ដោយឃើញគ្រួសារជាច្រើនដែលមានកូនតូច ហើយជួបលំបាកពេលជូនកូនទៅរៀនឆ្ងាយ ប្ដីប្រពន្ធគ្រូពេទ្យ ផាមវ៉ាន់ទៀង នៅឃុំផុងដុង ស្រុកវិញធ្វឹង ខេត្តគៀងយ៉ាង ឋិតនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនរួមជាតិខ្មែររស់នៅកុះករ ក៏បានបរិច្ចាគដីសាងសង់សាលាមត្តេយ្យ។
អ្នកមីងពុង ប្រពន្ធគ្រូពេទ្យផាមវ៉ាន់ទៀង មកសួរសុខទុក្ខក្មេងៗសាលាមត្តេយ្យដែលប្ដីប្រពន្ធគាត់បរិច្ចាគដីសាងសង់។
សាលាមត្តេយ្យថ្មីចើយ៉ាម ឋិតនៅភូមិថាញ់ដុង (ឃុំផុងដុង ស្រុកវិញធ្វឹង) បានកសាងឡើងយ៉ាងស្អាត ទីធ្លាធំទូលាយ។ ហើយតិចមានអ្នកណាដឹងថា សាលានេះសង់ឡើងលើចំណែកដីដែលបុគ្គលឯកជនបរិច្ចាគនោះឡើយ។
លោកយឿងអុកកឹង លេខាគណៈកម្មាធិការបក្សឃុំផុងដុង ឱ្យដឹង មុននេះសាលាមត្តេយ្យនិងសាលាបឋមសិក្សានៅក្បែរមជ្ឈមណ្ឌលឃុំ។ ប៉ុន្តែទីតាំងនោះ ឋិតនៅលើផ្ទៃដីនៃមណ្ឌលកេរដំណែលប្រវត្តិសាស្រ្ត ហើយត្រូវបានប្ដូរទៅកន្លែងថ្មី ឆ្ងាយពីទីតាំងសាលាចាស់។ ហេតុនេះ អាណាព្យាបាលកុមារមត្តេយ្យ ប្រឈមនឹងការលំបាកច្រើននៅពេលជូនកូនទៅរៀន។ ដោយសង្កេតឃើញស្ថានភាពនេះ ការិយាល័យអប់រំនិងបណ្ដុះបណ្ដាលស្រុក រួមជាមួយនឹងរដ្ឋអំណាចឃុំ បានរកដំណោះស្រាយសង្គមូបនីយកម្មអប់រំ ដោយអំពាវនាវប្រជាជនចូលរួមបរិច្ចាគដីសាងសង់សាលារៀន។ ជ្រាបច្បាស់ពីតម្រូវការដ៏ចាំបាច់នោះ គ្រូពេទ្យផាមវ៉ាន់ទៀង (ដំណាក់សុខាភិបាលឃុំផុងដុង) ក៏ពិគ្រោះជាមួយនឹងគ្រួសារ បរិច្ចាគដីដើម្បីកសាងសាលាមត្តេយ្យនេះ។
ចំណែកដី ៣.០០០ ម៉ែត្រការ៉េនេះ ក្នុងដំណាក់កាលនោះតម្លៃជាង ២ ពាន់លានដុង។ ទោះបីដូច្នោះក៏ដោយ ជាមួយនឹងការត្រិះរិះដោយក្ដីករុណា “គ្រូពេទ្យដូចជាសុភាពមាតា” ប្ដីប្រពន្ធគ្រូពេទ្យ នៅតំបន់ដាច់ស្រយាលមួយនេះ មិនបានគិតគូររឿងលុយកាក់ឡើយ។ ក្រោយរយៈពេលជាងមួយឆ្នាំដំណើរការសាងសង់ ឆ្នាំសិក្សាថ្មី ២០១៩ - ២០២០ មណ្ឌលសាលាមត្តេយ្យចើយ៉ាម បានដាក់ឱ្យប្រើប្រាស់ ដោយទទួលកុមារមត្តេយ្យ អាយុ ៤-៥ ឆ្នាំប្រមាណជាង ៣០ នាក់។
