*ការផ្សព្វផ្សាយនិងរួមបញ្ចូលក្រដាសស្នាម និងព័ត៌មានផ្ទាល់ខ្លួនចូលក្នុងអត្តសញ្ញាណបណ្ណភ្ជាប់បន្ទះឈីប។
កម្មាភិបាលភូមិភឿកថ ឃុំអូរឡឹម ស្រុកទ្រីតូង ខេត្តអាងយ៉ាង ផ្តល់អត្តសញ្ញាណបណ្ណភ្ជាប់បន្ទះឈីបដល់ប្រជាជន។ រូប៖ ថាញឡុង
ដោយមានទិសដៅផ្លាស់ប្តូរការគ្រប់គ្រងឌីជីថល ដែលទាក់ទងនឹងក្រដាសស្នាម និងព័ត៌មានផ្ទាល់ខ្លួន រដ្ឋបានជំរុញការរួមបញ្ចូលនូវក្រដាសស្នាម និងព័ត៌មានផ្ទាល់ខ្លួនចូលក្នុងអត្តសញ្ញាណបណ្ណភ្ជាប់បន្ទះឈីប។
ជាក់ស្តែង នៅក្នុងសេចក្តីប្រកាសលេខ ៦២ /TB-VPCP ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ របស់ទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី បានសំណូមពរដល់ក្រសួង ផ្នែក និងភូមិភាគទាំងអស់ ចូរសហការជាបន្ទាន់ជាមួយក្រសួងនគរបាល ដើម្បីផ្សព្វផ្សាយការរួមបញ្ចូលក្រដាសស្នាមប្រជាពលរដ្ឋ (រួមមាន៖ បញ្ចូលព័ត៌មានប័ណ្ណធានារ៉ាប់រងសុខាភិបាល លិខិតចុះបញ្ជីយានយន្ត ប័ណ្ណបើកបរ កាតធនាគារ។ល។) ដើម្បីប្រើប្រាស់អត្តសញ្ញាណបណ្ណពលរដ្ឋ និងកម្មវិធី VNEID បង្កភាពងាយស្រួលដល់ប្រជាជនពេលមានការដោះដូរ។
កន្លងមក ក្រសួងសុខាភិបាលក៏បានចេញសារលិខិតលេខ ៩៣១/BYT-BH ឆ្នាំ ២០២២ បានណែនាំពីការអនុវត្តសាកល្បងការពិនិត្យ និងព្យាបាលជំងឺដោយប្រើប្រាស់អត្តសញ្ញាណបណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប។ នៅពេលនោះ ប្រជាជនណាដែលមានអត្តសញ្ញាណបណ្ណភ្ជាប់បន្ទះឈីបត្រូវបានប្រើជំនួសប័ណ្ណធានារ៉ាប់រងសុខាភិបាលក្រដាស ពោលគឺនៅពេលទៅពិនិត្យ និងព្យាបាលជំងឺ គ្រាន់តែបង្ហាញអត្តសញ្ញាណបណ្ណភ្ជាប់បន្ទះឈីប ជំនួសឱ្យការបង្ហាញអត្តសញ្ញាណបណ្ណលេខកូដ ឬអត្តសញ្ញាណបណ្ណពលរដ្ឋ ភ្ជាប់ជាមួយប័ណ្ណធានារ៉ាប់រងសុខាភិបាលផង។
* ការខកខានក្នុងការផ្លាស់ប្តូរអត្តសញ្ញាណបណ្ណពលរដ្ឋនៅពេលផុតកំណត់នឹងត្រូវផាកពិន័យជាប្រាក់រហូតដល់ ៥០០.០០០ ដុង។
