ជាច្រើនឆ្នាំមកនេះ ចលនាកីឡាអប់រំកាយនៅទីក្រុងកឹងធើ មានការរីកចម្រើនយ៉ាងខ្លាំងដោយមានសកម្មភាពជាក់ស្តែងជាច្រើន ត្រូវបានចាត់តាំងឡើងជាប្រចាំ ទាក់ទាញកម្មាភិបាលនិងប្រជាជនជាច្រើនចូលរួម ដើម្បីបង្កើនសុខភាព។

មហាសន្និបាតកីឡាអប់រំកាយសង្កាត់វិញភឿក លើកទី១០ ឆ្នាំ ២០២៦។
កាលនៅមានជីវិត លោកប្រធានហូជីមិញ តែងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការហាត់ប្រាណ ថែរក្សាសុខភាព។ លោកធ្លាប់អំពាវនាវ៖ “ខ្ញុំសង្ឃឹមថា ជនរួមជាតិយើងគ្រប់រូបខិតខំហាត់ប្រាណ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ រាល់ថ្ងៃខ្ញុំតែងតែហាត់ប្រាណ”។ ពាក្យអំពាវនាវដ៏សាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅមិនត្រឹមតែបង្ហាញពីទស្សនៈវិស័យអំពីតួនាទីនៃសុខភាព ប៉ុណ្ណោះទេ ថែមទាំងជាត្រីវិស័យសម្រាប់មនុស្សម្នាក់ៗ បង្កទម្លាប់រស់នៅបែបវិទ្យាសាស្ត្រទៀតផង។
នៅឃុំឡុងភូ ពិធីបំផុសយុទ្ធនាការ “ទូទាំងប្រជាជនហាត់ប្រាណតាមគំរូដ៏ឧត្តុង្គឧត្តមរបស់លោកប្រធានហូជីមិញ” ភ្ជាប់ជាមួយទិវារត់អូឡាំពិក ដើម្បីសុខភាពទូទាំងប្រជាជន ឆ្នាំ ២០២៦ បានប្រជាជនចូលរួមគាំទ្រយ៉ាងច្រើនកុះករ។ សកម្មភាពនេះ មិនត្រឹមតែរួមចំណែកលើកកម្ពស់ ការយល់ដឹងអំពីតួនាទីនៃការហាត់ប្រាណប៉ុណ្ណោះទេ ថែមទាំងជំរុញស្មារតីសាមគ្គីភាពនិងការកសាងសហគមន៍មានសុខភាពល្អផងដែរ។
ទន្ទឹមនឹងនោះ ទីលាននិងកម្មវិធីកីឡាខ្នាតធំៗ ក៏បានបន្តថែរក្សានិងបង្កើនគុណភាព។ មហាសន្និបាតកីឡាអប់រំកាយសង្កាត់វិញភឿក លើកទី១០ ឆ្នាំ២០២៦ បានប្រមូលផ្តុំកីឡាករ-កីឡាការិនី ជាង ៤០០ នាក់ ចូលរួមប្រកួតលើវិញ្ញាសាជាច្រើន ដូចជា៖ បាល់ទះ អត្តពលកម្ម អុក ចត្រង្គ បោះប៊ូល បាល់ទះខ្យល់ និងលេងអុក។ មហាសន្និបាតមិនត្រឹមតែជាកន្លែងប្រកួតប្រជែង ប៉ុណ្ណោះទេ ថែមទាំងជាឱកាសបង្ហាញកម្លាំង និងការជំរុញចលនាកីឡាអប់រំកាយឱ្យកាន់តែរីកចម្រើនទូលំទូលាយ។
លោកត្រឹងវ៉ាំងតាង អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់វិញភឿក ប្រធានគណៈចាត់តាំងមហាសន្និបាត បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះស្មារតីម្ចាស់ការក្នុងការត្រៀមលក្ខណៈរបស់ក្រុមកីឡា ក្រុមអាជ្ញាកណ្តាល ក៏ដូចជាការខិតខំហ្វឹកហាត់យ៉ាងម៉ឺងម៉ាត់របស់កីឡាករ-កីឡាការិនីគ្រប់រូប។ ការត្រៀមលក្ខណៈចាត់តាំងយ៉ាងម៉ត់ចត់និងមានទំនួលខុសត្រូវនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យនៃមហាសន្និបាត ព្រមទាំងផ្សព្វផ្សាយពីស្មារតីសាមគ្គីភាពស្មោះត្រង់និងល្អប្រសើរក្នុងវិស័យកីឡា។
ជាក់ស្តែងបង្ហាញឱ្យឃើញថា ចលនាកីឡាអប់រំកាយនៅមូលដ្ឋានកំពុងអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ។ ក្លឹបកីឡានានាបានដំណើរការជាប្រចាំ វិញ្ញាសាកីឡាប្រពៃណីនិងទំនើប បានបន្តថែរក្សា និងអភិវឌ្ឍន៍ បង្កជាទីលានកម្សាន្តដ៏មានប្រយោជន៍សម្រាប់មនុស្សគ្រប់វ័យ។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីតួនាទីនៃការហាត់ប្រាណដើម្បីសុខភាព កសាងផ្នត់រស់នៅប្រកបដោយសុខភាពល្អ ឆ្ពោះទៅរកជីវិតមានសុភមង្គលនិងការអភិវឌ្ឍប្រកបដោយចីរភាព៕
ហុងទើ - ពេជ្រសឿន