គណៈកម្មការសុវត្ថិភាពចរាចរណ៍ក្រុងកឹងធើ ទើបសហការជាមួយនឹងគណៈសាសនាក្រុង រៀបចំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ច្បាប់ចរាចរណ៍ផ្លូវទឹក ដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងសមណនិស្សិតវិទ្យាស្ថានពុទ្ធសាសនាខ្មែរ។
តំណាងគណៈជនជាតិបានប្រគេនឯកសារដល់សមណនិស្សិតក្នុងឱកាសចូលរួមការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍។
អ្នកជំនាញការនៃគណៈកម្មការសុវត្ថិភាពចរាចរណ៍ក្រុងកឹងធើ បានរបាយការណ៍ផ្ទាល់ពីបធានបទច្បាប់ចរាចរណ៍; ដំណោះស្រាយផ្សេងៗធានាសុវត្ថិភាពចរាចរណ៍; លក្ខន្តិកៈមួយចំនួននៃការចូលរួមចរាចរណ៍ផ្លូវគោក និងកសាងវប្បធម៌ចរាចរណ៍; ផ្សព្វផ្សាយខ្លឹមសារមួយចំនួនពីទិដ្ឋភាពទូទៅនៃគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ចាប់ពីឆ្នាំ ២០១១-២០២១ និងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើភូមិសាស្រ្តក្រុងកឹងធើ ចាប់ពីខែធ្នូ ឆ្នាំ ២០២១ រហូតដល់ខែមិថុនា ឆ្នាំ ២០២២។ល។ ស្របឱកាសនេះដែរ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងសមណនិស្សិតវិទ្យាស្ថានពុទ្ធសាសនាខ្មែរ ថែមទាំងបានទស្សនាវីដេអូឃ្លីប ពីករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយចំនួនដែលកាមេរ៉ាថតបានជាមួយនឹងកំហុសច្រើនកើតមានដូច៖ បើកបរបណ្ដើរ និយាយទូរស័ព្ទបណ្ដើរ; បើកបរយានយន្តក្រោយពីផឹកស្រា បៀ; មិនពាក់មួកសុវត្ថិភាពពេលបើកបរម៉ូតូ យានយន្ត; ខ្វះការប្រុងប្រយ័ត្នខណៈពេលឆ្លងគន្លងផ្លូវ បើកបរហួសល្បឿនកំណត់; ដឹកទំនិញហួសចំណុះ សំពីងសំពោង។ល។ លោកយ័ញសាង អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ សង្កាត់ចូវវ៉ាន់លីម ខ័ណ្ឌអូរម៉ូង ចែករំលែក៖ “ខ្ញុំយល់ឃើញថា ការផ្សព្វផ្សាយមានអត្ថន័យខ្លាំងណាស់។ ឆ្លងតាមរយៈនោះ ខ្ញុំទទួលបានព័ត៌មានល្អៗនិងភ្ញាក់រលឹកធានាសុវត្ថិភាពខណៈពេលចូលរួមចរាចរណ៍។ ក្រោយពីការផ្សព្វផ្សាយនេះ ខ្ញុំនឹងផ្សព្វផ្សាយបន្តដល់មាមីងជនរួមជាតិក្នុងភូមិ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ”។
លោកថាច់ហ្វាង អនុប្រធានគណៈកម្មការវត្តទឹកល្អក់ ឃុំវិញប៊ិញ ស្រុកវិញថាញ់ ឱ្យដឹង៖ “គណៈកម្មការវត្តតែងផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ដោយគួបផ្សំនឹងឱកាសជួបប្រាស្រ័យម្ចាស់ឆ្នោត ឬក្នុងថ្ងៃសីលដល់មាមីងពុទ្ធបរិស័ទក្នុងឃុំបានយល់ដឹង ដើម្បីអនុវត្តច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ។ ចាប់ពីដើមឆ្នាំមកទល់បច្ចុប្បន្ន គណៈកម្មការវត្តនៅទាំងសហការជាមួយនឹងរដ្ឋអំណាចភូមិភាគខ្នះខ្នែងចលនាពុទ្ធបរិស័ទនិងមាមីងក្នុងឃុំវិញប៊ិញ រួមវិភាគទានទឹកប្រាក់បាន ៥០០ លានដុង និងកម្លាំងពលកម្មកសាងស្ពានជនបទចំនួន ២ ខ្សែ គិតជាទឹកប្រាក់ ៣០០ លានដុង និងកសាងដងផ្លូវបេតុងគិតជាទឹកប្រាក់ជាង ២០០ លានដុង។ បច្ចុប្បន្ន នៅភូមិវិញញឹង ឃុំវិញប៊ិញ នៅមានដងផ្លូវតូច ចង្អៀតប្រហែល ២០០ ម៉ែត្រ គណៈកម្មការវត្តទឹកល្អក់ នឹងបន្តសហការជាមួយរដ្ឋអំណាចភូមិភាគ ចលនាពង្រីកផ្លូវនេះឱ្យបានទទឹង ៤ ម៉ែត្រ បង្កលក្ខណៈចរាចរណ៍ប្រកបដោយសុវត្ថិភាព”៕
គឹមស្វឹង - ថាច់ធី