ស្រុកត្រឹងដេ ខេត្តសុកត្រាំង បានអនុវត្តទម្រង់វាលស្រែគំរូធំ ផ្សារភ្ជាប់នឹងផលិតស្រូវគុណភាពខ្ពស់ ដើម្បីនាំមកនូវប្រសិទ្ធភាពជាក់ស្តែងដល់កសិករ។
ទម្រង់វាលស្រែគំរូធំនៅឃុំវៀងអាង។
តាមប្រសាសន៍ លោកលឺវហឺវយ័ញ លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនស្រុកត្រឹងដេ បច្ចុប្បន្ន ទូទាំងស្រុកមាន ២៨៤ វាលស្រែគំរូធំ ផលិតស្រូវគុណភាពខ្ពស់ ស្រូវប្រណីត លើផ្ទៃដី ៤០.៤១៣ ហិកតា ស្រូបអត្រា ៩០% នៃផ្ទៃដីពង្រោះ អត្រាយន្តូបនីយកម្មតាំងពីផ្នែករៀបចំដីរហូតដល់ប្រមូលផលស្រូបអត្រា ៩៨% ។ ប្រព័ន្ធលូបង្ហូរទឹកនិងទំនប់រាំងទឹកប្រៃស្វយ័ត ប្រព័ន្ធធារាសាស្រ្តប្រមូលផ្តុំត្រូវបានជីកស្តារជារឿយៗ និងជីកថ្មីបន្ថែម សំដៅធានាមានទឹកស្រោចស្រពលើផ្ទៃដីកសិកម្មជាង ៩៥% ។ ទន្ទឹមនឹងនោះ ចងសម្ព័ន្ធអនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសជឿនលឿន ដូចជា៖ អនុវត្តវាលស្រែធ្វើតែស្រូវមួយប្រភេទ រួមអនុវត្តសង្វាក់បច្ចេកទេស "ត្រូវ ១ បន្ថយ ៥" ផលិតស្រូវតាមទិសដៅសរីរាង្គ VietGap និងចងសម្ព័ន្ធប្រើប្រាស់ផលិតផលស្រូវប្រណីត។ល។ ពិសេស ក្រុមហ៊ុនភាគហ៊ុនកសិកម្ម GAP អាជីវកម្ម ហូក្វាងកួរ និងអាជីវកម្មដទៃទៀតដែលបានចុះកិច្ចសន្យាប្រើប្រាស់ផលិតផលស្រូវ ម្ល៉ោះហើយ កសិករនឹងនរចិត្តក្នុងការបង្កបង្កើនផល។
កសិករប្រើប្រាស់យន្តូបនីយកម្មក្នុងការប្រមូលផលស្រូវ។
លោកឡឹមផែន នៅឃុំវៀងអាង ឱ្យដឹង៖ "អាស្រ័យអនុវត្តវាលស្រែគំរូ ហេតុនោះខ្ញុំផលិតពូជស្រូវ ST ពណ៌ស្វាយ និង ST២៤ សម្រេចបានទិន្នផលពី ៦-៨ តោន/ហិកតា។ ខ្ញុំបានចុះកិច្ចសន្យាជាមួយនឹងអាជីវកម្មហូក្វាងកួរ ម្ល៉ោះហើយមានច្រកចេញលំនឹង និងរកបានប្រាក់ចំណូលខ្ពស់។ ផ្តើមពីនោះ ខ្ញុំនឹងនរចិត្តផលិតកម្ម"។ ចំណែកបងឡឹមអឿង នៅឃុំវៀងអាង ឱ្យដឹង៖ "ចូលរួមវាលស្រែគំរូធំ ខ្ញុំសង្កេតឃើញមានផលប្រយោជន៍ច្រើន ពីព្រោះវាលស្រែផលិតស្រូវតែមួយប្រភេទ អនុវត្តបច្ចេកទេស កាត់បន្ថយការបង់កម្រៃបានច្រើន។ ខ្ញុំផលិតពូជស្រូវ ST ពណ៌ស្វាយ ST២៤ និង ST២៥ មធ្យមភាគក្នុងមួយកុងប្រើស្រូវពូជប្រមាណ ១០ គីឡូក្រាម។ ខ្ញុំតែងទៅរវាំងស្រែជាញឹកញាប់ ប្រើប្រាស់ថ្នាំនិងជីសមល្មម ត្រូវតាមពេលវេលា ហេតុនោះប្រិតសំចៃបានការចំណាយច្រើន បើប្រៀបនឹងផលិតស្រូវតាមបែបប្រពៃណីធម្មតា ម្ល៉ោះហើយប្រាក់ចំណូលខ្ពស់បង្គួរ"។
លោកលឺវហឺវយ័ញ អំណះអំណាង៖ "ទម្រង់វាលស្រែគំរូធំផ្សារភ្ជាប់នឹងពង្រីកការផលិតស្រូវគុណភាពខ្ពស់ បាននាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់បង្គួរ សន្សឹមៗបំបាត់នូវទម្លាប់ផលិតស្រូវតាមបែបខ្នាតតូច រាយប៉ាយ ឈានឡើងទម្រង់ផលិតប្រមូលផ្តុំ តាមសង្វាក់បច្ចេកទេស បង្កើតបានផលិតផលមានគុណភាពខ្ពស់ សុវត្ថិភាព។ ពិសេស ការអនុវត្តព្រមៗគ្នានូវសង្វាក់បច្ចេកទេស កាត់បន្ថយការចំណាយពី ២-៣ លានដុង/ហិកតា/រដូវ បង្កើនប្រាក់ចំណូលពី ៤ ដល់ ៥ លានដុង/ហិកតា/រដូវ បើប្រៀបនឹងការផលិតតាមបែបប្រពៃណី។ ផ្តើមពីនោះ រួមចំណែកបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីជូនប្រជាជននៅជនបទ"៕
លីធាន-វិមាន