កម្មាភិបាល យុទ្ធជនប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវទឹកឌិញអាង ចំណុះការិយាល័យនគរបាលចរាចរណ៍ នគរបាលខេត្តត្រាវិញ បានអនុវត្តល្អការងាររក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវទឹក គ្មានករណីប៉ះទង្គិចគ្រោះថ្នាក់ចរាចរណ៍លើភូមិសាស្រ្ត។
នគរបាលចរាចរណ៍ផ្លូវទឹក ធ្វើការត្រួតពិនិត្យនិងក្រើនរំលឹកម្ចាស់មធ្យោបាយនេសាទនៅកំពង់ផែត្រីឌិញអាង។
លើដងទន្លេហូវកំណាត់ផ្លូវទឹកនៃទីប្រជុំជនឌិញអាង ស្រុកថ្កូវ មានទូកកប៉ាល់ចេញចូល សំចត ដឹកជញ្ជូនភ្ញៀវនិងទំនិញច្រើនកុះករ។ ទន្ទឹមនឹងនោះ កំពង់ផែត្រីឌិញអាងត្រូវបានវិនិយោគប្រភពទុនយ៉ាងច្រើន ដើម្បីបើកទូលាយ បង្កើនកម្រិតសម្រាប់ឱ្យទូកកប៉ាល់ចូលចត ផ្គត់ផ្គង់សេវាព័ស្តុភាររបរនេសាទដល់នេសាទករនៅក្នុងនិងក្រៅខេត្ត។ មធ្យមភាគរៀងរាល់ថ្ងៃមានទូកក ប៉ាល់ចេញចូលរាប់រយគ្រឿង មិនត្រឹមតែអ្នកនេសាទនៅខេត្តនានាតំបន់តីណាមបូប៉ុណ្ណោះទេ នៅទាំងមានអ្នកនេសាទនៅខេត្តផ្សេងៗជាច្រើនដូច៖ ខេត្តប៊ិញឌិញ ក្វាងង៉ៃ ភូអៀនជាដើម។
ដើម្បីអនុវត្តល្អភារកិច្ចដែលបានប្រគល់ឱ្យ ប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវទឹកឌិញអាង សហការជាមួយនឹងកងកម្លាំងសមត្ថកិច្ចបង្កើនការត្រួតពិនិត្យ ក្រើនរំលឹកម្ចាស់ទូកកប៉ាល់អនុវត្តល្អតាមសេចក្តីកំណត់អំពីចរាចរណ៍ផ្លូវទឹក ការបំពាក់គ្រឿងបរិក្ខារធានាសុវត្ថិភាពចំពោះម្ចាស់មធ្យោបាយនេសាទមុននឹងចេញទៅសមុទ្រ។ បងត្រិញហ្វាងយ៉ាង បុគ្គលិកគ្រប់គ្រងកំពង់ផែ ត្រីឌិញអាង ឱ្យដឹង៖ “កងកម្លាំងនគរបាលចរាចរណ៍ តែងល្បាតត្រួតពិនិត្យមនុស្សនិងទូកកប៉ាល់ចេញចូលកំពង់ផែ ណែនាំផ្សព្វផ្សាយច្បាប់ដល់នាវិកអនុវត្តត្រឹមត្រូវតាមសេចក្តីកំណត់ ដូច្នេះស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍តែងមានភាពលំនឹង”។
វរសេនីយ៍ទោ ត្រឹងវ៉ាន់ង៉េម ប្រធានប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវទឹកឌិញអាង ឱ្យដឹង៖ “ចាប់តាំងពីដើមឆ្នាំមកទល់នឹងបច្ចុប្បន្ន កងកម្លាំងនគរបាលចរាចរណ៍នៅកំពង់ផែឌិញអាង រៀបចំល្បាតបានជាង ៦០០ លើក ដោយមានកម្មាភិបាល យុទ្ធជនចូលរួមប្រមាណជាង ១.៨០០ លើកនាក់។ ឆ្លងតាមរយៈនោះបានប្រទះឃើញ ធ្វើកំណត់ហេតុចាត់វិធានការចំពោះមធ្យោបាយបំពានច្បាប់ជាង ២៩២ គ្រឿង សរុបទឹកប្រាក់ពិន័យជិត ២០០ លានដុង។ កំហុសភាគច្រើនគឺដឹកហួសចំណុះ គ្មានវិញ្ញាបនប័ត្របញ្ជាក់វិជ្ជាជីវៈ លិខិតទទួលស្គាល់សុវត្ថិភាពបច្ចេកទេសនិងការពារបរិស្ថានផុតកំណត់ ត្រៀមបម្រុងឧបករណ៍សង្គ្រោះជីវិតមិនគ្រប់សព្វ។ល។ នៅពេលខាងមុខ កងកម្លាំងនគរបាលចរាចរណ៍បន្តល្បាតត្រួតពិនិត្យ ចាត់វិធានយ៉ាងតឹងរុឹងចំពោះករណីល្មើសច្បាប់ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយអប់រំ ក្រើនរំលឹកប្រជាជនពេលចូលរួមធ្វើចរាចរណ៍នៅរដូវភ្លៀងខ្យល់ ត្រូវប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ច្បាប់ចរាចរណ៍ ផ្លូវទឹក ត្រូវរៀបចំសមាជិកនាវិកឱ្យគ្រប់ចំនួន អ្នកបើកបរមធ្យោបាយត្រូវមានវិញ្ញាបនប័ត្របញ្ជាក់វិជ្ជាជីវៈសមស្របនឹងមធ្យោបាយនីមួយៗ បំពាក់ពោងសង្គ្រោះជីវិត ឧបករណ៍អណ្តែតទឹកផ្សេងៗដែលចាំបាច់ ដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុ”៕
យោង៖ កាសែតត្រាវិញ-មុនី