ដើម្បីបម្រុងដល់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅជាតិឆ្នាំ ២០២១ សម្រេចបានលទ្ធផលល្អ វិទ្យាល័យនានានៅខេត្តសុកត្រាំងបាននិងកំពុងរំលឹកមេរៀនដល់សិស្សថ្នាក់ទី ១២ ។ ទន្ទឹមនឹងនោះ អនុវត្តម៉ឺងម៉ាត់ការបង្ការប្រឆាំងជំងឺ COVID-១៩ ដើម្បីធានាសម័យប្រឡងមធ្យមសិក្សាចំណេះទូទៅប្រព្រឹត្តឡើងដោយសុវត្ថិភាព និងគុណភាព។
គ្រូបង្រៀនវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ខេត្តសុកត្រាំង
រំលឹកមេរៀនប្រឡងដល់សិស្ស។
ផ្នែកអប់រំខេត្តសំណូមពរដល់សាលារៀននានា គប្បីរំលែកសិស្សក្នុងថ្នាក់ (មិនលើសពី ២០ នាក់) និងប្ដូរវេនគ្នារៀន សំដៅកាត់បន្ថយចំនួនសិស្សដែលមកជុំគ្នានៅសាលា។ រៀបចំការបង្ហាត់បង្រៀនដោយផ្ទាល់ គួបផ្សំនឹងទម្រង់បង្រៀនសមស្របផ្សេងៗទៀត ដើម្បីធានានូវការរំលឹកខ្លឹមសារមេរៀនតាមកម្មវិធីសិក្សាគ្រប់សព្វ ដើម្បីបម្រុងឱ្យបានល្អសម័យប្រឡងផង ដើម្បីអនុវត្តល្អសារ ៥K របស់ក្រសួងសុខាភិបាលផង។ លោកគ្រូថាច់សុង នាយកវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿងសុកត្រាំង ឱ្យដឹង៖ “សាលាបានចែកថ្នាក់ ដើម្បីសិស្សថ្នាក់ ១២ ជាង ២០០ នាក់ រំលឹកមេរៀនប្រឡងរក្សាគម្លាតពីគ្នាត្រូវតាមសេចក្តីកំណត់។ គ្រូនិងសិស្សគ្រប់រូបពេលចូលក្នុងថ្នាក់ ត្រូវអនុវត្តម៉ឺងម៉ាត់សារ ៥K របស់ក្រសួងសុខាភិបាល។ ចំពោះសិស្សអន្តេវាសិក ក្នុងរយៈពេលរំលឹកមេរៀនប្រឡង សាលាបានផ្តល់អនុសាសន៍ដល់អាណាព្យាបាលសិស្សកាត់បន្ថយមកសាលារវាំងកូន និងមិនឱ្យសិស្សចេញផុតខ្លោងទ្វារសាលាជាដាច់ខាត។ ផ្ទះបាយរបស់សាលាក៏បានចែកជាក្រុមៗ ពេលប្អូនៗ មកហូប ក៏ធានាបានសុវត្ថិភាព បង្ការប្រឆាំងជំងឺឆ្លងដល់សិស្ស”។
បច្ចុប្បន្ន នៅវិទ្យាល័យធ្វឹងហ្វា ស្រុកចូវថាញ់ មានសិស្សចំនួន ៣៣០ នាក់ ពេលមកសាលារៀនតែងមានការវាស់កម្ដៅ លាងដៃអាល់កុល ពាក់ម៉ាស់ និងអង្គុយគម្លាតពីគ្នា ត្រូវតាមសេចក្តីកំណត់បង្ការប្រឆាំងជំងឺ COVID -១៩ ។ លោកគ្រូត្រឿងហឺវងៀ នាយករងវិទ្យាល័យធ្វឹងហ្វា ឱ្យដឹង៖ “សាលាបានចង្អុលការដល់ក្រុមការងារផ្នែកជំនាញ កសាងផែនការរំលឹករៀនត្រូវច្បាមតាមកម្មវិធីប្រឡងរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ ទន្ទឹមនឹងនោះ ណែនាំសិស្សធ្វើលំហាត់គំរូវិញ្ញាសាប្រឡងឆ្នាំមុនៗ និងធ្វើលំហាត់វិញ្ញាសាលើកកម្ពស់សំដៅជួយឱ្យប្អូនៗពង្រឹងចំណេះដឹង ត្រៀមលក្ខណៈឱ្យបានល្អបំផុតសម្រាប់សម័យប្រឡងមធ្យមសិក្សាចំណេះទូទៅ។ ទន្ទឹមនឹងនោះ សាលាអនុវត្តយ៉ាងម៉ឺងម៉ាត់ការបង្ការប្រឆាំងជំងឺ COVID-១៩ ដើម្បីធានាសុខភាពជូនដល់គ្រូបង្រៀននិងសិស្ស”។
តាមប្រសាសន៍ លោកគ្រូចូវត្វឹងហុង នាយកមន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្តសុកត្រាំង សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅជាតិ តាមការគ្រោងទុកនឹងប្រព្រឹត្តឡើងក្នុងរយ:ពេល ២ ថ្ងៃ គឺថ្ងៃទី ៧ ទី៨ ខែកក្កដា ឆ្នាំ ២០២១។ ទូទាំងខេត្ត មានមណ្ឌលប្រឡងចំនួន ២១ មានបេក្ខជនចូលរួមសម័យប្រឡងប្រមាណ ៩.៦២៩ នាក់។ ចំពោះមុខស្ថានភាពជំងឺរាលដាលកាន់តែស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ មណ្ឌលប្រឡងក៏បានកសាងវិធានការជាច្រើនតាមកិច្ចចង្អុលការរបស់ក្រសួងអប់រំ និងបណ្ដុះបណ្តាល ដើម្បីធានាសិស្សគ្រប់រូបបានចូលរួមសម័យប្រឡងមធ្យមសិក្សាចំណេះទូទៅជាតិនាពេលខាងមុខ៕
យ្វីអាញ-វិមាន