មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/06/2025 - 14:38

កម្មា​ភិបាល​អស់​ពី​ចិត្ត​ជា​មួយ​នឹង​ការ​ងារ​សម្រុះ​សម្រួល 

បង​ស្រី ​ថាច់​ធី​ហ្វា ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ​ ខេត្ត​បាក​លីវ​ ជា​កម្មា​ភិបាល​នារី ​ម្នាក់​ពូកែ​ក្នុង​ការ​ងារ​សម្រុះ​សម្រួល​ បាន​ជន​រួម​ជាតិ​ខ្មែរ​ស្រ​ឡាញ់​រាប់​អាន​ ថ្នាក់​ដឹក​នាំ​ឃុំ​ជឿ​ទុក​ចិត្ត។

​បង​ស្រី​ថាច់​ធី​ហ្វា។ 

បង​ស្រី​ហ្វា ​ចូល​រួម​ការ​ងារ​នៅ​មូលដ្ឋាន​ពី​ឆ្នាំ ​២០០៩​ ដល់​ឆ្នាំ ​២០១៥ ​ក្នុង​តំ​ណែង​ជា​លេ​ខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ និង​ចូល​រួម​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​សម្រុះ​សម្រួល​ឃុំ។ ​ឆ្នាំ ​២០២០ ​គាត់​បាន​បោះ​ឆ្នោត​កាន់​តំ​ណែង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​វិញ​ត្រាច់​ដុង​រហូត​ដល់​សព្វ​ថ្ងៃ។ ​ក្នុង​អំឡុង​ ១០​ ឆ្នាំ​ ចូល​រួម​ការ​ងារ​សម្រុះ​សម្រួល​ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​គាត់​ រួម​ជា​មួយ​នឹង​ក្រុម​ប្រឹក្សា​សម្រុះ​សម្រួល​ឃុំ ​ធ្វើ​ការ​សម្រុះ​សម្រួល​ជាង​ ៤០​ ករណី​ ជា​សំ​ខាន់​គឺ​ទំនាស់​លើ​វិស័យ​ ដូច​ជា៖ ​វិវាទ​ដី​ធ្លី ​ទំ​នាស់​កើត​ឡើង​ក្នុង​ជីវ​ភាព​អាពាហ៍​ពិពាហ៍​និង​គ្រួ​សារ​។ល។​ ករ​ណី​ភាគ​ច្រើន​ដែល​មាន​បង​ស្រី​ហ្វា​ចូល​រួម​សម្រុះ​សម្រួល​ មាន​អត្រា​ជោគ​ជ័យ​ខ្ពស់។ ​បង​ស្រី​ហ្វា ​ឱ្យ​ដឹង៖​ “ខ្ញុំ​ជា​កម្មា​ភិ​បាល​ខ្មែរ​បំ​ពេញ​ការ​ងារ​នៅ​មូលដ្ឋាន​ជា​ច្រើន​ឆ្នាំ ​ហេតុ​នោះ​ខ្ញុំ​ក្តាប់​ច្បាស់​ពី​ស្ថាន​ការណ៍​ជីវ​ភាព​របស់​មា​មីង។​ ព្រោះ​ហេតុ​នោះ ​ពេល​គ្រួ​សារ​ប្រ​ជា​ជន​កើត​មាន​ទំ​នាស់​ វិវាទ ​ខ្ញុំ​តែង​ចុះ​ទៅ​ដល់​ផ្ទះ​ដើម្បី​ក្តាប់​ស្ថាន​ការណ៍​ និង​ស្តាប់​យោ​បល់។​ ពេល​យល់​ច្បាស់​ពី​ហេតុ​ការណ៍​ខ្ញុំ​ទន់​ភ្លន់​ក្នុង​ការ​វិភាគ​វែក​ញែក​ហេតុ​ការណ៍​សម​ហេតុ​សម​ផល​ គួប​ផ្សំ​រវាង​ច្បាប់​ជា​មួយ​នឹង​មនោ​សញ្ចេត​នា​ភូមិ​ផង​ជា​មួយ”។​ តាម​ប្រ​សាសន៍​បង​ស្រី​ហ្វា ​ពេល​សម្រុះ​សម្រួល​សម្រេច​ជោគ​ជ័យ​នូវ​ករណី​ទំ​នាស់​ វិវាទ​ម្តងៗ ​គាត់​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​ សុភ​មង្គល​ខ្លាំង​ណាស់​ បំផុត​គឺ​ករណី​ទាក់​ទង​ដល់​អាពាហ៍​ពិពាហ៍​និង​គ្រួ​សារ។​ ពី​ព្រោះ ​គាត់​មាន​បំ​ណង​ចង់​ឱ្យ​រាល់​គ្រួ​សារ​មាន​សុភ​មង្គល​ ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ អប់រំ​ កូន​ចៅ​ក្លាយ​ជា​មនុស្ស​ល្អ។​

