ក្រុងដាណាំងមានវត្តចំនួន៣ មានឈ្មោះដូចគ្នាគឺលិញអឹង ស្ថិតនៅង៉ូវហាញសើុង បាណា (ភ្នំចួរ) និងបាយប៊ុក (ឈូងកោះសើុងត្រា)។ វត្តទាំង៣នេះ មានទេសភាពស្រស់ស្អាតនិងសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ។ ក្នុងនោះ ស្អាតបំផុតគឺវត្តលិញអឹង បាយប៊ុក។






រូបភាពមួយចំនួនក្នុងបរិវេណវត្តលិញអឹងបាយប៊ុក។
វត្តលិញអឹងបាយប៊ុក នៅមានឈ្មោះហៅថា វត្តលិញអឹងសុើងត្រា មានទីតាំងស្ថិតនៅឈូងកោះសុើងត្រា សង្កាត់ទ័រក្វាង ខណ្ឌ សើុងត្រា ចម្ងាយពីក្រុងដាណាំងប្រមាណ ១២ គីឡូម៉ែត្រ។ ទីតាំងវត្តមានកម្ពស់ ៦៩៣ ម៉ែត្រ បើប្រៀបនឹងផ្ទៃទឹកសមុទ្រ ឈរនៅវត្តនេះសម្លឹងទៅឃើញក្រុងដាណាំង។ គ្រាន់តែបើកបរយានយន្តតាមដងផ្លូវបត់បែននៃឈូងកោះសើុងត្រា ដើម្បីទៅទស្សនាវត្តនេះ ក៏ធ្វើឱ្យអ្នកទេសចរមានអារម្មណ៍ស្រស់ស្រាយ ព្រោះសម្រស់ធម្មជាតិ ព្រៃភ្នំនិងសមុទ្រ។ ដំណើរកម្សាន្ត “ឡើងភ្នំចុះសមុទ្រ” ប្រាកដជាទាក់ទាញភ្លៀវទេសចរជាពុំខាន។
យោងតាមការកត់ត្រារបស់វត្តលិញអឹងបាយប៊ុក វត្តត្រូវបានបញ្ចុះបឋមសិលា នៅថ្ងៃទី ១៩/ ៦/២០០៤ (តាមចន្ទគតិវៀតណាម)។ ក្រោយពីរយៈកាល ៦ ឆ្នាំកសាង ក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ១៩/៦/២០២០។ មកទល់ពេលនេះ វត្តនៅតែបន្តការកសាងនូវសំណង់ថ្មីៗជាច្រើន។ ក្រៅពីបានគេស្គាល់ជាវត្តមួយដ៏ស្រស់ ស្អាត ធំទូលាយនិងមានអាយុកាលថ្មីបំផុតក្នុងចំណោមវត្តទាំង ៣ នៅដាណាំង វត្តលិញអឹង បាយប៊ុក នៅទាំងបានគេស្គាល់ថាជាកន្លែង ដែលមានរូបសំណាកព្រះម៉ែគង់ស៊ីអីមខ្ពស់បំផុតនៅវៀតណាម (កម្ពស់ ៦៧ ម៉ែត្រ)។ ក្នុងបរិវេណវត្តមានសំណង់ស្រស់ស្អាតជាច្រើន ព័ទ្ធជុំវិញដោយដើមឈើធំៗ។ ពីទីតាំងវត្តលិញអឹងបាយប៊ុក ភ្ញៀវទេសចរអាចមើលឃើញផ្ទៃសមុទ្រធំល្វឹងល្វើយ ក្រុងដាណាំងដ៏ទំនើប រលកខ្ទប់ច្រាំង បែកផ្កាត្រែង អមដោយឆ្នេរខ្សាច់សក្បុស មើលទៅដូចជារូបអឌ្ឍចន្ទនាខែរនោច។
ពោលពីទីតាំងនៃវត្តលិញអឹងទាំង ៣ នៅក្រុង ដាណាំង វត្តទាំងនេះមានទីតាំងស្ថិតនៅកន្លែងដ៏ស្អាត ហើយបង្កើតជា “ត្រីកោណ” មួយដ៏ពិសិដ្ឋក្នុងក្រុង។ នោះគឺវត្តលិញអឹងណងណឿក ស្ថិតនៅលើភ្នំធ្វីសុើង ជាភ្នំមួយនៃជួរភ្នំង៉ូវហាញ សុើង។ វត្តលិញអឹងបាណា ស្ថិតនៅលើកំពូលភ្នំខ្ពស់នៃរមណីយដ្ឋានសម្រាកលម្ហែកាយ “ដាឡាត់នៃតំបន់ភូមិភាគកណ្តាល” និងវត្តលិញអឹង បាយប៊ុក ស្ថិតនៅចង្កេះភ្នំ ឈូងកោះសើុងត្រា។ ក្រៅពីវត្តលិញអឹងបាយប៊ុក ប្រសិនបើមានឱកាស ភ្ញៀវទេសចរគួរឆៀងចូលទស្សនាវត្តដូចបានពោលខាងលើ ប្រាកដជាដិតជាប់អារម្មណ៍មិនអាចបំភ្លេចបាន ព្រោះសុទ្ធសឹងតែមានសំណង់ស្ថាបត្យកម្មបុរាណដ៏ស្រស់ស្អាតអស្ចារ្យ៕
ហាថាញ-មុនី