04/07/2022 - 15:43

ជួយ​អ្នក​ក្រមាន​ផ្ទះ​សម្បែង​ស្រួល​បួល

ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​ នៅ​ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ បាន​កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​បាន​ទឹក​ប្រាក់​ ២,១៥ ពាន់​លាន​ដុង​ ឧបត្ថម្ភ​សាង​សង់​ផ្ទះ​មហា​សាម​គ្គី​ចំ​នួន ៤៣ ខ្នង​ជូន​គ្រួ​សារ​ក្រី​ក្រ; ក្នុង​នោះ​ មាន​ជន​រួម​ជាតិ​ខ្មែរ​ ៨ គ្រួ​សារ​។​  

សម​មិត្ត​ ង្វៀង​វ៉ាន់​ផុង សមាជិក​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​ថើយ​ឡាយ​ ជូន​សេចក្ដី​សម្រេច​ ប្រ​គល់​ជូន​ផ្ទះ​មហា​សាម​គ្គី​ដល់​គ្រួ​សារ​ក្រី​ក្រនៅ​ឃុំ​ឌិញ​ម៉ូង​។​

លោក​ឡឹម​សន នៅ​ភូមិ​ឌិញ​ហ្វា A ឃុំ​ឌិញ​ម៉ូង​ ជាជន​ជាតិ​ខ្មែរ​។​ លោក​សន មាន​អា​យុ​ ៦១ ឆ្នាំ​ ប្រ​ពន្ធ​គាត់​ស្លាប់​ដោយ​សារ​ជំងឺ​តម្កាត់​ ចំ​ណែក​ខ្លួន​គាត់​មាន​ជំងឺ​វិបត្តិ​សរ​សៃ​ឈាម​ខួរ​ក្បាល​ រស់​នៅ​ជា​មួយ​កូន​ប្រុស​ដែល​រំសាយ​ពីកង​ទ័ព​។​ គ្រួ​សារ​គ្មាន​ស្រែ​ចម្ការ​ ជីវ​ភាព​ពឹង​ផ្អែក​លើ​ប្រាក់​ធ្វើ​ការ​ឈ្នួល​របស់​កូន​។​ ផ្ទះ​ចាស់​មាន​ភាព​ទ្រុឌ​ទ្រោម​ ប៉ុន្តែ​ គ្មាន​ប្រាក់​ជួស​ជុល​។​ កាល​ពី​ខែ​ឧសភា​កន្លង​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​ថើយ​ឡាយ​ បាន​ឧបត្ថម្ភ​ ៥០ លាន​ដុង​ លោក​ឡឹម​សន ខ្ចី​សាច់​ញាតិ​បន្ថែម​ ៤០ លាន​ដុង​ ដើម្បី​សាង​សង់​ផ្ទះ​មហា​សាមគ្គី​ ៥៤ ម៉ែត្រការ៉េ មាន​ភាព​សម​រម្យ​បង្គួរ​។​ លោក​ឡឹម​សន ចែក​រំលែក​៖ “ចាប់​ពីថ្ងៃ​នេះ​ទៅ​ ខ្ញុំ​លែង​បារម្ភ​ភ្លៀង​ស្រក់ ខ្យល់​បក់​ទៀត​ហើយ​។​ ខ្ញុំ​សូម​អរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​បក្ស​ រដ្ឋ​ រណសិរ្ស​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​យក​ចិត្ត​ទុក​ដាក់​ ឧបត្ថម្ភ​គ្រួ​សារ​ខ្ញុំ​”។​

លោក​យាយ​ដាវ​ធីធូ គ្រួ​សារ​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​ឌិញ​ខាញ B ឃុំ​ឌិញ​ម៉ូង​។​ យាយ​ធូ ក៏​ទើប​តែ​បាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​ថើយ​ឡាយ​ឧបត្ថម្ភ​ ៥០ លាន​ដុង​ សង់​ផ្ទះ​មហា​សាមគ្គី​។​ អង្គុយ​ក្នុង​ផ្ទះ​ ៤០ ម៉ែត្រការ៉េ ដែល​នៅ​ក្លិន​ថ្នាំ​ពណ៌​លាប​ថ្មី​ៗ​ យាយ​ធូ រីក​រាយ​ឱ្យ​ដឹង​៖ “ប្ដី​ខ្ញុំ​ស្លាប់​ទៅ​ហើយ​ កូន​ៗ​សុទ្ធ​តែមាន​គ្រួ​សារ​នៅ​ដោយ​ឡែក​។​ ខ្ញុំ​មាន​អា​យុ​ ៦៥ ឆ្នាំ​ គ្មាន​ស្រែ​ចម្ការ​ ហើយ​ថែម​ទាំង​មាន​ជំងឺ​ហឺត បាន​ជា​មិន​អាច​ប្រ​កប​ការ​ងារ​អ្វី​បាន​។​ ផ្ទះ​ចាស់​សង់​អំ​ពី​ឈើ​និង​ប្រក់​ស្លឹក​ទ្រុឌ​ទ្រោម​ណាស់​ទៅ​ហើយ​ តែគ្មាន​ប្រាក់​ជួស​ជុល​។​ បាន​រណសិរ្ស​គ្រប់​លំ​ដាប់​ថ្នាក់​ឧបត្ថម្ភ​ ៥០ លាន​ដុង​ កូន​ខ្ញុំ​ជួយ​បន្ថែម​ ៧ លាន​ដុង​ ដើម្បី​សង់​ផ្ទះ​មហា​សាម​គ្គី​”។​ ស្ថាន​ភាព​គ្រួ​សារ​លោក​យាយ​ថាច់​ធីសាម​ណេរ ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​ថើយ​ធ្វឹង​ B ទីប្រ​ជុំ​ជន​ថើយ​ឡាយ​ ក៏​ជួប​លំ​បាក​យ៉ាង​ខ្លាំង​។​ យាយ​ណេរ បាន​រ៉ាយ​រ៉ាប់​៖ “ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ពេល​បាន​រណសិរ្ស​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​សម្បែង​សម​រម្យ​។​ គ្រួ​សារ​ខ្ញុំ​តែង​ដាស់​តឿន​គ្នា​ខិត​ខំ​រក​ស៊ី​ ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ ដើម្បី​កុំ​ឱ្យ​អ្នក​រាល់​គ្នា​អស់​សង្ឃឹម​”។​

តាម​ប្រ​សាសន៍​ លោក​ង្វៀង​ហ៊ឺវ​ភុក សមាជិក​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​ថើយ​ឡាយ​ រយៈ​ពេល​ខាង​មុខ​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ស្រុក​ថើយ​ឡាយ​និង​បន្ត​ចលនា​រាល់​ប្រ​ភព​កម្លាំង​ ដើម្បី​ឧបត្ថម្ភ​ សាង​សង់​ ជួស​ជុល​ផ្ទះ​មហា​សាមគ្គី​ជូន​គ្រួ​សារ​ក្រី​ក្រ អ្នក​មាន​ស្ថាន​ភាព​លំ​បាក​ ជួយ​ឱ្យ​ពួក​គាត់​មាន​កន្លែង​រស់​នៅ​ស្រួល​បួល ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​៕​

                អាញ​យ៉ុង - ថាច់​ធី

ចែករំលែកអត្ថបទ