ប៉ុស្តិ៍ការពារព្រំដែនវិញហាយ ចំណុះគណៈបញ្ជាការយោធាការពារព្រំដែនទីក្រុងកឹងធើ ទើបចាត់តាំងពិធីបើកវគ្គសិក្សា និងបង្ហាញទម្រង់ “ប៉ុស្តិ៍ការពារព្រំដែនវិញហាយ រួមដំណើរជាមួយប្អូនៗសិស្សានុសិស្សក្នុងការផ្លាស់ប្តូរឌីជីថល” ដើម្បីជួយដល់សិស្សានុសិស្សនៅលើភូមិឋានលើកកម្ពស់ចំណេះដឹងព័ត៌មានវិទ្យា ជំនាញឌីជីថល និងឈានដល់ការប្រើប្រាស់បរិស្ថានបច្ចេកវិទ្យាយ៉ាងមានប្រសិទ្ធភាពក្នុងយុគសម័យផ្លាស់ប្តូរឌីជីថល។
ទម្រង់បានអនុវត្តក្នុងគោលបំណងធ្វើឱ្យជាក់ស្តែងនូវគោលការណ៍របស់បក្ស រដ្ឋ និងកងទ័ព អំពីការជំរុញផ្លាស់ប្តូរឌីជីថល គាំទ្រចលនា “ប្រជាសិក្សាឌីជីថល” និងអនុវត្តមានប្រសិទ្ធភាពនូវការងារប្រជាចលនាលើភូមិឋានតំបន់ព្រំដែនសមុទ្រ។ តាមរយៈកម្មវិធីនេះ កម្មាភិបាលនិងយុទ្ធជននៃអង្គភាពបានណែនាំដោយផ្ទាល់ដល់សិស្សានុសិស្សនូវចំណេះដឹងព័ត៌មានវិទ្យាមូលដ្ឋាន ជំនាញប្រើប្រាស់កំព្យូទ័រ ការទាញយកផលប្រយោជន៍ពីអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងការស្វែងរកព័ត៌មានបម្រើឱ្យការសិក្សាព្រមទាំងការឈានដល់រកចំណេះដឹងឌីជីថល។

ប្អូនៗសិស្សានុសិស្សអនុវត្តផ្ទាល់នៅលើកំព្យូទ័រ។
លោកវរសេនីយ៍ត្រី សុកឌុង ស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែនវិញហាយ បានចាត់ទុកថា៖ ក្នុងបរិការណ៍ដែលវិទ្យាសាស្ត្របច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា ការបំប៉នជំនាញឌីជីថលសម្រាប់ជំនាន់វ័យក្មេង ជាពិសេសគឺសិស្សជនជាតិខ្មែរនៅតំបន់មាត់សមុទ្រនៅមានការលំបាកច្រើននិងមានអត្ថន័យដ៏សំខាន។ ទម្រង់នេះបានកសាងឡើងដោយបំណងបង្កលក្ខណៈងាយស្រួលដើម្បីឱ្យប្អូនៗបានប្រើប្រាស់កំព្យូទ័រ អ៊ីនធឺណិត និងបណ្តាជំនាញប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព រួមចំណែកលើកកម្ពស់គុណភាពសិក្សា និងបើកទូលាយឱកាសអភិវឌ្ឍន៍នាពេលអនាគត។
តាមផែនការ បណ្តាវគ្គសិក្សានឹងបានចាត់តាំងឡើងនៅប៉ុស្តិ៍ការពារព្រំដែនវិញហាយ ចាប់ពីខែមិថុនា រហូតដល់ដាច់ខែកញ្ញាជារៀងរាល់ឆ្នាំ ដោយមានចំនួនសិស្សប្រមាណ ២០ នាក់ក្នុងមួយថ្នាក់។ មុខសញ្ញាអាទិភាពគឺសិស្សានុសិស្សដែលមានជីវភាពលំបាក ស្ថិតក្នុងគ្រួសារក្រ ក្បែរក្រ សិស្សជនជាតិភាគតិច និងប្អូនៗដែលមានតម្រូវការបំប៉នជំនាញឌីជីថលបម្រើឱ្យការសិក្សា។ ខ្លឹមសារនៃការបង្រៀនគឺផ្តោតសំខាន់ទៅលើការប្រើប្រាស់កំព្យូទ័រ ការរៀបចំអត្ថបទ ការគ្រប់គ្រងទិន្នន័យ ការទាញយកផលប្រយោជន៍ពីអ៊ីនធឺណិត ជំនាញស្វែងរកព័ត៌មាន និងការធានាសុវត្ថិភាពនៅលើបណ្តាញសង្គម។
ជាពិសេសកម្មវិធីនេះបានអនុវត្តតាមទិសស្លោក “រៀនបណ្ដើរអនុវត្តបណ្តើរ” ដោយយកការអនុវត្តផ្ទាល់ជាសំខាន់។ កម្មាភិបាលនិងយុទ្ធជនដែលមានជំនាញឯកទេសខាងបច្ចេកវិទ្យាព័ត៌មានរបស់អង្គភាពនឹងជួយណែនាំ និងជ្រោមជ្រែងដល់សិស្សានុសិស្សដោយផ្ទាល់ក្នុងដំណើរការសិក្សា ជួយឱ្យប្អូនៗក្តាប់បានយ៉ាងឆាប់រហ័សនូវបណ្តាជំនាញឌីជីថលមូលដ្ឋាន។ ប្អូនថាច់វ៉ឡាមត្វៀង សិស្សម្នាក់ដែលបានចូលរួមក្នុងថ្នាក់រៀនបាននិយាយ៖ “ប្អូនមានសេចក្តីរីករាយនិងរំភើបចិត្តយ៉ាងខ្លាំងនៅពេលបានចូលរួមថ្នាក់រៀននេះ ពួកយើងនឹងបានណែនាំនូវចំណេះដឹងមូលដ្ឋានអំពីព័ត៌មានវិទ្យា ជំនាញប្រើប្រាស់កំព្យូទ័រ អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងបណ្តាជំនាញចាំបាច់ក្នុងបរិស្ថានឌីជីថល។ ប្អូននិងមិត្តភក្តិនឹងខិតខំរៀនសូត្រ អនុវត្តផ្ទាល់ ប្រើប្រាស់អ៊ីនធឺណិតឱ្យចំគោលដៅ ប្រកបដោយសុវត្ថិភាព និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាចំណេះដឹងដែលបានបំប៉នក្នុងការសិក្សា ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃ”។
ការបង្ហាញទម្រង់ “ប៉ុស្តិ៍ការពារព្រំដែនវិញហាយ រួមដំណើរជាមួយប្អូនៗសិស្សានុសិស្សក្នុងការផ្លាស់ប្តូរឌីជីថល” មិនត្រឹមតែរួមចំណែកបង្រួញគម្លាតឌីជីថលក្នុងវិស័យអប់រំ លើកកម្ពស់ការយល់ដឹង និងជំនាញឌីជីថលសម្រាប់ជំនាន់វ័យក្មេងក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបន្តអះអាងនូវតួនាទីនិងការទទួលខុសត្រូវរបស់កងកម្លាំងយោធាការពារព្រំដែន រួមដំណើរជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ គិតគូរដល់បុព្វហេតុអប់រំ កសាងជំហរយុទ្ធសាស្រ្តចិត្តប្រជាជនរឹងមាំនៅតំបន់ព្រំដែនសមុទ្រនៃទីក្រុងកឹងធើ៕
លីធាន - សុផន