បងស្រីត្រឿងសុទាន ប្រធានសាខាសមាគមនារីភូមិដាវវៀង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ ខេត្តសុកត្រាំង តែងជាគំរូនិងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការងារ។
បងស្រី ត្រឿងសុទាន (ខាងស្ដាំ) កំពុងនិយាយអំពីសកម្មភាពរបស់សមាគម។
ធ្វើជាប្រធានសាខាសមាគមភូមិដាវវៀង ចាប់ពីឆ្នាំ ១៩៩៦ មកទល់បច្ចុប្បន្ន បងស្រីសុទាន តែងយល់ច្បាស់ពីស្ថានភាពគ្រួសាររបស់សមាជិកម្នាក់ៗ ពិសេសចំពោះសមាជិកក្រីក្រ ទទួលបានជំនួយឧបត្ថម្ភទាន់ពេល។ បងស្រីសុទាន ឱ្យដឹង៖ “ចាប់ពីថ្ងៃធ្វើការក្នុងសាខាសមាគមនារីភូមិ ខ្ញុំរៀនសូត្របានច្រើនយ៉ាងណាស់ ដូចជា៖ កសាងគ្រួសារសុភមង្គល; របៀបធ្វើសេដ្ឋកិច្ច ការសន្សំសំចៃ; យល់ដឹងច្រើនពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ។ល។ ផ្ដើមពីនោះ ខ្ញុំប្ដេជ្ញាចិត្តចលនាបងប្អូននារីក្នុងភូមិចូលរួមដើម្បីរួមគ្នាអភិវឌ្ឍន៍”។ ជាមួយនឹងការប្ដេជ្ញាចិត្តនោះ បងស្រីសុទាន តែងចុះទៅតាមផ្ទះដើម្បីចលនាបងប្អូននារីចូលរួមក្នុងក្រុមក្លិបរបស់សមាគម។ ពេលឮបងស្រី វែកញែកពីផលប្រយោជន៍នៃការចូលរួមសមាគម បងប្អូននារីខ្មែរជាច្រើនក្នុងភូមិក៏ចូលរួម។ មកទល់បច្ចុប្បន្ន បងស្រី បានឧទ្ទេសនាមសមាជិកជាច្រើននៅក្នុងសមាគមបុលទុនអាទិភាពសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច; រៀនសូត្របច្ចេកទេសចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ; រៀនមុខរបរ ឧទ្ទេសនាមការងារធ្វើ ។ល។ បងស្រីសុទាន ឱ្យដឹង៖ “ប្រការដែលខ្ញុំពេញចិត្តបំពេញការងារនារី គឺមានឱកាសបានជួយឧបត្ថម្ភ ចែករំលែកការលំបាកជាមួយបងប្អូននារីខ្មែរក្នុងភូមិ។ រៀងរាល់ខែ បងប្អូនតែងជួបជុំ ចែករំលែកនូវសុខទុក្ខ របៀបធ្វើសេដ្ឋកិច្ច សន្សំសំចៃដើម្បីជីវភាពបានធូរធារ; បច្ចេកទេសល្អៗក្នុងផលិតកម្ម ចិញ្ចឹមសត្វជាដើម ម្ល៉ោះហើយមនោសញ្ចេតនាកាន់តែបានផ្សារភ្ជាប់និងជិតស្និទ្ធ”។
បងស្រី ត្រឿងសុទាន (អ្នកអង្គុយខាងមុខរាប់ពីឆ្វេង) ទៅសួរសុខទុក្ខស្វែងយល់ពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចរបស់បងប្អូនសមាជិក។
តាមប្រសាសន៍បងស្រី សុទាន ឆ្នាំ ២០១០ អត្រាគ្រួសារក្រីក្រក្នុងសមាជិកសមាគមរបស់ភូមិស្រូបអត្រា ៤០% មកទល់បច្ចុប្បន្នគ្មាននៅគ្រួសារក្រីក្រ។ បងស្រី ត្រាធីស៊ីម៉ូន ឱ្យដឹង៖ “ដោយបានការឧទ្ទេនាមរបស់បងសុទាន ទើបនាងខ្ញុំបុលទុនអាទិភាពបាន ៣ លើក សរុបទឹកប្រាក់ជាង ១៣០ លានដុង យកមកចិញ្ចឹមជ្រូកមេ។ បងសុទាន នៅទាំងបង្កលក្ខណៈឱ្យខ្ញុំរៀនថ្នាក់ហ្វឹកហាត់បច្ចេកទេសចិញ្ចឹមជ្រូកមេ ផលិតស្រូវគុណភាពខ្ពស់និងរៀនមុខរបរកាត់ដេរ ម្ល៉ោះហើយខ្ញុំមានការងារធ្វើ មានឱកាសពង្រីកសេដ្ឋកិច្ច ចាកផុតពីភាពក្រីក្រ មានជីវភាពធូរធារ។ បងសុទាន គឺជាអ្នកមានគុណលើគ្រួសារខ្ញុំ គាត់ជាស្រ្តីគំរូ តែងអស់ពីចិត្តពីថ្លើមជួយសមា ជិក”។
ក្រៅពីបំពេញល្អការងារសមាគមនារី បងស្រី នៅទាំងអនុវត្តល្អការងារសហការីចំនួនប្រជាជន ប្រធានក្រុមប្រមូលកម្រៃលក់ដូរក្នុងផ្សារ។ ទោះបីរ៉ាប់រងការងារច្រើនក្ដី ប៉ុន្តែបងស្រីតែងលៃលកពេលវេលាដើម្បីអនុវត្តល្អភារកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ បងស្រី យឿងធីហុងញុង ប្រធានសហព័ន្ធសមាគមនារីឃុំវៀងប៊ិញ ឱ្យដឹង៖ “បងស្រី ត្រឿងសុទាន គឺកម្មាភិបាលនារី ភូមិគំរូ អស់ពីចិត្តជួយសមាជិក ទទួលខុសត្រូវខ្ពស់ក្នុងការងារ ម្ល៉ោះហើយអ្នកណាក៏គោរពរាប់អានគាត់ដែរ។ ជាច្រើនឆ្នាំមកនេះ រាល់ការងារដែលប្រគល់ជូនបងស្រីតែងអនុវត្តល្អនិងសម្រេចលើសផែនការដាក់ចេញ”៕
លីធាន-ថាច់ធី