ្រប់គ្រងទីក្រុង បរិស្ថាន; អត្រាកម្មាភិបាលមានកម្រិតវិទ្យាសាស្ត្របច្ចេកវិទ្យានៅឃុំ សង្កាត់នៅមានកម្រិតទាបនៅឡើយ...
នៅក្នុងសេចក្តីព្រាងគម្រោង “លើកកម្ពស់គុណភាពកងជួរកម្មាភិបាលថ្នាក់ឃុំ សង្កាត់ នៅលើភូមិសាស្ត្រក្រុងកឹងធើ ដំណាក់កាល ២០២៦-២០៣០” គណៈកម្មាធិការបក្សក្រុងបានដាក់ចេញនូវគោលដៅខិតខំប្រឹងប្រែងឱ្យបាន ១០០% កម្មាភិបាលដែលបានចាត់តាំងត្រូវតាមមុខជំនាញដែលបានបណ្តុះបណ្តាលតាមមុខតំណែងការងារ និងមានកម្មាភិបាល ២០% ឡើងទៅមានកម្រិតវប្បធម៌ក្រោយមហាវិទ្យាល័យ; និងមាន ១០០% កម្មាភិបាលថ្នាក់ឃុំ មានកម្រិតភាសាបរទេសសមស្របនឹងមុខតំណែងការងារ; មាន ៣០% កម្មាភិបាលឃុំ និង ២៥% កម្មាភិបាលដឹកនាំ គ្រប់គ្រងថ្នាក់ឃុំ មានអាយុក្រោម ៤០ ឆ្នាំ បម្រើការងារនៅតំបន់ ឬវិស័យដែលមានតម្រូវការប្រើប្រាស់ភាសាបរទេស សម្រេចកម្រិតភាសាបរទេសកម្រិតទី ៣ ឡើងទៅ និងភាសាបរទេសឯកទេស; មានកម្មាភិបាលថ្នាក់ឃុំ ៥០% ឡើងទៅដែលធ្វើការនៅតំបន់ជនជាតិភាគតិច អាចប្រើប្រាស់ភាសាជនជាតិភាគតិចដើម្បីប្រស្រ័យទាក់ទងគ្នាបាន។ ទន្ទឹមនឹងនោះ ខិតខំឱ្យបាន ១០០% កម្មាភិបាលដឹកនាំ គ្រប់គ្រងថ្នាក់ឃុំ សម្រេចបទដ្ឋានបណ្តុះបណ្តាលកម្រិតទ្រឹស្តីនយោបាយ; និងមាន ១០០% កម្មាភិបាលថ្នាក់ឃុំបានបញ្ចប់វគ្គបំប៉នចំណេះដឹង ជំនាញផ្លាស់ប្តូរឌីជីថលមូលដ្ឋាន និងប្រើប្រាស់បានយ៉ាងស្ទាត់ជំនាញនូវប្រព័ន្ធគ្រប់គ្រង ប្រតិបត្តិការអេឡិចត្រូនិក និងកម្មវិធីផ្នែកទន់ បម្រើការងារគ្រប់គ្រង និងផ្គត់ផ្គង់សេវាកម្មរដ្ឋ...
ថ្លែងក្នុងអង្គប្រជុំ លោក ត្រឹងថាញប៊ិញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សសង្កាត់និញកេវ បានស្នើ៖ “មជ្ឈិមគប្បីពិនិត្យកែទម្រង់របបប្រាក់បៀវត្សរ៍ឱ្យបានឆាប់តាមមុខតំណែងការងារ រួមចំណែកបង្កកម្លាំងចលករថ្មី កែលម្អនិងលើកកម្ពស់ជីវភាពរបស់កងជួរកម្មាភិបាលឃុំ សង្កាត់។ ទីក្រុងត្រូវមានគោលនយោបាយទាក់ទាញ លើកទឹកចិត្តកម្មាភិបាលឱ្យលើកកម្ពស់កម្រិតជំនាញ ចាប់ពីថ្នាក់អនុបណ្ឌិតឡើងទៅ សំដៅរួមចំណែកលើកកម្ពស់កម្រិតវប្បធម៌របស់កម្មាភិបាលឃុំ សង្កាត់”។ លោក ផាមវ៉ាំងកៀ ប្រធានផ្នែកកសាងបក្សសង្កាត់វិញភឿក បានស្នើគណៈកម្មាធិការបក្សក្រុង និងគណៈកម្មាធិការប្រជាជនក្រុង បង្កើនការងារបណ្តុះបណ្តាល