ប្រសិនបើកាលពីមុនមានមនុស្សជាច្រើននៅងឿងឆ្ងល់ពីរឿង៖ គ្មានមូលដ្ឋានច្បាប់សម្រាប់ផាកពិន័យលើការបំពានទាក់ទងនឹងអត្តសញ្ញាណបណ្ណពលរដ្ឋ គឺគ្រាន់តែមានមូលដ្ឋានសម្រាប់ដោះស្រាយពីអត្តសញ្ញាណបណ្ណពលរដ្ឋប៉ុណ្ណោះ តែឥឡូវចម្លើយនេះមាននៅក្នុងអនុក្រឹត្យលេខ ១៤៤/២០២១/NĐ-CP ។
យោងតាមនោះចាប់ពីឆ្នាំ ២០២២ ការខកខានក្នុងការផ្លាស់ប្តូរអត្តសញ្ញាណបណ្ណពលរដ្ឋទុកឱ្យផុតកំណត់នឹងត្រូវផាកពិន័យដោយការព្រមាន ឬផាកពិន័យជាទឹកប្រាក់ចាប់ពី ៣០០.០០០ ដុង ដល់ ៥០០.០០០ ដុង យោងតាមចំណុច b ប្រការ ១ មាត្រាទី១០ នៃអនុក្រឹត្យលេខ ១៤៤/ ២០២១/NĐ-CP និងមាត្រាទី ២៣ ច្បាប់អត្តសញ្ញាណបណ្ណពលរដ្ឋឆ្នាំ ២០១៤។
* ពិន័យរហូតដល់ ៦ លានដុង ចំពោះការបញ្ចាំអត្តសញ្ញាណបណ្ណភ្ជាប់បន្ទះឈីប។
ប្រសិនបើមុនឆ្នាំ ២០២២ មានតែបទប្បញ្ញត្តិ ស្តីពីការផាកពិន័យចំពោះការបញ្ចាំអត្តសញ្ញាណបណ្ណពលរដ្ឋ ឥឡូវនេះមិនត្រឹមតែការបញ្ចាំអត្តសញ្ញាណបណ្ណពលរដ្ឋប៉ុណ្ណោះទេ ការបញ្ចាំអត្តសញ្ញាណបណ្ណភ្ជាប់បន្ទះឈីបក៏នឹងត្រូវពិន័យរដ្ឋបាលផងដែរ យោងតាមអនុក្រឹត្យ លេខ ១៤៤/២០២១/NĐ-CP។ ជាក់ស្តែង៖ យោងតាមប្រការទី ៤ មាត្រាទី ១០ នៃអនុក្រឹត្យ លេខ ១៤៤/២០២១/NĐ-CP ទង្វើដែលបញ្ចាំអត្តសញ្ញាណបណ្ណភ្ជាប់បន្ទះឈីបនឹងត្រូវផាកពិន័យជាប្រាក់ចាប់ពី ៤ លានដុងដល់ ៦ លានដុង។
* ក្រសួងនគរបាលកំពុងសហការជាមួយធនាគារមួយចំនួន ដើម្បីសាកល្បងអនុវត្តសេវាដកប្រាក់ដោយប្រើប្រាស់អត្តសញ្ញាណបណ្ណភ្ជាប់បន្ទះឈីប។
ជំនួសឱ្យការគ្រាន់តែប្រើពាក្យសម្ងាត់ ដើម្បីបញ្ជាក់ព័ត៌មានពេលដកប្រាក់ដោយប្រើប្រាស់ កាតធនាគារប្រជាពលរដ្ឋក៏អាចស្កេនកាតអត្តសញ្ញាណបណ្ណភ្ជាប់បន្ទះឈីបនៅម៉ាស៊ីន ATM ផងដែរ។ នៅពេលនោះ ប្រព័ន្ធនឹងធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ព័ត៌មានរបស់ម្ចាស់ដោយប្រៀបធៀបនឹងទិន្នន័យជីវមាត្ររបស់មនុស្ស (ស្កែនផ្ទៃមុខ ស្នាមក្រយៅដៃ) ដើម្បីកាត់បន្ថយហានិភ័យនៃការក្លែងបន្លំ៕
យោងតាមបណ្ណាល័យច្បាប់.vn-បកប្រែ៖ សុផន