 |
លោកយ័ញភុក ប្រធានមន្ទីរជនជាតិនិងសាសនាខេត្តគៀងយ៉ាង។ រូប៖ បុគ្គលផ្ដល់ជូន |
នាឱកាសវិស្សមកាល ភាគច្រើនវត្តខ្មែរនៅខេត្តគៀងយ៉ាង តែងបើកបង្រៀនអក្សរខ្មែរជូនកូនចៅជនរួមជាតិខ្មែរ។ រដូវវិស្សមកាលឆ្នាំ២០២៥ តាមការពិគ្រោះយោបល់ជាមួយនឹងអ្នកយកព័ត៌មាន កាសែតកឹងធើភាសាខ្មែរអំពីខ្លឹមសារនេះ លោកយ័ញភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្តគៀងយ៉ាង ឱ្យដឹង៖
- ការបង្រៀនអក្សរខ្មែរនាំមកអត្ថប្រយោជន៍ ច្រើនជូនសហគមន៍ ជួយសិស្សានុសិស្សថែរក្សា និងពង្រីកលក្ខណៈល្អប្រសើរនៃវប្បធម៌ប្រពៃណី បង្កលក្ខណសម្បត្តិសម្រាប់ប្អូនៗអភិវឌ្ឍគ្រប់ ផ្នែក។ ការបង្រៀនអក្សរខ្មែរក្នុងខេត្ត ត្រូវបានរៀបចំដោយរូបភាពជាច្រើន រួមមានថ្នាក់រៀន ក្នុងឱកាសវិស្សមកាលនិងថ្នាក់រៀននៅតាមសាលាសកល។ ចំពោះការរៀបចំបង្រៀនអក្សរខ្មែរ ឱកាសវិស្សមកាល សិស្សបានមកចុះឈ្មោះ ចូលរៀនកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ឃើញច្បាស់បំផុតក្នុងប៉ុន្មានឆ្នាំជិតៗនេះ ចំនួនបន្ទប់រៀននិងចំនួនសិស្សមានការកើនឡើងគួរឱ្យកត់សម្គាល់។ គិតត្រឹម ៤ ឆ្នាំ (ឆ្នាំ ២០១៨; ២០១៩; ២០២៣ និង ២០២៤) ខេត្តបានរៀបចំបើកថ្នាក់រៀនអក្សរខ្មែរជូនព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែរ ៥៣១ បន្ទប់ មានសិស្សជិត ១២.០០០ អង្គនិងរូប។ ដើម្បីកម្មវិធីបង្រៀនបានឯកភាព ខេត្តបានជំនួយសៀវភៅពុម្ពភាសាខ្មែរជាង ៥.០០០ ក្បាល។ តែងរៀបចំវគ្គហ្វឹកហាត់ បំពាក់បំប៉នបំណិន វិធីសាស្រ្តបង្រៀនភាសាខ្មែរ ជូនគ្រូបង្រៀនជាប្រចាំ។ តួយ៉ាងដូច មន្ទីរជនជាតិនិងសាសនា បានសហការជាមួយនឹងមជ្ឈមណ្ឌលភាសាបរទេស - ព័ត៌មានវិទ្យា Victory សាកលវិទ្យាល័យត្រាវិញ បើកវគ្គបំពាក់បំប៉នភាសាខ្មែរចំនួន ៥ វគ្គជូនសិក្ខាកាមជាង ២០០ រូបជាមុខសញ្ញា ៣ និងមុខសញ្ញា ៤; ហ្វឹកហាត់ សៀវភៅសិក្សាគោល ជូនព្រះសង្ឃ គ្រូបង្រៀន ជិត ២០០ អង្គនិងរូបលើភូមិសាស្រ្តខេត្ត …។

ថ្នាក់រៀនអក្សរខ្មែរក្នុងឱកាសវិស្សមកាល ឆ្នាំ ២០២៥ នៅវត្តមន្ទាមុនីតាមុំ
ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង។ រូប៖ សហការី
*ក្រៅពីជំនួយខាងវិជ្ជាជីវៈគរុកោសល្យ តើភូមិភាគបានឧបត្ថម្ភថវិកាដល់គ្រូបង្រៀនដែរឬទេជម្រាបប្រសាសន៍លោក ?
- ដើម្បីឧបត្ថម្ភដល់គ្រូបង្រៀន និងអាចារ្យ បង្រៀន ក៏ដូចជាបង្កលក្ខណៈល្អប្រសើរសម្រាប់ ការបង្រៀននិងរៀន មន្ទីរជនជាតិនិងសាសនា បានធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត អនុវត្តយន្តការពិសេសដោយឡែក ឧបត្ថម្ភ ថវិកាជាង ២ ពាន់លានដុង ដើម្បីទិញសៀវភៅ សិក្សាគោល ឧបត្ថម្ភថវិកាដល់គ្រូបង្រៀន ព្រះសង្ឃដែលបង្ហាត់បង្រៀនអក្សរខ្មែរក្នុងវត្តនាឱកាសវិស្សមកាល។ ពិសេសឆ្នាំ ២០២៤ មន្ទីរជនជាតិនិងសាសនា បានធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត លើកជូនក្រុមប្រឹក្សាប្រជាជនខេត្ត ចេញសេចក្ដីសម្រេចចិត្តលេខ ១៣/២០២៤/NQ-HĐND ចុះថ្ងៃ ២២/៧/២០២៤ ស្ដីពីការឧបត្ថម្ភអ្នកបង្រៀនអក្សរខ្មែរនៅតាម មូលដ្ឋានសាសនា និងអ្នកបង្រៀនអក្សរចិននៅតាមកន្លែងបង្រៀនអក្សរចិន អាស្រ័យសមាគម ជួយគ្នាទៅវិញទៅមករបស់ជនជាតិចិនរៀបចំឡើងក្នុងខេត្ត។ កម្រិតឧបត្ថម្ភ ៣០.០០០ដុង/ម៉ោង; ក្នុងនោះ ចំពោះការបង្រៀនអក្សរខ្មែរក្នុងមួយសប្ដាហ៍មិនលើសពី ២៤ ម៉ោង/ថ្នាក់ ចំពោះការបង្រៀនអក្សរចិនក្នុងមួយសប្ដាហ៍មិនលើសពី ១២ ម៉ោង/ថ្នាក់។ តាមការគ្រោងទុកក្នុងឆ្នាំ ២០២៥ នឹងរៀបចំបើកបង្រៀនជិត ២៤០ បន្ទប់ ដោយមានសិស្សចូលរៀនជិត ៥.០០០ រូប សរុបថវិកាឧបត្ថម្ភជិត ១,៦ ពាន់លានដុង៕
*សូមអរគុណលោក!
ហាថាញ - ប្រែសម្រួល៖ ថាច់ធី