ផ្ទះសំណាក់ ដែលប្ដីប្រពន្ធគ្រូពេទ្យផាមវ៉ាន់ទៀង សាងសង់សម្រាប់អាណាព្យាបាលសិស្សចាំទទួលកូន។
សាលាមត្តេយ្យចើយ៉ាម នៅភូមិថាញ់ដុង ក៏ទទួលកុមារដែលនៅជាប់ព្រំប្រទល់របស់ខេត្តបាកលីវ។ បងស្រីង្វៀងធីអឹង នៅភូមិប៊ិញឡុក (ឃុំវិញឡុក A ស្រុកហុងយ៉ឹង ខេត្តបាកលីវ) ឱ្យដឹង មុននេះក្បែរផ្ទះគាត់ក៏មានសាលាមត្តេយ្យដែរ ប៉ុន្តែរយៈពេល ២ ឆ្នាំមុន សាលានេះបានប្ដូរទីតាំងថ្មី ឆ្ងាយពីផ្ទះគាត់ប្រមាណជិត ១០ គីឡូម៉ែត្រ ដូច្នេះបងស្រីក៏ផ្ញើកូនរៀននៅសាលាមត្តេយ្យចើយ៉ាមតែម្ដង។ សាលានេះ មិនទាន់អនុវត្តឱ្យក្មេងស្នាក់នៅពេលថ្ងៃ ទើបអាណាព្យាបាលត្រូវជូនកូនទៅមក។ ផ្ទះបងស្រីអឹង ចម្ងាយពីសាលាមត្តេយ្យចើយ៉ាមប្រមាណ ៤ គីឡូម៉ែត្រ ម្ល៉ោះហើយ មានការលំបាកពេលជូនកូនចុះឡើងម្ដងៗ។ ហេតុនេះ បងស្រីជូនកូនទៅសាលាពេលព្រឹក ហើយសុំស្នាក់ក្នុងសាលា ចាំកូនរៀនចប់ទទួលមកផ្ទះតែម្ដង។ បងស្រីង្វៀងធីវិត នៅក្បែរផ្ទះបងអឹង និងអាណាព្យាបាលសិស្សមួយចំនួនក៏មានស្ថានភាពដូច្នេះដែរ។
ដោយមិនអស់ចិត្តពេលឃើញអាណាព្យាបាលសិស្ស អង្គុយចាំទទួលកូនខាងក្រៅក្រោមកម្ដៅថ្ងៃ ប្ដីប្រពន្ធគ្រូពេទ្យទៀង ក៏បានឧបត្ថម្ភប្រាក់ ៦០ លានដុងសម្រាប់សង់ផ្ទះសំណាក់មួយខ្នង ក្នុងបរិវេណសាលា។ ប្ដីប្រពន្ធគាត់រំភើបចិត្តជាមួយនឹងភាពសប្បាយរីករាយរបស់អាណាព្យាបាលសិស្សមានស្ថានភាពលំបាក ឥឡូវពួកគេមានកន្លែងសម្រាកស្រួលបួលដើម្បីចាំទទួលកូន។
តាមប្រសាសន៍លោកឡេវ៉ាន់យ៉ិន អនុប្រធានគណៈឃោសនាអប់រំស្រុកវិញធ្វឹង គំរូបរិច្ចាគដីសាងសង់សាលារៀនមត្តេយ្យ និងសង់ផ្ទះសំណាក់សម្រាប់អាណាព្យាបាលសិស្សចាំទទួល កូនរបស់ប្ដីប្រពន្ធគ្រូពេទ្យផាមវ៉ាន់ទៀង ពិតជាពិសេសខ្លាំងណាស់៕
ឡេស៊ាង-ពេជ្រសឿន