និងបំប៉នកម្មាភិបាល; ជាពិសេសយកចិត្តទុកដាក់យ៉ាងសំខាន់លើការបណ្តុះបណ្តាលអំពីផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល ភាសាបរទេស និងភាសាជនជាតិភាគតិចសម្រាប់កម្មាភិបាល។ ស្រាវជ្រាវដាក់បញ្ចូលលក្ខឋានស្តីពីកម្រិតព័ត៌មានវិទ្យា ភាសាបរទេស និងភាសាជនជាតិភាគតិច (នៅកន្លែងដែលមានជនជាតិភាគតិចរស់នៅកុះករ) ឱ្យក្លាយជាលក្ខខណ្ឌអាទិភាពមួយក្នុងការងារចាត់តាំង តែងតាំង និងចាត់តាំងកម្មាភិបាល។ ក្រោយការបណ្តុះបណ្តាល គប្បីបែងចែកការងារឱ្យបានសមស្រប ដើម្បីឱ្យកម្មាភិបាលពង្រីកសមត្ថភាពរបស់ខ្លួន។
តាមលោកស្រី ផាមង៉ុកយ៉ីវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សសង្កាត់កៃរាំង បានវាយតម្លៃ កម្មាភិបាលគឺជាចំណែក “គន្លឹះនៃគន្លឹះ” នៅក្នុងការងារកម្មាភិបាលរបស់បក្ស។ ដើម្បីលើកកម្ពស់គុណភាពកងជួរកម្មាភិបាលឃុំ សង្កាត់ គណៈកម្មាធិការបក្សក្រុងគប្បីចង្អុលការអនុវត្តការវាយតម្លៃកម្មាភិបាលដោយយកប្រសិទ្ធភាពការងារ ផលិតផលជាក់ស្តែង និងការពេញចិត្តរបស់ប្រជាជនធ្វើជាបន្ទាត់វាស់វែង; កសាងក្រមលក្ខឋានវាយតម្លៃតាមទិសដៅ “៥ច្បាស់”៖ ច្បាស់ការងារ ច្បាស់ល្បឿនការងារ ច្បាស់ការទទួលខុសត្រូវ ច្បាស់លទ្ធផលនិងច្បាស់ប្រសិទ្ធភាព; ធានាថាកម្មាភិបាលម្នាក់ៗសុទ្ធតែបានវាយតម្លៃស្របទៅនឹងភារកិច្ចដែលបានប្រគល់។ ឆ្លងតាមរយៈការវាយតម្លៃ នឹងដឹងថាកម្មាភិបាលនៅខ្វះខាតអ្វី ខ្សោយនៅត្រង់ណា ដើម្បីបញ្ជូនទៅបណ្តុះបណ្តាល និងបំប៉នឱ្យបានសមស្រប ជៀសវាងស្ថានភាពបញ្ជូនទៅបណ្តុះបណ្តាលរាយប៉ាយ និងគ្រាន់ជារូបភាព។
នៅក្នុងអង្គប្រជុំ មានយោបល់ជាច្រើនរបស់ថ្នាក់ដឹកនាំបណ្តាឃុំ សង្កាត់ បានស្នើគណៈកម្មាធិការបក្សក្រុង និងគណៈកម្មាធិការប្រជាជនក្រុង បង្កើនការផ្សារភ្ជាប់ និងសហប្រតិបត្តិការជាមួយសាលានានា ដើម្បីបណ្តុះបណ្តាល បំប៉នផ្នែកផ្លាស់ប្តូរឌីជីថល និងសេដ្ឋកិច្ចឌីជីថលសម្រាប់កម្មាភិបាលថ្នាក់ឃុំ។ គប្បីមានគោលនយោបាយទាក់ទាញធនធានមនុស្សគុណភាពខ្ពស់មកបម្រើការងារនៅឃុំ៖ ឧបត្ថម្ភសោហ៊ុយធ្វើដំណើរ ថ្លៃជួលផ្ទះ ប្រាក់បំណាច់; កសាងយន្តការរក្សាមនុស្សពូកែឱ្យនៅបម្រើការងារនៅឃុំ សង្កាត់ តាមរយៈការបង្កឱកាសឡើងឋានៈ; ជំរុញខ្លាំងក្លាការងារផ្លាស់ប្តូរកម្មាភិបាលដែលមានសមត្ថភាពមកកាន់ឃុំ សង្កាត់ និងមានគោលនយោបាយអនុគ្រោះចំពោះកម្មាភិបាលដែលផ្លាស់ប្តូរទាំងនោះ។
អាញ់យុង-វ៉ាន់តឹន