សាខានាយកដ្ឋានដាំដុះនិងការពាររុក្ខជាតិខេត្តត្រាវិញ បានសហការជាមួយដំណាក់ការពាររុក្ខជាតិស្រុកទីវកឹង រៀបចំបូកសរុបវគ្គគ្រប់គ្រងជំងឺ បំផ្លាញទូទៅ ហៅកាត់ថា (IPM) ផលិតស្រូវក្នុងរដូវចុងឆ្នាំ ២០២២ ។
ទម្រង់ស្រូវ IPM មុនពេលប្រមូលផល។
តាមប្រសាសន៍លោកឡឹមក្វាងឌុង ប្រធានដំណាក់ការពាររុក្ខជាតិស្រុកទីវកឹង វគ្គគ្រប់គ្រងជំងឺបំផ្លាញទូទៅ ក្នុងការផលិតស្រូវរដូវចុងឆ្នាំ ២០២២ ត្រូវបានដំណើរការអនុវត្តនៅតំបន់ប្រឡាយបេតុងភូមិស្វាយមីង ឃុំភូកឹង។ ពោលគឺសិក្ខាកាមត្រូវបានរៀនទ្រឹស្តី គួបផ្សំនឹងការអនុវត្តផ្ទាល់ផ្តើមពីការជ្រើសរើសពូជ ដំណាក់ការបាចជីត្រូវមានតុល្យភាព អនុវត្តវិធានការថែទាំសមស្របដើម្បីស្រូវលូតលាស់ល្អ បង្កើនលទ្ធភាពប្រឆាំងនឹងសត្វល្អិត ឬជំងឺបំផ្លាញ កាត់បន្ថយជាអតិបរមាការបាញ់ថ្នាំការពាររុក្ខជាតិដើម្បីការពារប្រភេទសត្វល្អិតមានប្រយោជន៍ និងប្រិតសំចៃការចំណាយដល់កសិករ។ ទន្ទឹមនឹងនោះ ជំរុញទឹកចិត្តកសិករមើលថែទាំស្រែឱ្យបានរឿយៗ ពិនិត្យតាមដានការលូតលាស់របស់ស្រូវទៅតាមដំណាក់កាលនីមួយៗ ដើម្បីមានវិធានការទប់ស្កាត់សមស្រប ជួយស្រូវលូតលាស់ល្អ។
សិក្ខាកាមចូលរួមបិទវគ្គ IPM។
ក្រោយរយៈពេល ៩០ ថ្ងៃចុះពូជស្រុះគ្នា ប្រើប្រាស់ពូជស្រូវមានការទទួលស្គាល់ច្បាស់លាស់ ដូច៖ OM ៥៤៥១ លើផ្ទៃដី ១៧,៩ ហិកតា មកទល់ពេលនេះ ឃើញថាសិក្ខាកាមបានប្រមូលផល ហើយទិន្នផលស្រូវសើមសម្រេច ៥,០ តោន/ហិកតា ត្រូវបានឈ្មួញប្រមូលទិញក្នុងតម្លៃ ៦.៦០០ ដុង/គ.ក។ ក្រោយពីទូទាត់រួចស្រេច កសិករចំណេញបានប្រមាណ ២០,៣៣៥ លានដុង/ហិកតា។ បើប្រៀបនឹងដីស្រែក្រៅ ទម្រង់ទិន្នផលស្រូវសើមប្រមូលផលសម្រេចបានតែ ៤,៨ តោន/ហិកតា ចំណេញសម្រេចបានតែ ១៧,៨០៥ លានដុង/ហិកតា ដូច្នេះ ទាបជាងស្រូវក្នុងទម្រង់អនុវត្ត ២,៥៣០ លានដុង/ហិកតា។ បងថាច់រេន ជាសិក្ខាកាមម្នាក់ក្នុងចំណោមសិក្ខាកាមនៃវគ្គហ្វឹកហាត់ ឱ្យដឹង៖ “ជំហានដំបូង ខ្ញុំយល់ឃើញថាការផលិតស្រូវតាមទិសដៅ IPM នេះជួយកាត់បន្ថយចំណាយក្នុងការប្រើប្រាស់ពូជ ជី និងថ្នាំការពាររុក្ខជាតិ ក្នុងពេលដែលសម្ភារៈកសិកម្មកំពុងឡើងថ្លៃ រួមចំណែកការពារបរិស្ថាន បង្កើនប្រាក់ចំណូល និងផលិតបានផលិតផលសុវត្ថិភាព ហើយអភិវឌ្ឍផលិតកម្មកសិកម្មតាមទិសដៅប្រកបដោយនិរន្តរភាព”។
លោកឡឹមក្វាងឌុង ឱ្យដឹងបន្ថែម៖ កម្មវិធី IPM គឺជាដំណោះស្រាយជួយដល់កសិករ ហ៊ានផ្លាស់ប្ដូររបៀបដាំដុះ ដើម្បីបង្កើនប្រាក់ចំណូលការពារបរិស្ថានចម្រុះ ហើយអាចនឹងអនុវត្តលើប្រភេទដំណាំផ្សេងៗទៀត រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ សមស្របជាមួយនឹងការប្រែប្រួលអាកាសធាតុ និងសុវត្ថិភាពសម្រាប់សុខភាពកសិករទៀតផង៕
ភូថាញ់-លីសៀ