(Chinhphu.vn) - ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ឡេវ៉ាន់ថាញ់ ទើបតែចុះហត្ថលេខាប្រកាសឱ្យប្រើអនុក្រឹត្យលេខ ៤៥/២០២២/NĐ-CP បញ្ញត្តិអំពីការពិន័យរដ្ឋបាលក្នុងវិស័យការពារបរិស្ថាន ក្នុងនោះមានចែងយ៉ាងច្បាស់ពីកម្រិត ពិន័យចំពោះបទល្មើសដែលចែងអំពីការការពារបរិស្ថានក្នុងការផលិតកសិកម្ម។
ពិន័យជាទឹកប្រាក់ដល់ ៣.០០០.០០០ ដុង ចំពោះទង្វើដុតអនុផលកសិកម្មនៅវាលស្រែក្បែរមណ្ឌលតាំងទីលំនៅ ព្រលានយន្ត ឬផ្លូវគមនាគមន៍សំខាន់ៗ។
ជាក់ស្តែង គឺពិន័យជាទឹកប្រាក់ចាប់ពី ២.៥០០.០០០ ដុងដល់ ៣.០០០.០០០ ដុងចំពោះទង្វើដែលដុតអនុផលកសិកម្មនៅវាលស្រែក្បែរមណ្ឌលតាំងទីលំនៅ ព្រលានយន្តហោះ ផ្លូវគមនាគមន៍សំខាន់ៗ។ ពិន័យជាទឹកប្រាក់ចាប់ពី ១០-១៥ លានដុង ចំពោះទង្វើដែលមិនចុះឈ្មោះ ធ្វើស្ថិតិ រាយការណ៍ និងគ្រប់គ្រងព័ត៌មានពីសារធាតុគីមី ថ្នាំការពាររុក្ខជាតិ និងថ្នាំបសុពេទ្យតាមការកំណត់។ ប្រើប្រាស់សារធាតុគីមី ថ្នាំការពាររុក្ខជាតិខុសច្បាប់និងបង្កកខ្វក់បរិស្ថាន។ ចំពោះទង្វើដែលមិនអនុវត្តនូវការវាយតម្លៃនិងត្រួតពិនិត្យសារធាតុគីមី ថ្នាំការពាររុក្ខជាតិ ថ្នាំបសុពេទ្យតាមការកំណត់ នឹងត្រូវពិន័យជាទឹកប្រាក់ចាប់ពី ៣០-៥០ លានដុង។ ពិន័យទឹកប្រាក់ចាប់ពី ៥០-៧០ លានដុង ចំពោះទង្វើដែលប្រើប្រាស់ថ្នាំការពាររុក្ខជាតិ ថ្នាំបសុពេទ្យ សារធាតុគីមីដែលផុតកាលកំណត់ ឬក៏ក្រៅបញ្ជីឈ្មោះដែលបានអនុញ្ញាត និងបង្កកខ្វក់បរិស្ថាន។ ចំពោះទង្វើដែលនាំចូលសារធាតុគីមី សម្ភារៈដែលមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ មិនឆ្លើយតបតាមបទប្បញ្ញត្តិស្តីពីការការពារបរិស្ថាន នឹងត្រូវពិន័យជាទឹកប្រាក់ចាប់ពី ៥០-១០០ លានដុង។
អនុក្រឹត្យក៏បានកំណត់កម្រិតពិន័យចំពោះទង្វើដែលបង្កកខ្វក់បរិស្ថានដី ទឹក ខ្យល់អាកាស។ បង្កកខ្វក់បរិស្ថានអូសបន្លាយ ជាមួយកម្រិតពិន័យជាទឹកប្រាក់ខ្ពស់បំផុតឡើងដល់ ១៥០ លានដុង។ តាមរយៈនោះ ពិន័យជាទឹកប្រាក់ចាប់ពី ៤០-៥០ លានដុង ចំពោះទង្វើដែលបង្ហូតសារធាតុគីមីពុលទៅក្នុងបរិស្ថានដី ទឹក ផ្ទុយនឹងបទប្បញ្ញត្តិស្តីពីការការពារបរិស្ថាន។ ចំពោះទង្វើដែលបង្ហូតប្រភពទឹកបង្កឱ្យមានជំងឺឆ្លងរាលដាលទៅក្នុងបរិស្ថាន នឹងត្រូវអនុវត្តតាមរូបភាពពិន័យទៅតាមច្បាប់ ស្តីពីការវិនិច្ឆ័យបទល្មើសរដ្ឋបាលក្នុងវិស័យសុខាភិបាល៘ ពិន័យទឹកប្រាក់ចាប់ពី ៨០-១០០ លានដុង ចំពោះករណីបរិមាណសារធាតុបង្កកខ្វក់បរិស្ថាន (ទិន្នន័យបរិស្ថាន) ក្នុងដី ទឹក ឬក៏ខ្យល់អាកាស លើសពីបទដ្ឋានបច្ចេកទេស ចាប់ពី ០៣ ដង ដល់ក្រោម ០៥ ដង ចំពោះទិន្នន័យបរិស្ថានដែលមានគ្រោះថ្នាក់ ឬក៏ ០៥ ដង រហូតដល់ក្រោម ១០ ដង ចំពោះទិន្នន័យបរិស្ថានធម្មតា។ ពិន័យជាទឹកប្រាក់ចាប់ពី ១០០ -១៥០ លានដុង ចំពោះករណីធ្វើឱ្យបរិមាណសារធាតុបង្កកខ្វក់បរិស្ថាន (ទិន្នន័យបរិស្ថាន) ក្នុងដី ទឹក ឬក៏ខ្យល់អាកាសលើសបទដ្ឋាន បច្ចេកទេសចាប់ពី ០៥ ដងឡើងទៅ ចំពោះទិន្នន័យបរិស្ថានគ្រោះថ្នាក់ ឬក៏ពី ១០ ដងឡើងទៅចំពោះទិន្នន័យបរិស្ថានធម្មតា៕
ប្រភព៖ Chinhphu.vn-លេងមី