បង​ស្រី​ថាច់​ធី​ហ្វា ​ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ។

ដើម្បី​ធ្វើ​បាន​ល្អ​នូវ​ការ​ងារ​សម្រុះ​សម្រួល​នេះ ​បង​ស្រី​ហ្វា ​តែង​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ផ្សព្វ​ផ្សាយ ​អប់រំ​ច្បាប់​ អាន​សៀវ​ភៅ​ច្រើន​ ធ្វើ​បច្ចុប្បន្ន​ភាព​ឯក​សារ​និង​បទប្បញ្ញត្តិ​ថ្មីៗ ​។ល។ ​ទន្ទឹម​នឹង​នោះ ​គាត់​នៅ​ទាំង​សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​ ផ្សព្វ​ផ្សាយ​ច្បាប់​ផ្គួប​បញ្ចូល​នៅ​ពេល​សមាជ​ប្រ​ចាំ​ខែ; ​ផ្សព្វ​ផ្សាយ ​វែក​ញែក​ក្នុង​ការ​ទទួល​ជួប​ប្រ​ជា​ពល​រដ្ឋ​ ទទួល​ឯក​សារ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល;​ ផ្សព្វ​ផ្សាយ​តាម​ស្ថានីយ​ផ្សាយ​សំឡេង​ តាម​បណ្តាញ​សង្គម​ ដូច​ជា៖​ zalo,  ​Facebook​ របស់​រណ​សិរ្ស​មាតុ​ភូមិ​ឃុំ ​។ល។ ​ក្រៅ​ពី​នោះ ​បង​ស្រី​ហ្វា ​នៅ​ទាំង​រួម​ជា​មួយ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ឃោសនា​ ផ្សព្វ​ផ្សាយ ​អប់រំ​ច្បាប់ ​ជួយ​ប្រ​ជា​ជន​ក្តាប់​ និង​យល់​ដឹង​ច្បាប់​ កាត់​បន្ថយ​ ទំ​នាស់​វិវាទ​កើត​ឡើង។

លោក​ស្រី ​ង៉ោ​អៀង​ញ៉ៀង​ លេ​ខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​វិញ​ត្រាច់​ដុង​ ឱ្យ​ដឹង៖ ​“បង​ស្រី​ថាច់​ធី​ហ្វា ​ជា​កម្មា​ភិបាល​មាន​ប្រជា​ប្រិយ​ បាន​មា​មីង​ខ្មែរ​ស្រ​ឡាញ់​រាប់​អាន​ និង​សម្រេច​បាន​ល្អ​នូវ​ភារ​កិច្ច​ដែល​ថ្នាក់​លើ​ប្រ​គល់​ជូន​ជា​និច្ច។ ​គាត់​រវៀស​រវៃ ​ប៉ិន​ប្រ​សប់​ក្នុង​ការ​វិនិច្ឆ័យ​និង​ដោះ​ស្រាយ​ សម្រេច​ជោគ​ជ័យ​ មាន​ប្រ​សិទ្ធ​ភាព​នូវ​ករណី​ទំ​នាស់​ ម្ល៉ោះ​ហើយ​ រាល់​ករណី​ប្តឹង​តវ៉ា​ឡើង​ថ្នាក់​លើ ​កាន់​តែ​ថយ​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ​ប្រ​ការ​នេះ ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ បង​ស្រី​ហ្វា ​បង្ក​បាន​ក្តី​ទុក​ចិត្ត​ ក្លាយ​ជា​អ្នក​សម្រុះ​សម្រួល​គួរ​ជា​ទី​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​ រួម​ចំណែក​រក្សា​មនោ​សញ្ចេត​នា​ភូមិ​ស្រុក​ និង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ត្រូវ​បាន​ធា​នា”​៕

          យីអាញ-​វិមាន

ចែករំលែកអត្ថបទ