ក្នុងឱកាសនៃពិធីបុណ្យទាននិងបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ បណ្ដាភូមិភាគក្នុងខេត្តសុកត្រាំង តែងរៀបចំការប្រកួតកីឡា។ ក្នុងនោះ មានវិញ្ញាសាបាល់ទាត់បានទាក់ទាញយុវជនខ្មែរជាច្រើនចូលរួម។

ការប្រកួតកីឡាបាល់ទាត់កសិករខ្មែរ ដណ្តើមពានរង្វាន់ទូរស្សន៍សុកត្រាំង STV - ប៊ិញឌៀង លើកទី ២ ឆ្នាំ ២០២៥ បានទាក់ទាញក្រុមបាល់ជាច្រើនចូលរួម។
ចំពោះតំបន់ជនបទដែលមានប្រជាជនខ្មែរកុះករ បាល់ទាត់តែងបានយុវជនលេងនៅតាមទីលានដីដែលធំទូលាយ។ ក្នុងពិធីបុណ្យកម្សាន្តភូមិ និងបុណ្យចូលឆ្នាំថ្មី នៅតាមភូមិភាគ តែងមានរៀបចំការប្រកួតបាល់ទាត់សម្រាប់យុវជនខ្មែរផងដែរ។ សកម្មភាពនេះ តែងមានភាពពុះពោរនិងទាក់ទាញ បំផុសស្មារតីសាមគ្គីនិងបំពេញចំណង់ចំណូលចិត្តកីឡា។ បងសើុងមិញថេ នៅភូមិព្រែកឈ្វេង ឃុំថាញភូ ស្រុកមីស្វៀង ឱ្យដឹង៖ “រៀងរាល់ឆ្នាំ ក្នុងពិធីបុណ្យកម្សាន្តភូមិ និងបុណ្យចូលឆ្នាំថ្មី ក្រៅពីការអនុវត្តកម្មវិធីតាមទំនៀមទម្លាប់ គឺមាមីងខ្មែរនៅទាំងចូលរួមទឹកប្រាក់រៀបចំប្រកួតបាល់ទាត់ផងដែរ។ ការប្រកួតនៅទាំងបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់ថ្ងៃបុណ្យផង ថែមទាំងបង្កើតទីលានលេងកម្សាន្តដ៏ត្រឹមត្រូវនិងមានប្រយោជន៍ដល់កូនចៅខ្មែរ ដែលមានចំណង់ចំណូលចិត្តលេងកីឡាបាល់ទាត់ផង”។
ផ្ដើមពីការប្រកួតនៅតាមភូមិស្រុក បានបង្កើតទំនុកចិត្តដល់យុវជនខ្មែរជាច្រើនហ៊ានចុះឈ្មោះចូលរួមការប្រកួតធំៗដែលស្រុកនិងខេត្តរៀបចំឡើង។ ប្អូនប៊ូយឌិញថឹង ក្រុមបាល់ទាត់សុកស្វយ ឃុំភូមី ស្រុកមីទូ បានចូលរួមប្រកួតកីឡាបាល់ទាត់កសិករខ្មែរសម្រាប់ពានរង្វាន់ទូរទស្សន៍សុកត្រាំង STV-ប៊ិញឌៀង លើកទី២ ឆ្នាំ ២០២៥ ឱ្យដឹង៖ “ជាធម្មតា ពួកប្អូនលេងបាល់ទាល់តែថ្ងៃបុណ្យទាននិងបុណ្យចូលឆ្នាំថ្មីដើម្បីដោះដូរជាមួយគ្នា។ បុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ពួកប្អូនបានចូលរួមការប្រកួតថ្នាក់ខេត្តនៅវត្តបុព្វេវណ្ណារាមព្រែកពិន្ទង ដូច្នេះបរិយាកាសនៃការប្រកួតគឺមានភាពពុះពោរ។ នេះជាទីលានលេងកម្សាន្ត ដ៏ល្អជួយឱ្យយុវជនខ្មែរលត់ដំសុខភាពនិងបានលេងកីឡាដែលខ្លួនចូលចិត្តផង”។
ព្រះតេជព្រះគុណ ឡឹមញ៉ាង ព្រះចៅអធិការវត្តបុព្វេវណ្ណារាមព្រែកពិន្ទង ឃុំភូម៉ី ស្រុកមីទូ មានថេរដីកា៖ “ជិត២០ ឆ្នាំមកនេះ ឱ្យតែដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺវត្តបានរៀបចំការប្រកួតបាល់ទាត់បុរសសម្រាប់យុវជនខ្មែរចូលរួមលេងសប្បាយ ហើយមានមាមីងជាច្រើនមកទស្សនានិងលើកទឹកចិត្ត។ រយៈពេលពីរឆ្នាំកន្លងមកនេះ ស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំង (បច្ចុប្បន្ន គឺជាកាសែតនិងវិទ្យុទូរទស្សន៍សុកត្រាំង) សហការរៀបចំការប្រកួតទ្រង់ទ្រាយថ្នាក់ខេត្ត ម្ល៉ោះហើយមានក្រុមបាល់ទាត់ជាច្រើនមកពីស្រុក ទីប្រជុំជន និងក្រុងក្នុងខេត្តមកចូលរួមប្រកួត។ ប្រការនេះបង្ហាញថា កីឡាបាល់ទាត់នៅតំបន់ជនជាតិខ្មែរកំពុងអភិវឌ្ឍយ៉ាងខ្លាំង”៕
យ្វីអាញ-មេងលី