អ្នកគ្រូថាច់ធីសារ៉ាហ្វី នាយិកាសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្តត្រាវិញ ឱ្យដឹង៖ “ប្អូនថាច់សាងជាសិស្សថ្នាក់ទី ១២D ទោះជាស្ថានភាពគ្រួសារលំបាកក៏ពិតមែន ប៉ុន្តែប្អូនតែងមានឆន្ទៈខិតខំឈានឡើងក្នុងការរៀនសូត្រ។ល។ ប្អូនជាសិស្សគំរូម្នាក់ ឆ្លងកាត់លំបាក រៀនពូកែរបស់សាលា”។
ប្អូនថាច់សាង ជាសិស្សក្រីក្រឆ្លងកាត់លំបាក រៀនពូកែ។
ប្អូនថាច់សាង កើតនិងធំដឹងក្តីក្នុងគ្រួសារក្រីក្រមួយនៅភូមិអំពាំងសាន្ត ឃុំត្រឿង-ថ ស្រុកកូវង៉ាង។ គ្រួសារគ្មានដីបង្កបង្កើនផល ឪពុកម្តាយទៅធ្វើការឈ្នួលនៅឯក្រុងហូជីមិញ ដើម្បីរកប្រាក់ចិញ្ចឹមកូនរៀនសូត្រ។ ទោះជាជីវភាពលំបាក ប៉ុន្តែឪពុកម្តាយប្អូនសាង តែងបង្កលក្ខណៈឱ្យកូនទាំង ៤ នាក់បានទៅរៀន។ ដោយយល់បាននូវទឹកចិត្តរបស់ឪពុកម្ដាយ ប្អូនសាងតែងយកចិត្តទុកដាក់ខិតខំរៀនសូត្រ។ មិនត្រឹមតែដូច្នោះ ឱ្យតែដល់រដូវវិស្សមកាលម្តងៗ ប្អូនសាងទៅក្រុងហូជីមិញធ្វើជាងកំបោរ និងជួយលក់អាហារនៅតាមហាងបាយ ដើម្បីរកប្រាក់ជួយឪពុកម្ដាយដោះស្រាយជីវភាព។ ប្អូនសាង សំណេះសំណាល៖ “ពីមុនរាល់កិច្ចការក្នុងផ្ទះ គឺមានឪពុកម្តាយគិតគូរ។ ចំណែកឥឡូវ អ្នកមានគុណទៅធ្វើឆ្ងាយ បងប្អូនខ្ញុំទាំង ៤ នាក់នៅជាមួយមីង ម្ល៉ោះហើយប្អូនៗភ្ញាក់រលឹកដោយខ្លួនឯង ដើម្បីឪពុកម្ដាយបានស្ងប់ចិត្ត”។
ប្អូនសាង (អង្គុយតុមុខខាងស្តាំដៃ)។
ប្អូនសាង ស្នាក់នៅអន្តេវាសិកដ្ឋាន ដល់ចុងសប្តាហ៍ទើបត្រឡប់ទៅផ្ទះ ដើម្បីជំនួសឪពុកម្តាយគិតគូរថែទាំប្អូនៗ។ ថ្វីត្បិតតែមានការលំបាក នឿយហត់ក៏ពិតមែន ប៉ុន្តែដោយបានការលើកទឹកចិត្ត និងការឧបត្ថម្ភរបស់លោកគ្រូអ្នកគ្រូ និងមិត្តភ័ក្តិ ម្ល៉ោះហើយ ប្អូនសាង តែងខិតខំសិក្សារៀនសូត្រ ដើម្បីមិនឱ្យឪពុកម្ដាយ លោកគ្រូអ្នកគ្រូ និងមិត្តរួមថ្នាក់អស់សង្ឃឹម។ ចែករំលែកវិធីសាស្រ្តរៀនសូត្ររបស់ខ្លួន ប្អូនថាច់សាង ឱ្យដឹង៖ “ពីព្រោះប្អូនគ្មានលក្ខណៈទិញសៀវភៅបំប៉នចំណេះដឹង និងភ្ជាប់បណ្ដាញអិនធើណិតដើម្បីស្រាវជ្រាវរៀនសូត្របន្ថែម ហេតុនោះប្អូនតែងទៅស្វែងរកឯកសារ សៀវភៅពុម្ពនៅក្នុងបណ្ណាល័យរបស់សាលា។ ពិសេស គឺចំណេះដឹងដែលលោកគ្រូអ្នកគ្រូបានពន្យល់នៅក្នុងថ្នាក់ ប្អូនខិតខំព្យាយាម ចាប់យកភ្លាម ហើយបញ្ហាណានៅងឿងឆ្ងល់ មិនទាន់យល់ ប្អូនសាកសួរលោកគ្រូអ្នកគ្រូឡើងវិញ”។ អាស្រ័យវិធីសាស្រ្តរៀនសូត្រ ដូច្នេះ ទើបក្នុងអំឡុង ៣ ឆ្នាំសិក្សាបន្តបន្ទាប់ ប្អូនថាច់សាង តែងសម្រេចបានកិត្តិនាមសិស្សរៀនគ្រាន់បើ និងពូកែជានិច្ច៕
សើុងម៉ាល័យ-វិមាន