តាមការសិក្សាស្រាវជ្រាវទើបប្រកាសថ្មីៗរបស់សាកលវិទ្យាល័យ Boston (អាមេរិក) ការផឹកទឹកផ្លែឈើសុទ្ធសាធ១០០% ក្នុងប៉ុន្មានឆ្នាំដំបូងរបស់កុមារ អាចជួយឱ្យកុមារមានទម្លាប់ហូបចុកបានល្អពេលឈានចូលវ័យជំទង់។
ការផឹកទឹកផ្លែឈើ មិនធ្វើឱ្យកុមារមានហានិភ័យលើសទម្ងន់។
ក្រុមអ្នកឯកទេសសង្កេតឃើញថា កុមារដែលផឹកទឹកផ្លែឈើសុទ្ធសាធជិតកន្លះកែវរៀងរាល់ថ្ងៃ ស្ថិតក្នុងអាយុមត្តេយ្យចាប់ពី៣-៦ឆ្នាំ ប្រៀបនឹងកុមារដែលផឹកទឹកផ្លែឈើសុទ្ធសាធ១កែវកន្លះរៀងរាល់ថ្ងៃ ក្នុងដំណាក់កាលដូចគ្នា ឃើញថាកុមារដែលផឹកទឹកផ្លែឈើសុទ្ធសាធ ១កែវកន្លះ មាននិន្នាការហូបចុកបានល្អជាងនៅវ័យជំទង់ អាយុចាប់ពី ១៤-១៧ឆ្នាំ។ ពិសេសផ្ទុយពីការស្រាវជ្រាវមុននោះ ការស្រាវជ្រាវថ្មីបានរកឃើញ បើផឹកបន្ថែមទឹកផ្លែឈើសុទ្ធសាធដែលផ្ទុកជាតិស្ករធម្មជាតិខ្ពស់ មិនបង្កើនហានិភ័យលើសទម្ងន់ចំពោះកុមារ។ ពីព្រោះឆ្លងតាមរយៈការតាមដាន១០ឆ្នាំកន្លង ក្រុមអ្នកឯកទេសបានកត់សម្គាល់បរិមាណនៃការទទួលទានទឹកផ្លែឈើសុទ្ធសាធក្នុងកម្រិតធម្មតា(ពី១-២កែវក្នុងមួយថ្ងៃ) របស់កុមារ មិនទាក់ទងដល់ការកើនទម្ងន់ហួសកម្រិតនៅវ័យកុមារភាព។
បណ្ឌិត Lynn L. Moore ប្រធានក្រុមសិក្សាស្រាវជ្រាវ បានគូសបញ្ជាក់ពីការទទួលទានផ្លែឈើ ជាពិសេសគឺទឹកផ្លែឈើសុទ្ធសាធតាំងពីតូច នឹងមានផលប្រយោជន៍ច្រើនដល់សុខភាពជាយូរអង្វែង រួមទាំងជំរុញគុណភាពអាហារូបត្ថម្ភ និងទទួលទានផ្លែឈើស្រស់ច្រើន។ ផ្ទុយមកវិញ ប្រសិនបើមិនផឹកទឹកផ្លែឈើក្នុងប៉ុន្មានឆ្នាំដំបូង អាចប៉ះពាល់ដល់ការហូបចុករបស់កុមារនៅពេលអនាគត៕
ហឿងថាវ (យោង៖ Indian Express, Daily Mail)- វិមាន