ចលនានារីនិងកិច្ចការនារីនៃកងកម្លាំងប្រដាប់អាវុធខេត្តបាកលីវ មានជំហានវិវឌ្ឍន៍ថ្មី រឹងមាំគ្រប់ជ្រុងជ្រោយ និងមានភាពស៊ីជម្រៅ។
សមាគមនារីនៃកងកម្លាំងប្រដាប់អាវុធខេត្តបាកលីវធ្វើ “ម្តាយធម៌” ដល់កុមារកំព្រា ៣ នាក់នៅឃុំវិញត្រាច់ដុង (ក្រុងបាកលីវ)។
សមាគមនារីមូលដ្ឋាននៃបញ្ជាការដ្ឋានយោធាខេត្តបាកលីវ ទើបរៀបចំទម្រង់ “តភ្ជាប់ក្តីស្រឡាញ់-ផ្កាខែមីនា” ជូនអំណោយ ១៣០ ចំណែកដល់គ្រួសារជួបការលំបាក ដែលមានសាច់ញាតិបាត់បង់ជីវិតដោយសារជំងឺ COVID-១៩ លើភូមិសាស្រ្តសង្កាត់ ៨ (ក្រុងបាកលីវ) និងមនុស្សចាស់គ្មានទីពឹង កុមារកំព្រានៅមជ្ឈមណ្ឌលគាំពារសង្គមខេត្ត។ អំណោយមួយចំណែកៗគិតជាទឹកប្រាក់ចំនួន ៣៥០ ពាន់ដុង រួមមាន៖ សាប៊ូងួតទឹកសម្លាប់ មេរោគ កន្សែងងួតទឹកនិងកន្សែងជូតមុខ ទឹកដោះគោប្រអប់ មីកញ្ចប់ បបរនិងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត។ល។ អំណោយទាំងនេះ អាស្រ័យកម្មាភិបាលសមាគមនារីនៃបញ្ជាការដ្ឋានយោធាខេត្តនិងសប្បុរសជនជំនួយ។
ទទួលបានអំណោយ បងស្រីត្រឹងធីត្វៀង (នៅអនុសង្កាត់ ១ សង្កាត់ ៨ ក្រុងបាកលីវ) ឱ្យដឹងដោយក្តីរីករាយ៖ “រដូវជំងឺរាតត្បាតនេះ គ្រួសារខ្ញុំពិបាកខ្លាំងណាស់ ពីមុនប្តីខ្ញុំទៅធ្វើកម្មករសំណង់ ឥឡូវគាត់ឈឺច្រើន ទៅធ្វើការមិនខ្ជាប់ខ្ជួន ចំណែកខ្ញុំទៅធ្វើការឈ្នួលចិញ្ចឹមកូនពីរនាក់។ ឥឡូវនេះ បានសមាគមនារីកងកម្លាំងប្រដាប់អាវុធខេត្តលើកទឹកចិត្តនិងជូនអំណោយ ខ្ញុំសប្បាយចិត្តនិងអរគុណបងៗ នារីខ្លាំងណាស់។ ខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើការរកស៊ីដើម្បីជម្នះស្ថានភាពលំបាកនេះ”។
ចំពោះការយកចិត្តទុកដាក់របស់សមាគមសម្រាប់មជ្ឈមណ្ឌលគាំពារសង្គមខេត្ត លោកស្រីយឿងធីម័យ នាយិការងនៃមជ្ឈមណ្ឌលគាំពារសង្គមខេត្ត ថ្លែងអំណរគុណដល់សមាគមនារីនៃកងកម្លាំងប្រដាប់អាវុធខេត្ត ដោយរំពឹងថាទម្រង់ “តភ្ជាប់ក្តីស្រឡាញ់-ផ្កាខែមីនា” របស់សមាគមនារីនៃកងកម្លាំងប្រដាប់អាវុធខេត្តសម្រេចជោគជ័យ រីកសាយភាយដល់ប្រជាជនជាច្រើនដែលមានស្ថានភាពលំបាកក្នុងខេត្ត។
ថ្វីដ្បិតអំណោយស្តួចស្តើង ប៉ុន្តែសកម្មភាព ”តភ្ជាប់ក្តីស្រឡាញ់-ផ្កាខែមីនា” របស់សមាគមនារីនៃកងកម្លាំងប្រដាប់អាវុធខេត្ត ពិតជាមានអត្ថន័យនិងប្រកបដោយលក្ខណៈមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញពីស្មារតីសាមគ្គី ផ្សារភ្ជាប់ក្តីស្រឡាញ់ ឧបត្ថម្ភដល់គ្រួសារដែលមានស្ថានភាពលំបាក មនុស្សចាស់គ្មានទីពឹង កុមារកំព្រា ផ្អែកលើស្មារតី “ស្លឹកជាពាសស្លឹកដាច់” ទន្ទឹមនឹងនោះ បង្ហាញពីលក្ខណៈវប្បធម៌ប្រវេណីល្អប្រសើររវាងកងទ័ពនិងប្រជាជនយើង។
វរសេនីយ៍ត្រី ត្រឹងហ្វាងហា ប្រធានសមាគមនារីនៃកងកម្លាំងប្រដាប់អាវុធខេត្ត ឱ្យដឹង៖ “ពីមុន សមាគមនារីមូលដ្ឋាននៃបញ្ជាការដ្ឋានយោធាខេត្ត អនុវត្តប្រកបដោយប្រសិទ្ធភាពទម្រង់”ម្តាយធម៌”ជួយឧបត្ថម្ភប្អូនៗ ៣ នាក់នៅឃុំវិញត្រាច់ដុង (ក្រុងបាកលីវ) ដែលមានស្ថានភាពលំបាក កំព្រាម្តាយដោយសារជំងឺ COVID -១៩ ប្អូនម្នាក់ៗទទួលបានការឧបត្ថម្ភទឹកប្រាក់ចំនួន ២ លានដុងក្នុងមួយត្រីមាស។ នៅពេលខាងមុខ សមាគមនឹងបន្តចលនាកម្មាភិបាល សមាជិកអនុវត្តទម្រង់ “មេត្តាធម៌ចំពោះប្អូន- ក្រោយជំងឺ COVID-១៩” ដើម្បីក្តីស្រឡាញ់រីកសាយភាយដល់កុមារតូចៗដែលមានស្ថានភាពលំបាក បាត់បង់ម្តាយឪពុកដោយសារជំងឺរាតត្បាត សំដៅរួមចំណែកជួយប្អូនៗជម្នះការបាត់បង់និងការឈឺចាប់”៕
យោង៖ កាសែតបាកលីវ-មុនី