ស៊ូទ្រាំលំបាកប្រកបការងាររកទទួលទាន និងជ្រើសរើសទម្រង់រកស៊ីសមស្របនឹងលក្ខណៈសេដ្ឋកិច្ចគ្រួសារ ប្ដីប្រពន្ធបងស្រីធីម៉ាញ់ នៅភូមិ ៥ ឃុំសាភៀង ស្រុកឡុងមី ខេត្តហូវយ៉ាង បានចាកផុតពីភាពក្រីក្រ ឈានឡើងធ្វើមាន។
ទម្រង់ចិញ្ចឹមអន្ទង់មិនប្រើភក់របស់គ្រួសារបងស្រីធីម៉ាញ់។
គ្មានដីបង្កបង្កើនផល លុយកាក់បានមកពីការស៊ីឈ្នួល បងស្រីម៉ាញ់ ចាយវាយត្បិតត្បៀតដើម្បីសន្សំសំចៃ។ អាស្រ័យហេតុនោះ ទើបគាត់ទិញបានកូនទា ៥០០ ក្បាលមកចិញ្ចឹម ព្រលែងលើដងព្រែកមុខផ្ទះ និងទិញជ្រូកមេមកចិញ្ចឹម។ រៀងរាល់ថ្ងៃ បន្ទាប់ពីដាក់ចំណីឱ្យទានិងជ្រូកស៊ីរួចរាល់ ពីរនាក់ប្ដីប្រពន្ធគាត់ក៏ទៅធ្វើការឈ្នួលក្នុងភូមិ។ បងស្រីម៉ាញ់ រៀបរាប់៖ "ជីវភាពគ្រួសារខ្ញុំគ្រាន់បើឡើង អាស្រ័យចិញ្ចឹមជ្រូកនិងទា។ កាក់កបនឹងការចិញ្ចឹមទា ប្ដីខ្ញុំគាត់ក៏ចាប់ទារាប់ពាន់ក្បាលចិញ្ចឹមរត់វាល"។ ផ្ដើមពីនោះ ប្ដីគាត់ក៏ចិញ្ចឹមទារត់វាលចល័តពាសពេញនៅតាមខេត្តនានាតំបន់វាលរាបទន្លេគឺវឡុង ចំណែកបងស្រី នៅផ្ទះចិញ្ចឹមជ្រូក។ ពេលជ្រូកកើតកូន បងស្រីក៏លក់កូន។ ចំណែកទាវិញ លក់អស់ល្បាស់នេះក៏ចាប់ចិញ្ចឹមល្បាស់ថ្មីបន្ត។ តាមសម្ដីបងស្រីម៉ាញ់ ចិញ្ចឹមទារត់វាលចំណេញដែរ ប៉ុន្តែនឿយហត់ណាស់ ក្នុងរយៈពេលចិញ្ចឹមទារត់វាល ប្ដីគាត់មិនមានបានមកផ្ទះទេ។ ចិញ្ចឹមទារត់វាលប្រមាណ ១០ ឆ្នាំ គាត់ទិញបានដីស្រែ ១០ កុង ហើយក៏បោះបង់របរចិញ្ចឹមទារត់វាល។ បងស្រីម៉ាញ់ ឱ្យដឹង៖ "សព្វថ្ងៃ គ្រួសារខ្ញុំសង់បានផ្ទះមួយខ្នងតម្លៃជាង ៥០០ លានដុង ម្ល៉ោះហើយខ្ញុំស្ងប់ចិត្តគ្រាន់បើ។ កូនខ្ញុំពីរនាក់មានគ្រួសារ ហើយជីវភាពក៏ធូរធារដែរ។ ប៉ុន្មានខែមុន ខ្ញុំលក់ជ្រូក ៨ ក្បាល បាន ៦០ លានដុង ទុកតែញីមួយក្បាលសម្រាប់ចិញ្ចឹម។ គ្រួសារខ្ញុំកែទ្រុងជ្រូកធ្វើជាកន្លែងចិញ្ចឹមអន្ទង់មិនប្រើភក់ប្រមាណ ៦.០០០ ក្បាល សព្វថ្ងៃអន្ទង់ជិតដល់ពេលប្រមូលផលដែរហើយ។ បច្ចុប្បន្ន អន្ទង់មួយគីឡូក្រាមតម្លៃជាង ២០០.០០០ ដុង ដូច្នេះក្នុងមួយអាង ១.០០០ ក្បាល ក្រោយពីទូទាត់ចំណាយរួចរាល់ ប្រហែលជាចំណេញ ២០ លានដុង។ រៀងរាល់ឆ្នាំ ខ្ញុំចិញ្ចឹមទាពង ៨០០ ក្បាល ព្រលែងលើដងព្រែកមុខផ្ទះ សម្រាប់យកពងលក់ រកប្រាក់ចំណូលបន្ថែម។
តាមប្រសាសន៍ លោកផាងហ្វាងមិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំសាភៀង ឃុំនិងគណៈជនជាតិខេត្ត ធ្វើការពិនិត្យនិងជ្រើសរើសទម្រង់ចិញ្ចឹមសត្វរបស់គ្រួសារបងស្រីធីម៉ាញ់ ធ្វើជាទម្រង់គំរូ និងវិនិយោគទុនដើម្បីធ្វើការអភិវឌ្ឍ។ នេះជាទម្រង់នាំមកនូវប្រសិទ្ធភាព សមស្របនឹងលក្ខណៈសេដ្ឋកិច្ចគ្រួសារក្រីក្រ ភូមិភាគនឹងធ្វើការពង្រីកទម្រង់នេះឱ្យកាន់តែទូលំទូលាយ៕
លីធាន-ពេជ្រសឿន