មន្ទីរសុខាភិបាលទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយបណ្តាអង្គភាពនានា អំពីការចាត់តាំងពិនិត្យសុខភាពតាមកាលកំណត់ និងពិនិត្យរកជំងឺជូនប្រជាជននៅលើភូមិឋានទីក្រុងកឹងធើ ឆ្នាំ ២០២៦។
នៅទីតាំងបន្តរផ្ទាល់របស់មន្ទីរសុខាភិបាល មានការចូលរួមនៃមន្ទីរ គណៈ ផ្នែក គណៈកម្មាធិការប្រជាជន និងដំណាក់សុខាភិបាលឃុំ សង្កាត់ និងមជ្ឈមណ្ឌលនៃខណ្ឌនិញកេវ (ចាស់)។ នៅទីតាំងបន្តរផ្ទាល់តាមឃុំ សង្កាត់ មានការចូលរួមពីគណៈកម្មាធិការប្រជាជន ដំណាក់សុខាភិបាល និងមជ្ឈមណ្ឌលសុខាភិបាលតំបន់។

ទិដ្ឋភាពនៃកិច្ចប្រជុំនៅទីតាំងបន្តរផ្ទាល់របស់មន្ទីរសុខាភិបាល។
យោងតាមសេចក្តីព្រាងផែនការ ទិសដៅនៃការចាត់តាំងពិនិត្យសុខភាពតាមកាលកំណត់ និងពិនិត្យរកជំងឺ ដើម្បីឱ្យប្រជាជនទទួលបានសេវាសុខាភិបាលដែលមានគុណភាព ឆ្ពោះទៅរកការថែទាំសុខភាពគ្រប់ជ្រុងជ្រោយ ដោយយកការបង្ការជំងឺនិងការរកឃើញជំងឺទាន់ពេលវេលាធ្វើជាស្នូល។ ចាប់តាំងពីឆ្នាំ ២០២៦ តទៅ ប្រជាជននឹងទទួលបានការពិនិត្យសុខភាពតាមកាលកំណត់ និងពិនិត្យរកជំងឺដោយឥតគិតថ្លៃយ៉ាងហោចណាស់ ១ ដង/ឆ្នាំ។ លទ្ធផលត្រូវធ្វើបច្ចុប្បន្នភាពទៅក្នុងសៀវភៅឯកសារសុខភាពអេឡិចត្រូនិក ដើម្បីគ្រប់គ្រងសុខភាពតាមដំណើរជីវិត រួមចំណែកកាត់បន្ថយការចំណាយលើថ្លៃសុខាភិបាល។ វិសាលភាពអនុវត្តនៅតាមឃុំ សង្កាត់ ទាំង ១០៣ និងបណ្តាអង្គភាពនានា ក្រោមការគ្រប់គ្រងរបស់ទីក្រុងកឹងធើ។ មុខសញ្ញាបានទទួលផល គឺប្រជាពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើភូមិឋានទីក្រុង (ស្នាក់នៅអចិន្ត្រៃយ៍ និងស្នាក់នៅបណ្តោះអាសន្នដែលមានការបញ្ជាក់តាមរយៈ VNeID) បណ្តាអង្គភាពដែលគ្រប់គ្រងដោយទីក្រុង និងពលករដែលកំពុងបំពេញការងារនៅក្នុងភូមិភាគទីក្រុង។ ពេលវេលាពិនិត្យសុខភាព ចាប់ពីខែមិថុនា ឆ្នាំ ២០២៦ រហូតដល់បញ្ចប់ការពិនិត្យសុខភាព យូរបំផុតនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦។
នៅក្នុងកិច្ចប្រជុំ បណ្តាមន្ទីរនិងផ្នែកនានា បានផ្តល់មតិយោបល់អំពីញ្ហាកញ្ចប់ថវិកា ទីកន្លែង ធនធានមនុស្ស ការសហការ ការបញ្ចូល និងការភ្ជាប់ទិន្នន័យ…។

សាស្ត្រាចារ្យរង បណ្ឌិត ហ្វាងក្វឹកកឿង នាយកមន្ទីរសុខាភិបាលទីក្រុងកឹងធើ ថ្លែងការណ៍។
សាស្ត្រាចារ្យរង បណ្ឌិត ហ្វាងក្វឹកកឿង នាយកមន្ទីរសុខាភិបាល បានស្នើឱ្យបណ្តាមូលដ្ឋាននានាផ្ញើបញ្ជីឈ្មោះមុខសញ្ញាអាទិភាពទាំង ៦ ក្រុមសម្រាប់ការពិនិត្យក្នុងឆ្នាំ២០២៦ មកកាន់មន្ទីរសុខាភិបាលមុនថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៦ ដើម្បីបូកសរុបកញ្ចប់ថវិកា និងរាយការណ៍ជូនគណៈកម្មាធិការប្រជាជនទីក្រុង។ ដោយបណ្តាឃុំ សង្កាត់ ដែលមានមុខសញ្ញាពិនិត្យច្រើន គណៈកម្មាធិការប្រជាជនត្រូវប្រជុំជាមួយដំណាក់សុខាភិបាល និងមជ្ឈមណ្ឌលសុខាភិបាលតំបន់ ដើម្បីមានវិធីសាស្រ្តពិនិត្យជំងឺឱ្យបានសមស្រប មានផែនការលម្អិត ដើម្បីធានាសម្រេចផែនការ។ មន្ទីរសុខាភិបាលនឹងចេញផែនការលម្អិត មជ្ឈមណ្ឌលសុខាភិបាលនិងមូលដ្ឋានសុខាភិបាលនឹងផ្សព្វផ្សាយអនុវត្ត៕
ហ.ហ្វា-ត្រឹងរ៉ូន