ចំពោះមុខស្ថានភាពជំងឺដុំពកស្បែកលើសត្វគោក្របី បានប្រទះឃើញនិងឆ្លងរាលដាលនៅភូមិភាគជាច្រើន ខេត្តបាកលីវ បានដាក់ចេញផែនការបង្ការទប់ស្កាត់ជំងឺដុំពកស្បែកលើសត្វគោក្របី ដំណាក់កាល ២០២២-២០៣០។ ខេត្តកំពុងផ្សព្វផ្សាយយ៉ាងម៉ឺងម៉ាត់នូវវិធានការបង្ការទប់ស្កាត់ មិនទុកឱ្យជំងឺផ្ទុះឡើងនិងឆ្លងរាលដាលនៅលើភូមិសាស្រ្ត។
ជំងឺដុំពកស្បែកលើសត្វគោ។ រូប៖ សហការី
ជំងឺដុំពកស្បែក គឺជាប្រភេទជំងឺឆ្លង អាស្រ័យមេរោគអម្បូរ Poxviridae បង្កឡើងលើសត្វគោក្របី។ ជំងឺឆ្លងរាលដាលភាគច្រើនតាមរយៈសត្វល្អិតខាំ មានដូច មូស របោម ដង្កែ; ជំងឺនេះក៏អាចឆ្លងតាមរយៈការដឹកជញ្ជូនគោក្រ្របីដែលមានជំងឺ ប្រើប្រាស់ស្នូកទឹករួម កន្លែងឱ្យចំណីរួម ទឹកដោះ ទឹកកាម និងឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់។ រោគសញ្ញានៃជំងឺ គឺគ្រុនក្ដៅខ្លាំង មិនស៊ីចំណី មិនសូវមានទឹកដោះ ស្បែកនិងភ្នាសរំអិលកើតដុំពកច្រើន មានទំហំពី ២-៥ សង់ទីម៉ែត្រ នៅលើស្បែកកក្បាល ក្បាលដោះ ប្រដាប់បន្តពូជ និងបរិវេណចន្លោះរន្ធគូទ។
តាមស្ថិតិរបស់នាយកដ្ឋានបសុពេទ្យឆ្នាំ ២០២១ ជំងឺដុំពកស្បែក បានកើតមាននៅតាមឃុំចំនួន ៤.៣៤៩ នៃខេត្ត ក្រុង ចំនួន ៥៥ ។ ចំនួនបសុសត្វកើតជំងឺ ២០៧.៦៨៧ ក្បាល ចំនួនបសុសត្វត្រូវបំផ្លាញចោល ២៩.១៨២ ក្បាល។ ចាប់ពីដើមឆ្នាំមកទល់ពេលនេះ ជំងឺដុំពកស្បែកបានកើតមានឡើងនៅតាមឃុំចំនួន ១៧ នៃខេត្ត ក្រុងចំនួន ២ ត្រូវបានបំផ្លាញគោ ក្របីចោលចំនួន ១៥ ក្បាល។ ដោយឡែកនៅខេត្តបាកលីវជំងឺដុំពកស្បែក ចាប់ផ្តើមកើតមានកាលពីឆ្នាំ ២០២១ ចំនួនសត្វគោកើតជំងឺ សរុប ៧ ក្បាល នៅឃុំវិញហឹង A ស្រុកវិញឡើយ; ឃុំវិញត្រាច់ និងវិញត្រាច់ដុង ក្រុងបាកលីវ។ ចំនួនសត្វគោទាំងនេះកើតជំងឺស្រាលមិនងាប់ មកទល់ពេលនេះគ្មានកើតសម្បុករោគឆ្លងរាលដាលថ្មីឡើយ។
តាមប្រសាសន៍ លោកង្វៀងយ្វីហឹង ប្រធានសាខានាយកដ្ឋានចិញ្ចឹមសត្វនិងបសុពេទ្យខេត្តបាកលីវ បច្ចុប្បន្ន ខេត្តបានផ្សព្វផ្សាយផែនការបង្ការទប់ស្កាត់ជំងឺដុំពកស្បែកលើសត្វគោ ក្របីដល់ស្រុក ទីរួមខេត្ត ក្រុង ដើម្បីម្ចាស់ការបង្ការទប់ស្កាត់ជំងឺ។ ទន្ទឹមនឹងនោះ ម្ចាស់ការផ្សព្វផ្សាយបង្ការជំងឺប្រកបដោយប្រសិទ្ធភាព ដោយវិធានការចិញ្ចឹមសុវត្ថិភាពជីវសាស្រ្ត អនាម័យបន្សាបពុលកម្ចាត់មេរោគ កម្ចាត់សត្វល្អិតបណ្តាលឱ្យឆ្លងជំងឺ; បង្កើនការចាក់វ៉ាក់សាំង បង្ការជំងឺដុំពកស្បែកលើសត្វគោក្របី។ បំផុតគឺបង្កើនការត្រួតពិនិត្យការដឹកជញ្ជូន ជួញដូរ ការកាប់សម្លាប់គោក្របី និងត្រួតពិនិត្យអនាម័យបសុពេទ្យ ដើម្បីប្រទះឃើញបានទាន់ពេល និងកំណត់តំបន់ឆ្លងរោគបំផ្លាញចោល មិនទុកឱ្យជំងឺឆ្លងរាលដាលពាសពេញឡើយ៕
យ្វីអាញ់-វិមាន